ក្រុមហ៊ុន Apple នឹង​ដាក់ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវការ​នូវ​ប្រព័ន្ធប្រតិបត្តិ iOS 8.4 នៅវេលាម៉ោង ៨ព្រឹក ថ្ងៃ​ទី ៣០​មិថុនា​ឆ្នាំ ២០១៥ ម៉ោង​នៅអាមេរិក (ម៉ោង ២២យប់នៅកម្ពុជា)។

/

ថ្មីៗនេះ លោក Lan Rogers អគ្គនាយក Apple Music​ បាន​ប្រកាស​ជា​ផ្លូវការ​អំពីពេលវេលា​ជាក់លាក់ក្នុងការឧទ្ទេសនាមផលិត​ផល​ថ្មី​របស់ Apple ។ សេចក្ដីប្រកាស​ឱ្យ​ដឹង​ថា iOS 8.4 នឹងត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​នៅវេលាម៉ោង ៨ព្រឹក ថ្ងៃ​ទី ៣០​មិថុនា​ឆ្នាំ ២០១៥ ម៉ោង​នៅអាមេរិក ដែលត្រូវនឹងម៉ោង ២២យប់ នៃថ្ងៃទី ៣០មិថុនា នៅកម្ពុជា)។ ដើម្បីដឹងច្បាស់អំពីពេលវេលាជាក់លាក់ក្នុងតំបន់និមួយៗលើពិភពលោក សូមមើល​រូប​ភាពខាងក្រោម ៖

/

ទន្ទឹមនឹងនេះ Beats 1 ដែលជាសេវាកម្ម​វិទ្យុ ២៤/៧ របស់ក្រុមហ៊ុន Apple ក៏នឹងត្រូវ​បានដាក់ឱ្យ​ប្រើប្រាស់​ បន្ទាប់​ពី Apple Music ដំណើរការ​បាន ១ម៉ោង។ ដោយគ្រាន់តែមានគណនី Apple អតិថិជននឹងអាច​ប្រើប្រាស់​ដោយឥតគិតថ្លៃនូវ​កម្មវិធី Beats 1។ កម្មវិធី Apple Music ក៏នឹងត្រូវ​បាន​ដាក់​ឱ្យប្រើប្រាស់​ដោយ​មិនគិតថ្លៃរយៈពេល ៣ខែដំបូង ដើម្បីប្រើ​សាក​ល្បង ក្រោយមក Apple នឹង​ចាប់ផ្ដើមតម្រូវ​ឱ្យ​បង់ប្រាក់ ៩,៩៩​ដុល្លារ/ខែ/ម្នាក់ និង ១៥ដុល្លារ/ខែ សម្រាប់កញ្ចប់គ្រួសារដែលមាន​សមាជិក ៦រូប។ អ្នក​ប្រើប្រាស់​សេវាកម្មនេះនឹងអាច​រីករាយជាមួយ​ចម្រៀងចំនួនជាង ៣០លានបទ។

/

សេចក្ដីប្រកាស​ក៏​បាន​បង្ហើបឱ្យដឹង​ដែរថា​ កំណែ Apple Music នៅលើ iOS, Mac OS X និង Windows នឹងត្រូវ​បានដាក់​ឱ្យ​ប្រើប្រាស់​នាពេលដ៏ខ្លីខាងមុខ ខណៈដែល Apple TV និង Android នឹង​បង្ហាញ​ខ្លួនក្រោយគេ នៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ។ តាមគម្រោង ប្រព័ន្ធប្រតិបត្តិ iOS 9 នឹង​បង្ហាញខ្លួននៅក្នុងពេលជាមួយគ្នានេះដែរ ប្រការនេះនឹងជួយបង្កើនចំនួនបទចម្រៀងក្នុង iTunes Match ដែលបង្ហាញខ្លួននៅលើ Apple Music ឡើងដល់ ១០០.០០០បទ (បច្ចុប្បន្ន មានត្រឹមតែ ២៥.០០០​បទប៉ុណ្ណោះ)៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ gsmarena/9to5mac