ភ្នំពេញ៖ បុរសម្នាក់ បានស្លាប់បាត់បង់ជីវិតនៅនឹង កន្លែងភ្លាមៗ ខណៈដែលបុរសរូប ដើរឆ្លងថ្នល់ ហើយត្រូវ រថយន្តកុងតឺន័រ របស់ក្រុមហ៊ុន ផែស្ងួត សុកន បុកមួយទំហឹង នៅលើ កំណាត់ផ្លូវជាតិលេខ១ មុខវត្តវាលស្បូវ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌមានជ័យ កាលពីវេលាម៉ោង
១៩និង៤០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ បណ្តាលឲ្យបុរសរូបនោះ ស្លាប់ភ្លាមមួយរំពេច ហើយរថយន្តបានព្យាយាមបើករត់គេចខ្លួនបានប្រមាណជាងកន្លះគីឡូម៉ែត្រក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំងរថយន្តនិង អ្នកបើកបរតែម្តង។
សូមបញ្ជាក់ថា បុរសដែលស្លាប់បាត់បង់ជីវិត ខាងលើនេះ ឈ្មោះ ជា រី អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិស្វាយតាអុក ក្នុងសង្កាត់វាលស្បូវខណ្ឌមានជ័យ។ ដោយឡែកអ្នកបើកបររថយន្តបង្កនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
យោងតាមសាក្សី ដែលបាន ឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា ដំបូងឡើយរថយន្តកុងតឺន័រ របស់ក្រុមហ៊ុនផែស្ងួត សុកន បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ១ ក្នុងទិស ដៅពីកើតទៅលិច ដោយបានបោះពួយយ៉ាងលឿន បណ្តាលឲ្យជ្រុលទៅបុកបុរស ឈ្មោះ ជា រី ស្លាប់ភ្លាមមួយរំពេចនៅនឹងកន្លែងកើតហេតុ។ ភ្លាមៗនោះរថយន្តបង្កបានព្យាយាមបើករត់គេចខ្លួន តែបានប្រមាណតែ៥០០ម៉ែត្រតែប៉ុណ្ណោះ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានទាំងរថយន្តនិងអ្នកបើកបរតែម្តង។
បន្ទាប់ពីកើតហេតុ សាកសពរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារឲ្យមកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត បង្កសមត្ថកិច្ចជំនាញ បានចុះមកវាស់វែង អូសយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕




ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល