ភ្នំពេញ៖ យុវជនម្នាក់ជាបង ត្រូវស្លាប់បាត់បង់ជីវិតនៅកន្លែង យ៉ាងអាណោចអាធ័ម ចំណែកប្អូនរបួសធ្ងន់ ព្រម ទាំងភាគីរងគ្រោះម្នាក់ ក៏រងរបួសធ្ងន់ធ្ងរដែរ  ដោយសារពួកគេជិះម៉ូតូចំនួន ២គ្រឿង ក្នុងល្បឿនលឿនជ្រុល បុកគ្នាយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១១ និង ៣០នាទីយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ នៅតាមផ្លូវព្រះមុនីរ៉េត ច្រកចូលប៉ុស្តិ៍នគរបាលសង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍  ពីកន្លែងកើតហេតុ  បានឲ្យដឹងថា ម៉ូតូ ២គ្រឿងបុកគ្នាខាងលើ នេះ មួយគ្រឿងម៉ាកវីវ៉ា  ពណ៌ ខ្មៅ  ពាក់ស្លាកលេខ  ភ្នំពេញ 1AJ-0684 ជិះគ្នា  ២នាក់  ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីរ៉េត  ក្នុងទិសដៅពី  កើតទៅលិច យ៉ាងលឿន  មកដល់ចំណុវកើតហេតុ បានបើកប្រជែង  រថយន្តមួយគ្រឿង មិនស្គាល់ម៉ាក ទើប បណ្តាលឲ្យ ជ្រុលចង្កូតទៅបុក ជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X-0360 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលឲ្យបុរសម្នាក់ ជាអ្នកបើកម៉ូតូវីវ៉ាស្លាប់បាត់បង់ជីវិតនៅ នឹងកន្លែងកើតហេតុ និងម្នាក់ទៀត ជិះពីក្រោយត្រូវរងរបួសធ្ងន់ធ្ងរ ។ ចំណែកម្ចាស់ម៉ូតូសេ ១២៥ ក៏ត្រូវរងរបួសធ្ងន់ធ្ងរផងដែរ ឬឯម៉ូតូទាំង ២ គ្រឿង ត្រូវរងការខូចខាត។    

នាយនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យ លោក ម៉ៅ សាវឿន បានឲ្យដឹងថា បុរសស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរនេះមានឈ្មោះ ប្រាក់ វណ្ណី ភេទប្រុស អាយុ ២៣ឆ្នាំ ជាអ្នកបើកម៉ូតូ ស្លាប់នៅនឹងកន្លែង និងអ្នក ជិះពីក្រោយ ដែលរងរបួស ធ្ងន់ ឈ្មោះ ប្រាក់ វណ្ណា ភេទប្រុស អាយុ ២១ ឆ្នាំ ហើយទាំងពីរនាក់ជាបងប្អូនបង្កើតមានទីលំនៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំងស្រុកពាមរ ខេត្តព្រៃវែង ។ ដោយឡែក ម្ចាស់ម៉ូតូសេ១២៥ មិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ។

សមត្ថកិច្ចបញ្ជាក់ថា  សពត្រូវប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសត្រូវ រថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ម៉ូតូទាំង ២ គ្រឿង ត្រូវនគរបាលវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក  រាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ ៕

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល