អ្នកជំនាញការផ្នែកយោធាអាមេរិក បានប្រកាសថា ក្រុមភេរវជននៃរដ្ឋអ៊ីស្លាម (IS) អាចកំពុងតែពិចារណាទៅលើការប្រើមេរោគ Ebola ធ្វើជាអាវុធអត្តឃាត ដើម្បីប្រឆាំងក្រុមបច្ចឹមប្រទេស។

បច្ចុប្បន្ន Ebola កំពុងតែរាតត្បាត ដោយឆ្លងទៅអ្នកដទៃដែលបានប៉ះបាល់អ្នកជម្ងឺ ហើយវាក៏មិនមានអ្វីលំបាក នៅពេលក្រុមសកម្មប្រយុទ្ធ IS ចង់ឆ្លងមេរោគនេះមកខ្លួន រួចធ្វើដំណើរ ទៅបណ្ដាប្រទេសដែលពួកគេចាត់ទុកថាជាសត្រូវ ដើម្បីចម្លងវាទៅកាន់ពលរដ្ឋនានា។
កាពីតែន Al Shimkus ដែលជាសាស្ដ្រាចារ្យផ្នែកសន្តិសុខជាតិ នៅសកលវិទ្យាល័យសង្គ្រាមនៃកងទ័ពជើងទឹកអាមេរិក ប្រកាសថា បញ្ហាចម្លងមេរោគខាងលើនេះ អាចនឹងកើតឡើងនៅទូទាំងសកលលោក។ ទស្សនាវដ្ដី Forbes ដកស្រង់សម្ដីរបស់ កាពីតែន Al Shimkus ៖ “មនុស្សម្នាក់ដែលបានឆ្លង វីរូស Ebola នឹងក្លាយជាមនុស្សមានជម្ងឺនេះ។ នៅក្នុងសកម្មភាពភេរវកម្មដូចសព្វថ្ងៃ គឺវាមិនមានអ្វីជាប្រការស្មុគស្មាញ ដើម្បីឈានទៅដល់ជំហានបន្ទាប់ នោះគឺការប្រើប្រាស់អ្នកមានផ្ទុកមេរោគ Ebola ដើម្បីដើរចម្លងអ្នកដទៃ”។

ការកើត និងការឆ្លងរបស់មេរោគ Ebola
សាស្ដ្រាចារ្យ Anthony Glees អគ្គនាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវសន្តិសុខ និងស៊ើបការណ៍របស់សកលវិទ្យាល័យ Buckingham នៃប្រទេសអង់គ្លេស ក៏យល់ស្របទៅនឹងការយល់ឃើញខាងលើ។ សាស្ដ្រាចារ្យ Anthony Glees ថ្លែងថា ៖ “នេះគឺជាទ្រីស្ដីដ៏សមហេតុផលមួយ។ ក្រុមសកម្មប្រយុទ្ធ IS តែងជឿជាក់ទៅលើការធ្វើអត្តឃាត ពួកគេនឹងចម្លងមេរោគនេះ មកខ្លួន ហើយប្រើប្រាស់វាដូចជាអាវុធ។ នេះគឺជាវិធីមួយដែលមានសង្ឃឹម សម្រាប់បេសកកម្មធ្វើអត្តឃាត។ ពួកវាមានភាពឃោរឃៅគ្រប់គ្រាន់ និងក្ដាប់បានព័ត៌មាន ដើម្បីពិចារណាទៅលើការប្រើប្រាស់វិធីនេះ”។

មេរោគ Ebola កំពុងតែរាតត្បាតយ៉ាងខ្លាំងក្លា នៅបណ្ដាប្រទេសអាហ្វ្រិកខាងលិច
ក៏ប៉ុន្ដែ Jennifer Cole ប្រធានគណកម្មការស្រាវជ្រាវជាន់ខ្ពស់នៃទីភ្នាក់ងារប្រឹក្សាឯករាជអំពីបញ្ហាសន្ដិសុខ ការពារជាតិ និងអន្តរជាតិ RUSI របស់អង់គ្លេស សង្កត់ធ្ងន់ថា បច្ចុប្បន្ន មិនមែនជាវេលាល្អបំផុត សម្រាប់ដំណាក់កាលធ្វើភេរវកម្មជាយុទ្ធសាស្ដ្រខាងលើនោះទេ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ express