ប្លែកៗ ៖ យោងតាមប្រភពសារព័ត៌មានបរទេស ដែលបានចេញផ្សាយនាពេលកន្លងទៅ បានអោយដឹងថា ថ្មីៗនេះ Facebook បានបញ្ជាក់អោយដឹងថា លោកយាយ Florence Detlor អាយុ ១០១ ឆ្នាំ ជាស្រ្តីមានវ័យចំណាស់ជាងគេ ក្នុងចំណោមមនុស្ស ៩៥៥ លាននាក់ ដែលប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមួយនេះ។

មិនត្រឹមតែជាអ្នកប្រើប្រាស់ FB មានវ័យចាស់ជាងគេនោះទេ លោកយាយក៏បានជាប់ឈ្មោះជាស្រ្តីចាស់បំផុត ដែលបានចូលទៅលេងការិយាល័យកណ្ដាល FB ហើយជួបសំណេះសំណាលជាមួយ Sheryl Sandberg (COO ក្រុមហ៊ុន FB ) និង ស្ថាបនិក FB គឺលោក Mark Zuckerberg ផងដែរ។

ជារៀងរាល់ថ្ងៃ មានមនុស្សជាង ៩៥៥ លាននាក់ កំពុងតែប្រើប្រាស់លើបណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook ។ អ្នកប្រើប្រាស់ FB ទាំងអស់មិនមែនសុទ្ធតែជាយុវវ័យនោះទេ ក្នុងចំណោម ៩៥៥ លាននាក់នេះ ក៏មានស្រ្ដីមានអាយុលើសពី ៥៥ ផងដែរ យោងទៅតាមក្រាហ្វិកនៃចំនួនអ្នកប្រើប្រាស់ FB កាលពី ២ ឆ្នាំមុន។
មកដល់ពេលនេះ លោកយាយ Florence បានជាប់ឈ្មោះក្នុងបញ្ជី អ្នកប្រើប្រាស់ FB ដែលចាស់ជាងគេបំផុត លើបណ្ដាញទំនាក់ទំនងសង្គមយក្សនេះ ។ លើសពីនេះទៅទៀត បើយោងតាម Facebook Profile របស់លោកយាយ Florence ក៏បានបញ្ជាក់ផងដែរថា លោកយាយបានបញ្ចប់ការសិក្សានៅឆ្នាំ ១៩៣២ ហើយលោកយាយរស់នៅ Menlo Park ប្រទេសអាមេរិកហើយក៏ជាកន្លែងគាប់ជួនមួយដែល FB បានចាប់យកទីតាំង Menlo Park ជាការិយាល័យកណ្ដាលរបស់ខ្លួនផងដែរ។ គិតមកដល់ត្រឹមខែ សីហា ឆ្នាំនេះ លោកយាយ Florence បានចុះឈ្មោះប្រើប្រាស់ FB អស់រយៈពេល ៣ ឆ្នាំមកហើយ ៕
ដោយ ៖ ពិសីប្រភព ៖ Dailymail