ភ្នំពេញ៖ ចូលខ្លួនប្រឡូកក្នុង វិស័យសិល្បៈរយៈពេល ប្រមាណជា២ឆ្នាំមកនេះ តារាសម្តែងស្រីកញ្ញា ណាក់ ស្រីណា សម្រេចបានស្នាដៃ យ៉ាងសម្បើម បន្ទាប់ពីនាងត្រូវបានចូល កាន់តំណែងជាពិធីការិនី របស់បណ្តាញស្ថានីយទូរទ្សន៍ អាស៊ី អាគ្នេយ៍ នោះមក។ ក្រៅពីការគ្រងតំណែង ជាពិធីការិនី និង ថតស្ប៉តពាណិជ្ជកម្ម ឲ្យបណ្តាក្រុមហ៊ុននានា បច្ចុប្បន្ននេះស្រីស្រស់រាងតូចច្រឡឹង ណាក់ ស្រីណា កំពុងតែមានឱកាស បានគ្រងតំណែងជាតួឯក ក្នុងខ្សែភាពយន្ត ពីរផ្សេងគ្នា ដែលកំពុងតែ ដំណើរការថត ។
ជួបសំណេះសំណាល តាមទូរស័ព្ទជាមួយ គេហទំព័រ Looking TODAY កាលពីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣នេះ តារាសម្តែង និង ជាពិធីការិនី ណាក់ ស្រីណា បានប្រាប់ឲ្យដឹងថា រាល់ថ្ងៃនេះនាងមាន ការរវល់ខ្លាំងគួរសមចំពោះ ការសម្តែងជាខ្សែភាពយន្ត និង ការថតស្ប៉តពាណិជ្ជកម្ម ។ ជាងនេះទៅទៀតនោះ នាងក៏កំពុងតែជាប់ មមាញឹកក្នុងការថតរឿង ចំនួនពីរផ្សេងគ្នា ដោយគេតម្រូវឲ្យ នាងធ្វើជាតួឯកទាំងពីររឿង ។
តារាសម្តែងវ័យ២២ឆ្នាំ ណាក់ ស្រីណា បានបន្តទៀតថា ខ្សែរឿងទាំងពីរខាងលើ ដែលបានទទួលចុះកុងត្រា ហើយកំពុងតែ ដំណើរការថយ សព្វថ្ងៃនេះ គឺរឿងទីមួយ មានចំណងជើងថា ជីវិតលើវិថីសិល្បៈ រឿងនេះចាប់ផ្តើមថតបានចំនួន ៨០ភាគរយហើយ ។ ក្រោយពីបញ្ចប់ការថត នឹងមានចាក់បបញ្ចាំង នៅលើស្ថានីយ ទូរស្សន៍ប៉ុស្តិ៍ អាស៊ី អាគ្នេយ៍។ ចំណែកឯរឿងទី២ គឺមានចំណងជើងថា កំពូលសិស្ស ដែលទើបតែ ដំណើរការថត បានរយៈពេល មួយសប្តាហ៍ប៉ុណ្ណោះ។
ណាក់ ស្រីណា បានឲ្យដឹងទៀតថា រឿង កំពូលសិស្ស ដែលទើបតែចាប់ផ្តើមថតនេះ គ្រោងនឹងបញ្ចប់ការថត ប្រហែលជា១០ថ្ងៃ ខាងមុខទៀត ដោយសារតែរឿងនេះ ជាប្រភេទរឿងដុំ ។ រឿងនេះនិងមាន ចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត ចំនួនពីរក្នុងរាជធានីភ្នំពេញ។ តារាម្តែង និង ជាពិធីការិនីវ័យ ក្មេងរូបនេះ បានបន្ថែមថា នេះជាលើដំបូង សម្រាប់នាង ដែលបានបញ្ចេញ សមត្ថភាពតាមរយៈ ការចូលសម្តែង ខ្សែភាពយន្ត ហើយបានគ្រងដំណែង ជាតួឯកទាំងពីររឿង ក្នុងពេលតែមួយ។ នាងបានដាក់ក្តីសង្ឃឹមថា តាមរយៈខ្សែភាពយន្តទាំងពីរខាងលើនេះ នាងនឹង ទទួលបានការគាំទ្រពី ទស្សនិកជនបានមួយ កម្រិតទៀត បន្ទាប់ពីអាជីពជាពិធីការិនី បានជោគជ័យហើយនោះ។
តារាសម្តែងដែលមាន ស្នាមញញឹមស្រស់ ណាក់ ស្រីណា បានឈានជើងចូល ប្រឡូកក្នុង វិស័យសិល្បៈ ក្នុងឆ្នាំ ២០១០ បន្ទាប់ពីប្រឡងជាប់ ចំណាត់ថ្នាក់លេខ១ ផ្នែកពិធីករ ពិធីការិនី ក្នុងកម្មវិធី ពេជ្រកំពុងច្នៃរបស់ស្ថានីយ ទូរទស្សន៍អាស៊ីអាគ្នេយ៍។ ក្រៅពីអាជីពសិល្បៈ នាងក៏ជានិស្សិតឆ្នាំទី៤ ផ្នែកធនាគារ និង ហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ មួយផងដែរ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល