ភ្នំពេញ : ប្រជានេសាទ រស់នៅឃុំអរិយ៍ក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ប្រទះឃើញត្រីផ្សោតមួយ ក្បាល អណ្តែត លើផ្ទៃទឹកទន្លេមេគង្គលើ កាលវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៣នេះ បង្កឲ្យ មានការភ្ញាក់ផ្អើល ដល់មន្រ្តីជលផលខេត្តផងដែរ ។
លោក ពេជ្រ កុសល ប្រធានផ្នែកអធិការកិច្ច នៃអធិការដ្ឋាន ជលផលចតុមុខ ដែលចុះទៅពិនិត្យបានឲ្យ ដឹងថាត្រីផ្សោតនេះអាចទើបងាប់ថ្មីៗ ព្រោះមិនទាន់ហើមស្អុយនៅឡើយ។ លោកបន្តថា ត្រីផ្សោតនេះ មានទម្ងន់ ២១៥គីឡូក្រាម ប្រវែង ២,៣៥ម៉ែត្រ ទំហំទទឹងខ្លួន ១,១៤ម៉ែត្រ ។ លោកបញ្ជាក់ថា នៅមិនទាន់ដឹងច្បាស់ថា តើត្រីផ្សោតនេះ ងាប់ដោយសារអ្វីនោះទេ ប៉ុន្តែខ្លួនមានឃើញស្នាមរបួស គឺរង់ចាំយកទៅ ពិនិត្យនៅមន្ទីរពិសោធន៍សិន ទើបអាចដឹងការពិត ។
លោកប្រធានក្រុមអធិការកិច្ចបន្តថា ត្រីផ្សោតមួយក្បាលដែលងាប់នេះ ប្រភេទត្រីផ្សោតឈ្មោល ហើយវាក៏ប្រភេទសត្វជិតផុតពូជផងដែរ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់អ្នកនេសាទ ក៏ដូចជាប្រជា ពលរដ្ឋចូលរួមថែរក្សា អភិរក្សទាំងអស់ មិនថា តែប្រភេទត្រីផ្សោតនេះទេ ត្រីរាជ ត្រីគល់រាំង បើសិន នេសាទបាន គួរព្រលែងចូលទឹកទន្លេវិញផង ដើម្បីជួយការពារ និងអភិរក្ស ព្រោះជាមច្ឆជាតិ ដ៏កម្រក្នុង លោក ៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល