មួយផ្នែកធំនៃអ្នកមានរបស់សាធារណរដ្ឋប្រជាធិបតេយ្យកូរ៉េ នៅតែមានជីវិតរស់នៅដោយការសប្បាយរីករាយ ដោយមានស្រាបៀរ កាហ្វេ ភីហ្សា និងមានឱកាសចូលរួមមហោស្របភាពយន្ដអន្ដរជាតិផងដែរ នេះបើតាមទំព័រសារព័ត៌មាន Global Post របស់អាមេរិក។Global Post ដកស្រង់សំដីរបស់ក្រុមបុគ្គលិកផ្ដល់ជំនួយ អ្នកជំនួញ និងក្រុមអ្នកការបរទេស បានឱ្យដឹងថា ពុំមែនប្រជាពលរដ្ឋកូរ៉េខាងជើងទាំងអស់ សុទ្ធតែអាចចេញចូលក្រុង ព្យុងយ៉ាងដោយសេរីដូចគ្នានោះទេ ការចេញចូលរដ្ឋធានីមួយនេះ ត្រូវបានរដ្ឋាភិបាលរឹតបន្ដឹងយ៉ាងខ្លាំង។ប្រភពពី Global Post ក៏បានឱ្យដឹងថា អ្នកដែលស្ថិតក្នុងគ្រួសាររបស់មន្ដ្រីរដ្ឋការនៅកូរ៉េខាងជើង ឬគេហៅថា “មនុស្សលំដាប់សំខាន់” ទទួលបានជីវភាពរស់នៅល្អប្រសើរ និងមានអទិភាព ជាងពលរដ្ឋសាមញ្ញ។ខាងក្រោមនេះគឺជាបណ្ដាផលប្រយោជន៍ដែលក្រុមអ្នកមាននៅកូរ៉េខាងជើង ទទួលបាន៖១/ ស្រាបៀរ

ព្យុងយ៉ាងគឺជាស្រុកកំណើតរបស់ Taedonggang ដែលជាស្រាបៀរច្រកដបមួយប្រភេទ ត្រូវបានផលិតដោយរដ្ឋាភិបាល ហើយឈ្មោះនេះត្រូវបានដាក់ទៅតាមឈ្មោះទន្លេ Taedong ក្នុងក្រុង ព្យុងយ៉ាង។ ទំព័រ The New York Times របស់អាមេរិក ធ្លាប់បានវាយតម្លៃថា នេះ គឺជាស្រាបៀរឆ្ងាញ់បំផុតនៅកូរ៉េខាងជើង។

/ប្រព័ន្ធផលិតស្រាបៀរ នៅក្នុងរោងចក្រមួយនៃក្រុងព្យុងយ៉ាង។ រូប ៖ Reuters

កាលពីឆ្នាំ ២០០០ អតីតអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំប្រទេសស៊្វីស បានទិញ និងបញ្ជូនបច្ចេកវិទ្យា ម៉ាស៊ីនផលិតរបស់រោងចក្រផលិតស្រាបៀមួយដែលមានអាយុកាល ១៨០ឆ្នាំ ពីប្រទេសអង់គ្លេស ទៅកាន់កូរ៉េខាងជើង។ Global Post បានចេញផ្សាយថា ក្រោយមក រោងចក្រនេះត្រូវបានដាក់នៅក្រុងព្យុងយ៉ាង។លោក Volker Eloesser អ្នកជំនួញជនជាតិអាល្លឺម៉ង់ម្នាក់ ដែលគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាមួយ នៅកូរ៉េខាងជើង និយាយប្រាប់សារព័ត៌មានអាមេរិកថា លោកតែងចូលហាងស្រាបៀរមួយស្ថិតនៅលើដំបូលនៃផ្សារទំនើប Rakwon នៅកណ្ដាលក្រុងព្យុងយ៉ាង។នៅក្នុងផ្សារទំនើបសម្រាប់ក្រុមអ្នកមាននៅកូរ៉េខាងជើងនេះ អតិថិជននឹងអាចប្រទះឃើញស្បែកជើងយីហោ Adidas និងស្រា whiskey របស់អាមេរិក។២/ ហាងកាហ្វេ នំសាំងវិច និងភីហ្សា

ហាងកាហ្វេ Viennese ស្ថិតនៅក្នុងទីលាន Kim Il Sung មានលក់ “Wiener Melange” ជាភេសជ្ជៈពិសេសមួយប្រភេទរបស់ អូទ្រីស ដែលដូចទៅនឹងកាហ្វេទឹកដោះគោ cappuccino របស់អ៊ីតាលី។

/ស្ដ្រីកូរ៉េខាងជើង ក្នុងសម្លៀកបំពាក់ប្រពៃណី ដើរកំសាន្ដក្រុង។ រូប ៖ Reuters

អ្នកមានរបស់កូរ៉េខាងជើង ក៏ថែមទាំងអាចហូបកាហ្វេនៅក្នុងបណ្ដាហាងដែលស្ថិតនៅតាមសងខាងផ្លូវ Sungri ឬហូបទឹកតែក្នុងសណ្ឋាគារខ្លះ ក្នុងចំណោមសណ្ឋាគារធំៗ នៅក្រុងព្យុងយ៉ាង។ឆ្នាំ ២០១០ មន្ត្រីជាន់ខ្ពស់ម្នាក់ ជាកូនស្រីរស់អតីតមេដឹកនាំ Kim Il Sung គឺលោកស្រី Kim Kyong-hui ដែលត្រូវបានគេស្គាល់ថាជាស្ដ្រីដែលមានអាណាចបំផុតរបស់កូរ៉េខាងជើង បានបើកសម្ពោធ ហាងសាំងវិចដំបូងបង្អស់របស់ប្រទេសនេះ។ Global Post សរសេរថា នៅកូរ៉េខាងជើង នំប៉័ងសាំងវិចនេះត្រូវបានគេដាក់ឈ្មោះថា “នំប៉័ងសាច់ចិញ្ច្រាំ” ចំណែកភេសជ្ជៈ កូកា ត្រូវគេហៅថា “ទឹកស្ករ carbonate” ។ហាងលក់អាហារស្រាប់ នៅកូរ៉េខាងជើងមួយចំនួនតូច ក៏មានលក់ដំឡូងបារាំងបំពង មាន់បំពង និងភីហ្សាផងដែរ។ក្រៅពីក្រុមអ្នកមាននៅកូរ៉េខាងជើង ភ្ញៀវទេសចរណ៍បរទេសដែលធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុន អាកាសចរណ៍កូរ៉េខាងជើង Air Koryo ក៏អាចបញ្ជាទិញ “នំប៉័ងសាច់ចិញ្ច្រាំ” នេះ។៣/ មហោស្រពភាពយន្ដអន្ដរជាតិ

ប្រភពពី Global Post អះអាងថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un តែងប្រារព្ធមហោស្រពភាពយន្ដអន្ដរជាតិ ពីរលើកក្នុងមួយឆ្នាំ។

/សាលមហោស្រពភាពយន្ដអន្ដរជាតិ នៅក្រុង ព្យុងយ៉ាង ពេញដោយមនុស្ស កាលពីខែធ្នូ ឆ្នាំ ២០០៨។ រូប ៖ leonidpetrov.wordpress.com

សារព័ត៌មានអាមេរិក ចេញផ្សាយថា ៖ “ជាការពិត ខ្សែភាពយន្ដដែលត្រូវបានយកមកបញ្ចាំងក្នុងមហោស្រពនេះ ត្រូវបានគេសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់។ ក្រៅពីខ្សែភាពដែលមានចរិតឃោសនាឱ្យរដ្ឋាភិបាល ដែលផលិតដោយសាលាភាពយន្ដក្រុងព្យុងយ៉ាង ទស្សនិកជនក៏មានឱកាសទស្សនាខ្សែភាពយន្ដជាច្រើន របស់អឺរ៉ុប និងអាស៊ីទៀតផង”។មហោស្រពភាពយន្ដ ឆ្នាំ ២០១២ ក៏មានបញ្ចាំងរឿង Comrade Kim Goes Flying (សមមិត្ដ គីម នឹងហោះហើរ) និងខ្សែភាពយន្ដមួយចំនួនដែលជាស្នាដៃរបស់ក្រុមអ្នកផលិតភាពយន្ដកូរ៉េខាងជើង សហការណ៍ជាមួយអឺរ៉ុប។ ៤/ ភ្នំ Taesong

ភ្នំ Taesong គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយរបស់កូរ៉េខាងជើង ដោយនៅទីនោះ មានទិដ្ឋភាពយ៉ាងស្រស់ស្អាត ហើយវាក៏ជាភ្នំដែលមានបូជនិយដ្ឋានមួយសំខាន់ផងដែរ។ នៅក្នុងបូជនិយដ្ឋាននេះ ក៏ជាទីសម្រាកចុងក្រោយរបស់ម្ដាយ និងប្រពន្ធដំបូងរបស់អតីតមេដឹកនាំ Kim Il Sung ។

/ទិដ្ឋភាពនៅបូជនិយដ្ឋាន លើភ្នំ Taesong ។ រូប ៖ flickr.com

ដោយ ៖ តារាប្រភព ៖ Global Post