(អាមេរិក)៖ ទីបំផុតយានអវកាស Juno ដែលបានចំណាយពេលជិត ៥ឆ្នាំទើបធ្វើដំណើរទៅដល់ភពព្រហស្បតិ៍ ដ៏សែនគ្រោះថ្នាក់នោះ បានសម្រុកចូលគន្លងគោចរ ដែលមានរយៈកម្ពស់ ៥,០០០ គីឡូម៉ែត្រ ពីផ្ទៃស្រទាប់លើរបស់ភពព្រហស្បតិ៍បានសម្រេចហើយ នៅប៉ុន្មានម៉ោងមុននេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC ដែលបាននិងកំពុងតាមដានយ៉ាងលម្អិត ទៅលើលទ្ធផលនៃបេសកកម្មរបស់ NASA រហូតមកដល់រសៀលថ្ងៃអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ។

/

អ្វីដែលគ្រោះថ្នាក់បំផុតនោះ គឺមានរយៈពេល ៣៥នាទី ជាពេលដែលយាន Juno ប្រើប្រាស់កម្លាំងម៉ាស៊ីនរបស់វា បុកទំលុះដែនទំនាញដ៏ខ្លាំងក្លារបស់ភពព្រហស្បតិ៍ ដើម្បីចូលឲ្យដល់គន្លងគោចរដ៏ត្រឹមត្រូវមួយ តាមការគ្រោងទុកនៅថ្ងៃអង្គារនេះ។ ក្រោយពីការទន្ទឹងរង់ចាំយ៉ាងភ័យបុកពោះ ពីសំណាក់ក្រុមគ្រប់គ្រងបេសកកម្មលើយាន Juno អស់ជាច្រើនម៉ោងនោះ ទីបំផុតសញ្ញាចេញពីយាន ដែលបានរត់អស់ប៉ុន្មានម៉ោងទើបបញ្ជូនទិន្នន័យមកដល់ផែនដី បានឲ្យដឹងថា វាពិតជាសម្រេចបានជោគជ័យដូចការគ្រោងទុកហើយ។

/

/

ក្រុមគ្រប់គ្រងបេសកកម្មរបស់ NASA ដែលមានមូលដ្ឋាននៅទីក្រុង Pasadena រដ្ឋកាលីហ្វរញ៉ា បានលើកឡើងថា «វាជារឿងដ៏គួរឲ្យរីករាយបំផុត ជាប្រវត្តិសាស្ត្រ ហើយយើងបានត្រៀមរួចហើយក្នុងការ រុករកព័ត៌មានដែលយើងចង់ បានតាមរយៈ Juno ដែលមានគោលដៅកំណត់ទុករួចជាស្រេចចំនួន ០៧ ក្នុងខ្លួនវាតែមួយ»។ អ្វីដែលសំខាន់បំផុត ដែលគេចង់ដឹងបំផុតនៅពេលនេះ គឺថាតើក្នុងខ្លួនយក្សភពព្រហស្បតិ៍នេះ មានអ្វីខ្លះ? តើស្នូលរបស់វាផ្សំឡើងពីអ្វី? តើពណ៌ស្អាតនៅលើផ្ទៃលើដែលយើងឃើញផ្សំឡើងពីអ្វីខ្លះ និងមានកម្រាស់ប៉ុន្មាន? និងរូបភាពពណ៌ធម្មជាតិ កម្រិត ខ្ពស់​ដែលមិនធ្លាប់មានពីមុនមកផងដែរ៕

/

width=730

 

ប្រភព ៖ ប៊ីប៊ីស៊ី 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី