ស្ដ្រីជនជាតិថៃម្នាក់ កំពុងតែល្បីឈ្មោះយ៉ាងខ្លាំង និងរកបានប្រាក់យ៉ាងច្រើន ព្រោះតែមានសមត្ថភាពទស្សន៍ទាយដឹងអំពីវាសនា អនាគតរបស់មនុស្ស ដោយប្រើប្រាស់កូនអុក។

គ្រូទាយកូនអុក មានរហ័សនាមថា Ajarn Nong
បន្ទាប់ពីបែកបាក់គ្រួសារ និងត្រូវរស់នៅដោយគ្មានផ្ទះសម្បែងមួយរយៈពេល ស្ដ្រីមេម៉ាយកូនមួយ Amunnata Lamwanna ក៏មានសំណាង ត្រូវបានគ្រួទាយដ៏ល្បីឈ្មោះម្នាក់ ហៅឱ្យមកជួយធ្វើការ និងរស់នៅទីនោះ។ ក្រោយពីបានសិក្សាស្វែងយល់អំពីក្បួនតារា និងវិជ្ជាហោរា Lamwanna ក៏សុំចេញបង្កើតមុខរបរទស្សន៍ទាយដោយឡែក ក្រោមរហ័សនាមថា Ajarn Nong ។ទំព័រ Oddity Central ដកស្រង់សំដីរបស់គ្រូទាយម្នាក់នេះ ឱ្យដឹងថា Ajarn បាននឹកឃើញវិធីទស្សន៍ទាយដោយប្រើកូនអុកនេះ គឺបន្ទាប់ពីបានមើលគេលេងអុកមួយក្ដារ នៅឧទ្យាន។ “ខ្ញុំនឹកឃើញវិធីទស្សន៍ទាយថ្មី។ ពេលបានឃើញទីតាំងរបស់កូនអុក ខ្ញុំអាចមើលដឹងអំពីទីតាំងរបស់បណ្ដាតារា តាមក្បួនហោរាថៃ។ ដូចទៅនឹងសន្លឹកបៀរបស់លោកខាងលិច និងក្បួនហុងស៊ុយ ទីតាំងរបស់តារានិមួយៗ សុទ្ធតែចង្អុលបង្ហាញនូវជោគវាសនារបស់អ្នក។ វិធីទស្សន៍ទាយនេះ ខ្ញុំសម្រេចបានកាលពីឆ្នាំ ២០១០ ហើយអ្នកដំបូងគេដែលខ្ញុំសាកល្បង គឺប្ដីរបស់ខ្ញុំ” ។
នៅពេលមើលជោគវាសនាឱ្យភ្ញៀវម្ដងៗ Ajarn នឹងយកតម្លៃ ពី ៣០ ទៅ ៥០ដុល្លារអាមេរិក។ ភ្ញៀវក៏អាចជ្រើសរើសវិធីបង់ប្រាក់ជាកញ្ចប់ រយៈពេលមួយឆ្នាំ ក្នុងតម្លៃ ២០០ដុល្លារ។ ក្នុងពេលទស្សន៍ទាយ ភ្ញៀវនឹងត្រូវបានស្នើឱ្យចាប់យកកូនអុកចំនួន ៥ ហើយដាក់ទៅលើបាតដៃ ទៅតាមបែបដែលពួកគេយល់ថាសមស្រប។ កូនអុកនិមួយៗ តំណាងឱ្យអត្ថន័យដោយឡែក ក្នុងនោះ កូនអុក “ត្រី” តំណាងឱ្យផ្កាយព្រះសុក្រ ជានិមិត្តរូបនៃភាពជានារី បើកទូលាយ និងមិនមែនជាមនុស្សអត្មានិយម ចំណែកទ័ពសេះ តំណាងឱ្យផ្កាយព្រះសៅរ៍ និមិត្តរូបនៃមនុស្សចូលចិត្តការងារ។ ក្រៅពីនេះ កូនអុក “ស្ដេច” តំណាងឱ្យផ្កាយព្រហស្សត៍ ជានិមិត្តរូបនៃមនុស្សដែលមានអត្ដចរឹតពិបាកស្និទ្ធស្នាល ជាមនុស្សចេះគិតគូរ និងយកហេតុផលជាធំ ខណៈដែលកូនអុក “នាង” តំណាងឱ្យកញ្ចុំផ្កាយអារក្សស្រែ បង្ហាញអំពីភាពស្រឡាញ់ចូលចិត្ត ចេះការពារនិងភាពរលូន។

Ajarn កំពុងធ្វើពិធី មុនពេលទស្សន៍ទាយ (រូប ៖ Facebook)
បើទោះជាមិនចេះច្បាស់អំពីក្បួននៃការលេងអុក ប៉ុន្ដែគ្រូទាយរូបនេះ អាចមើលការបំលាស់ទីកូនអុកនៅលើដៃរបស់ភ្ញៀវ ដើម្បីកំណត់ដឹងនូវអនាគតនៃជីវិតរបស់ពួកគេ។ ជាទូទៅ ភ្ញៀវរបស់ Ajarn ភាគច្រើនគឺជាមន្ដ្រីរាជការ ប៉ូលិស ទាហាន ជាមនុស្សដែលចង់ដឹង ចង់យល់ ថា តើពេលណាទើបពួកគេនឹងបានឡើងឋានៈ។ ក្រៅពីនេះ ក៏មានស្ដ្រីជាច្រើនដែលមានកូនស្លាប់ ក៏មករកអ្នកគ្រូ ដើម្បីបានដឹងអំពីសុខទុក្ខរបស់វិញ្ញាណក្ខន្ធរបស់កូន នៅឯភពផ្សេង។
Ajarn បានឱ្យដឹងថា វិធីទស្សន៍ទាយរបស់ខ្លួន ក៏ឆុត មិនចាញ់វិធីទស្សន៍ទាយដទៃ ព្រោះគាត់បានប្រើប្រាស់កត្ដាវិទ្យាសាស្ដ្រស្ទើរទាំងអស់ ដើម្បីសន្និដ្ឋានអំពីអនាគត។ គ្រូទាយមេម៉ាយ Ajarn Nong ក៏ប្រើប្រាស់បណ្ដាញសង្គម Facebook ហើយអ្នកអាចចូលទស្សនាតាមរយៈ តំណរភ្ជាប់ https://www.facebook.com/nongpayakorn ។
អត្ថបទគួរចាប់អារម្មណ៍ដទៃ
ទស្សន៍ទាយនិស្ស័យអ្នកតាមរយៈក្រុមឈាម
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Oddity Central/Facebook