ទីផ្សារការងារនៅកម្ពុជា មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលនេះជាលទ្ធផលនៃកំណើនសេដ្ឋកិច្ច ហើយបានបង្កើននូវតម្រូវការសម្រាប់លំនៅដ្ឋានផងដែរ។ ក្រុមអ្នកសង្កេតការណ៍ទីផ្សារ បាននិយាយថា កត្ដានេះបានជំរុញឱ្យតម្រូវការជួល មានការកើនឡើងពី ៨ ទៅ ១០ ភាគរយ​ ហើយទ្រព្យសកម្មកើនឡើងដល់ ១៥ ភាគរយក្នុងមួយឆ្នាំៗ ដែលធ្វើឱ្យវិស័យអចលនទ្រព្យនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក្លាយជាជម្រើសដ៏ល្អសម្រាប់វិនិយោគិនចិន ដែលស្វែងរកការរកស៊ីផ្នែកអចលទ្រព្យក្រៅប្រទេស ក៏ដូចជា ការពារប្រឆាំងនឹងការធ្លាក់ចុះនៃ ប្រាក់យន់ចិនផងដែរ ។

/

ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា បានកើនឡើង ៧.៥ ភាគរយ ហើយការនាំចេញបានកើនឡើង ១៧.៦ ភាគរយ កាលពីឆ្នាំមុន ដោយសារតែលំហូរវិនិយោគទុនរបស់ចិននៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ​ ដែលជាផ្នែកមួយនៃគម្រោងខ្សែក្រវ៉ាត់ និងផ្លូវថ្នល់របស់ប្រទេសចិន។ រោងចក្រនានាក្នុងប្រទេសចិន បានផ្លាស់ប្តូរទីតាំងមកមក្ពុជា ដើម្បីទាញយកប្រយោជន៍ពីតម្លៃថោកនៃពលកម្ម។ លើសពីនេះទៅទៀត គឺការចៀសវាងការបង់ពន្ធ ដែលដាក់ដោយ ក្រុងវ៉ាស៊ីនតោនក្នុងសង្គ្រាមពាណិជ្ជកម្មអាម៉េរិក - ចិនកំពុងបន្ត។

/

លោក Carrie Law អគ្គនាយកក្រុមហ៊ុន Juwai ដែលជួយវិនិយោគិនចិន ទិញអចលនទ្រព្យនៅក្រៅប្រទេសបាននិយាយថា៖ ភាគច្រើននៃកំណើននៃការនាំចេញរបស់កម្ពុជា សម្រេចបានដោយសារតែក្រុមហ៊ុនចិនពង្រីក ឬផ្លាស់ប្តូរទីតាំង មកកាន់ប្រទេសកម្ពុជា ។ នៅពេលដែលមានជនជាតិចិនកាន់តែច្រើនចូលមកធ្វើការនៅកម្ពុជា ពួកគេនឹងត្រូវការកន្លែងស្នាក់នៅកម្រិតខ្ពស់(ផាសុកភាព)​ ហើយជាទូទៅ ពួកគេបានចំណាយប្រាក់ខ្ពស់ ជាងផ្ទះធម្មតាក្នុងការស្នាក់នៅ៕

អត្ថបទ៖ ផាន់ណា