ថ្មីៗនេះ ស្ត្រីម្នាក់មានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំង នៅពេលទទួលបានវិក្កយប័ត្រអគ្គិសនីជាមួយនឹងចំនួនទឹកប្រាក់ជាង ១,៣លាន ដុល្លារសហរដ្ឋអាមេរិច។
ស្ត្រីម្នាក់នេះមានឈ្មោះថា Kristin Harriger រស់នៅ Abilene, Texas, សហរដ្ឋអាមេរិច។ Kristin បានឲ្យដឹងថា ជាធម្មតារៀងរាល់ខែគាត់ត្រូវបង់ថ្លៃភ្លើងតែប្រហែល ១០០ ដុល្លារប៉ុណ្ណោះ។ ចំនួនដ៏សន្ធឹកសន្ធាប់បានធ្វើឲ្យគាត់មានការភ្ញាក់ផ្អើល និងបានគិតថា នេះគ្រាន់តែជារឿងលេងសើច។ គាត់បាននិយាយថា: “ខ្ញុំបានបើកក្រដាសនេះមើល ហើយស្រែកឡើងថា អូ! ព្រះអើយ នោះជាចំនួនលុយដ៏សន្ធឹកសន្ធាប់ ដែលមិនអាចជឿបាន ។


វិក្កយប័ត្រអគ្គិសនីរបស់ស្រ្តី Kristin ទទួលបានដែលមានចំនួនទឹកប្រាក់ ១,៣៨១,៧៨៣.៩២ ដុល្លារ
ពេលគាត់ហៅទូរស័ព្ទក្រុមហ៊ុនអគ្គិសនី បុគ្គលិកបំរើសេវាកម្មបានឲ្យដឹងថា នេះគឺជាកំហុសឆ្គងមួយបណ្តាលមកពីបញ្ហាបច្ចេកទេស។ Sehr Charania, អ្នកតំណាងរបស់ក្រុមហ៊ុនអគ្គិសនីបាននិយាយថា: “ពេល Harriger ប្រាប់ឲ្យដឹងពីវិក្កយប័ត្រដ៏ចម្លែកនេះ ពួកខ្ញុំបានសន្យាថានឹងធ្វើការត្រួតពិនិត្យ និងកែតំរូវឡើងវិញឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន” ។តាមព័ត៌មានក៏បានឲ្យដឹងថា មកពីកំហុសបច្ចេកទេស ក្រុមហ៊ុនអគ្គិសនីបានគិតតំលៃ ១,០០០ ដុល្លារ ក្នុងមួយkWh ដែលតំលៃនេះខ្ពស់ជាងពី ជាង៨,០០០ដង ដល់ជាង១០,០០០ដង នៃតំលៃធម្មតា(ជាធម្មតាតំលៃភ្លើងចន្លោះពី ៨.២សេន/kWh ដល់១២.១សេន/kWh)។ ក្រោយពីការដោះ-ស្រាយបញ្ហានេះរួច Kristin ត្រូវបង់ប្រាក់តែ ១៥០ ដុល្លារប៉ុណ្ណោះ៕
ដោយ៖ សិលាប្រភព៖ k14