ភ្នំពេញៈ តារាសម្តែង និងជាតារាបង្ហាញម៉ូដ ជាគូស្វាមីភរិយានឹងគ្នា លោក យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា នៅក្នុងឆ្នាំនេះគេសង្កេត ឃើញសន្ទុះការងាររីកចម្រើន និងមានការមមាញឹក ស្ទើរតែរើខ្លួនមិនរួច ទាំងការងារក្នុង និងក្រៅស្រុក ។ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ប្តីប្រពន្ធជាអ្នកសិល្បៈ ដូចគ្នាទាំងពីរដួងនេះ ទើបតែបណ្តើរគ្នា ឡើងយន្តហោះ ចេញទៅសម្តែង និងដើរលេងនៅ ហុងកុងជាលើកដំបូង រយៈពេលជាង១ខែ ។
គេសង្កេតឃើញថា ចាប់តាំងពី គូស្វាមីភរិយាទាំងពីរ បោះជំហានចូលប្រឡូកក្នុងវិថីសិល្បៈជាមួយគ្នា គេតែងតែឃើញពួកគេបង្ហាញ ភាពស្និទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នា បណ្តើរគ្នាទៅគ្រប់ទីកន្លែង មិនថាក្នុង ឬក្រៅប្រទេសទេ ប្រៀបដូចជាលលកញីឈ្មោល ខុសពីជីវិតប្តីប្រពន្ធ របស់អ្នកសិល្បៈមួយចំនួន មិនសូវមានពេលវេលាកៀកកើយ ផ្អែមល្ហែមជាមួយគ្នា រហូតឈានដល់ បញ្ហាប្រេះឆាក៏មានដែរ ។ ងាកមកចាប់អារម្មណ៍លើ អ្នកសិល្បៈមួយគូនេះ សូម្បីតែការចេញទៅសម្តែង នៅក្រៅប្រទេសម្តងៗ គេ ក៏ឃើញបុរសសង្ហា យ៉ែម សំអូន ដឹកដៃភរិយារូបស្រស់ ទៅតាមគ្រប់ពេល និងគ្រប់ដង្ហើមចេញ ចូលមិនដែលដាច់។
ថ្មីៗនេះ គេបានឃើញ តារាចម្រៀងល្បីឈ្មោះ យ៉ែម សំអូន ដឹកដៃភរិយា អ្នកនាង យ៉ាន លីនដា ឡើងយន្តហោះ ចេញទៅសម្តែង ថតកម្មវិធីឲ្យទូរទស្សន៍ថ្មី នៅទីក្រុងហុងកុង ប្រទេសចិន រយៈពេលជាង១ខែ ។ ក្រៅពីការងារ លោក សំអូន ក៏បានឆ្លៀតពេលនាំភរិយា ដើរលេងកម្សាន្ត នៅលើទឹកដីហុងកុងជាច្រើនកន្លែង ដើម្បីផ្គាប់ចិត្តភរិយាបណ្តូលចិត្ត ឲ្យសប្បាយរីករាយ ក្រោយពីបំពេញការងារ រយៈពេល១ឆ្នាំមកនេះ។
អ្នកនាង យ៉ាន លីនដា បានបង្ហើបប្រាប់តាមរយៈការ Comment នៅក្នុង Facebook របស់នាងថា “ខ្ញុំចេញពីប្រទេសកម្ពុជា ធ្វើដំណើរទៅហុងកុង កាលពីថ្ងៃទី១៥ ហើយមានគម្រោង ត្រឡប់មកវិញនៅថ្ងៃទី២០ ខែក្រោយ នេះ ។ សម្រាប់ការងារថ្មី ដែលខ្ញុំនិងគ្រួសារមកនេះ គឺជាការថតកម្មវិធីទូរទស្សន៍ថ្មីមួយ ជាលើកដំបូង នៅហុងកុង។ ខ្ញុំគិតថានេះជាការងារមួយ ដែលផ្តល់ បទពិសោធន៍ល្អៗសម្រាប់ខ្ញុំ និងស្វាមីបន្ថែម មួយកម្រិតទៀត ” ។
នៅក្នុងនោះ តារាបង្ហាញម៉ូដប្រចាំក្រុម Cambodia Super Model បានប្រាប់ឲ្យដឹងទៀតថា នាងសប្បាយចិត្តខ្លាំងណាស់ ដែល នាង និងស្វាមីមានឱកាស ចេញទៅសម្តែងនៅទីនោះ ព្រោះថាក្រៅពីពួកនាងទទួលបាន បទពិសោធន៍ការងារ ពួកនាងក៏ត្រូវបានក្រុមការងារ នាំដើរលេងកម្សាន្ត នៅកន្លែងជាច្រើន ។ នេះជាលើកទី១ សម្រាប់ពួកនាង ដែលមានឱកាសចេញទៅធ្វើការនៅហុងកុង ។
តារាចម្រៀង លោក យ៉ែម សំអូន និង ភរិយាតារាសម្តែង និងបង្ហាញម៉ូដ អ្នកនាង យ៉ាន លីនដា បានរៀបការ ជា មួយគ្នាអស់រយៈពេលជាង១០ឆ្នាំមកហើយ ចាប់តាំងពីពួកគេរៀបការ ជាមួយគ្នា រហូតដល់ពេលបច្ចុប្បន្ន គេមិនដែលឃើញពួកគេទាំងពីរ ពើបប្រទះរឿងអាស្រូវក្នុងជីវិត ប្តីប្រពន្ធនោះឡើយ ។ មូលហេតុទាំងនេះ បានធ្វើឲ្យប្តីប្រពន្ធអ្នកសិល្បៈមួយគូនេះ ទទួលបាននូវការចាប់អារម្មណ៍ ពីបងប្អូនទាំងក្នុង និងក្រៅប្រទេស ៕









ផ្តល់សិទ្ធិដោយ៖ ដើមអំពិល