ភ្នំពេញៈ តារាសម្តែងជើងចាស់ លោក ទេព រិនដារ៉ូ ត្រូវបានអ្នកសិល្បៈដូចគ្នា ចាត់ទុកលោកថា ជារៀមច្បង និងជាអ្នកសិល្បៈម្នាក់ ដែលមានទេពកោសល្យ ក្នុងការសម្តែង ដោយលោកអាច សម្តែងបាន គ្រប់សាច់រឿង ទាំងអស់។ ប៉ុន្តែទោះជា លោកមានបទពិសោធន៍ រាប់ឆ្នាំក្ដី បែរជានាពេលនេះលោក យាយថា មានការលំបាកខ្លាំង ពេលសម្ដែងក្នុងរឿង ភ្លើង គឺមានឈុតខ្លះ ធ្វើឲ្យលោកពិបាកសម្តែង ជាពិសេសការ សម្ដែងជាតួកាច ដែលលោកត្រូវធ្វើ ចរឹកយ៉ាងណាឲ្យ កាចខ្លាំងអស់ពីចិត្ត ។
ប្រាប់អ្នកសារព័ត៌មាន នៅក្នុងពិធីសម្ពោធរឿង “ភ្លើង” កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នេះ លោក ទេព រិនដារ៉ូ បានប្រាប់ឲ្យដឹងពី ចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ក្នុងការសម្តែងរឿងនេះថា សម្រាប់រឿង “ភ្លើង” លោកមានអារម្មណ៍ថាប្លែក ព្រោះថា អ្នកដឹកនាំរឿង បានតម្រូវឲ្យ លោកដើរតួកាច ខុសប្លែកពីរឿងមុនៗ ដែលលោកធ្លាប់សម្តែង ។ មិនតែប៉ុណ្ណោះក្នុងនោះ ក៏មានឈុតឆាក ចាប់រំលោភទៀត គឺពិបាកមែនទែន ។
លោកបានថ្លែងទាំងអស់សំណើចថា “ខ្ញុំពិតជាពិបាកសម្តែងណាស់ ត្រង់ឈុតចាប់រំលោភ ដោយសារតែ សកម្មភាពនេះ គឺខ្ញុំត្រូវចាប់ ភាគីម្ខាងទៀត រំលោភដោយគ្មាន ការព្រមព្រៀង ហើយតួសម្តែងម្ខាងទៀត ខំប្រឹងរើ ហើយខ្ញុំប្រឹងចាប់ ពិបាកមែនទែន (សើច) និយាយទៅពិបាក ទាំងកាមេរ៉ាថត និងតួសម្តែង សម្រាប់ការថតបែបនេះ វាជាលើកទី១ ហើយសម្រាប់ខ្ញុំសម្តែង” ។
លោក ទេព រិនដារ៉ូ បាននិយាយទៀតថា ក្នុងឈុតសម្តែង ពេលដែលលោក កំពុងតែចាប់រំលោភ ខាងស្រី(ចន ច័ន្ទលក្ខិណា) ពេលនោះ លោកស្លៀក កន្សែងពោះគោ ហើយអ្វីដែលគួរឲ្យ អស់សំណើចនោះ គឺខាងស្រីរើខ្លាំង មែនទែន ហើយលោកក៏ឱនខ្សឹបប្រាប់ អាលក្ខិណាថា កុំរើខ្លាំងពេក ប្រយ័ត្នរបូតកន្សែង..!ព្រោះអត់មាន...ទេ. ។ រឿងនេះក៏ក្លាយជារឿងរសើបមួយ មានទស្សនិកជនច្រើនណាស់ បានសួរលោកថា ឱនខ្សឹបគ្នា រឿងអី ?
តារាសម្តែងរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ឆ្លៀតពេលនេះ ខ្ញុំក៏ចង់ស្រាយចម្ងល់ដែរ តាមពិតទៅខ្ញុំគ្រាន់តែ ឱនខ្សឹបប្រាប់ ប្អូនលក្ខិណាថា កុំឲ្យរើខ្លាំងពេកខ្លាច របូតកន្សែងពោះគោ ព្រោះថា……..(សើច) គ្រាប់យ៉ាងមានតែប៉ុណ្ណឹង មិនបាននិយាយអី ច្រើនជាងនេះទេ ។
គួរបញ្ជាក់ថា ខ្សែភាពយន្តរឿង ភ្លើង នឹងចាក់បញ្ចាំង នៅរោងភាពយន្តលុច្ស ចាប់ពីថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៤តទៅ និងបន្តចាក់បញ្ចាំង នៅរោងភាពយន្ត Platinum Cineplex, Major Cineplex, Legend Cinema (Citymall, Tk Advenue, Steung Meanchey Market) ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខនេះ៕



ផ្ដល់សិទ្ធដោយ៖ lookingtoday