អ្នកមុជទឹកអាជីពម្នាក់ បានលូកដៃចូលក្នុងមាត់ត្រីឆ្លាមមួយក្បាលដែលមានប្រវែង ២ម៉ែត្រ នៅក្រោមសមុទ្រ Caribbean ដើម្បីដោះយកផ្លែសន្ទូចរបស់អ្នកនេសាទ ចេញពីមាត់ត្រីឆ្លាម។

/ខ្សែអាត់វីដេអូ ដែលថតនៅក្រោមសមុទ្រ Caribbean នេះ បង្ហាញអំពីទិដ្ឋភាព Cristina Zenato ជាអ្នកមុជទឹកអាជីពម្នាក់ លូកដៃយ៉ាងថ្នមៗ ចូលទៅក្នុងមាត់របស់ត្រីឆ្លាមដែលមានធ្មេញមុតស្រួច គួរឱ្យខ្លាច។  នេះគឺជាការប្រថុយដែលអាចមានគ្រោះថ្នាក់បំផុតដល់អាយុជីវិត  ហើយ Cristina Zenato ប្រាកដជាត្រូវបាត់បង់ដៃម្ខាង ឬក៏អាចបាត់បង់ជីវិត ប្រសិនត្រីឆ្លាមនេះ បញ្ចេញភាពសាហាវរបស់វា។Cristina Zenato ហាក់កំពុងអង្អែលក្បាលត្រីឆ្លាមនេះដោយថ្នមៗ ដើម្បីធ្វើឱ្យវាមានភាពនឹងន ប៉ុន្ដែនៅពេលឆ្លាមចាប់ផ្ដើមគ្រវីក្បាលបន្ដិច នាងក៏ប្រញាប់លូកដៃចូលជ្រៅទៅខាងក្នុង និងដោះយកផ្លែសន្ទូចចេញពីមាត់របស់វាភ្លាម។ បន្ទាប់ពីត្រូវបានដោះផ្លែសន្ទូចរួច ត្រីឆ្លាមនេះក៏បានហែលចេញទៅ ខណៈដែលបុគ្គលិកជួយសង្គ្រោះ នាំគ្នាអបអរស្ដ្រីអ្នកមុជទឹកអាជីពដ៏ក្លាហានម្នាក់នេះ។ទំព័រ Telegraph បានឱ្យដឹងថា Cristina Zenato បានធ្វើការជាមួយត្រីឆ្លាមក្នុងរយៈពេល ១៩ឆ្នាំកន្លងមកហើយ។ Cristina Zenato បានរក្សានូវរូបភាពលំអិតស្ដីអំពីការប្រឈមនឹងត្រីឆ្លាម ទុកដូចជាវិធីមួយដើម្បីអប់រំមនុស្ស ក្នុងការថែរក្សា “កំពូលឃាតករនៅសមុទ្រ” នេះ។

ដោយ ៖ តារាប្រភព ៖ Telegraph