កំពង់ចាមៈ យុវជន ២ នាក់ បានរងរបួសធ្ងន់ ដោយបើកម៉ូតូ ក្នុងស្ថានភាពស្រវឹងស្រា រេចង្កូត ទៅបុកបង្គោល សុវត្ថិភាព នៅវេលាម៉ោង ១១ និង ៣០ នាទីយប់   ថ្ងៃទី១៨ ខែមីនា នេះ នៅតាមបណ្តោយផ្លូវ ជាតិលេខ ៧  ស្ថិតនៅព្រំប្រទល់  ឃុំទន្លេបិទ  និង  ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។

លោក គង់ សីហុង នាយប៉ុស្តិ៍ នគរបាល ឃុំជីរោទី២ ដែលចុះដល់កន្លែង  កើតហេតុ បានប្រាប់ឲ្យដឹងថា   ជនរងគ្រោះ  ជាយុវជន ពីរនាក់  បានបើកម៉ូតូ   មួយគ្រឿង ម៉ាកវេវ ពណ៌ក្រហម ចេញពីទិសខាងលិច ទៅកើត (ពីខាងស្ពានគីហ្សូណា ទៅស្រុកត្បូងឃ្មុំ) លុះដល់ចំណុច កើតហេតុអ្នកបើកបរ បានបើកម៉ូតូរេចង្កូត ទៅបុកចំ បង្គោលសុវត្ថិភាពមួយ យ៉ាងពេញទំហឹង បណ្តាលឲ្យម៉ូតូខូចខាត ស្ទើរទាំងស្រុង រីឯ យុវជន ២ នាក់  ដែលជិះម៉ូតូនោះ បានខ្ទាតផ្លោងចូលទៅព្រៃរបោះ ក្បែរចិញ្ចើមផ្លូវ រងរបួសជាទម្ងន់ទាំងពីរនាក់ ។

លោក នាយប៉ុស្តិ៍ បានបន្តថា ក្រោយហេតុការណ៍ សមត្ថកិច្ច  បានជួយអន្តរាគមន៍ ភ្លាមៗ ហៅរថយន្តសាមុយ   របស់គ្លីនិក ១១៥ ដឹកយកទៅ សង្គ្រោះ ចំណែកម៉ូតូ សមត្ថកិច្ច ដឹកយកទៅរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃុំជីរោទី២ ។

លោកនាយប៉ុស្តិ៍ បានឲ្យដឹងទៀតថា   ជនរងគ្រោះទាំង ២ នាក់  ទី១   ឈ្មោះ ឡុង ផល្លា ភេទប្រុស អាយុ ២៣ ឆ្នាំ ជាអ្នកបើកម៉ូតូ   ទី២ ឈ្មោះ ម៉ុល ភេទប្រុស អាយុ  ២៣ ឆ្នាំ ដែរ ហើយអ្នកទាំងពីរនេះ មានមុខរបរ ជាជាងមាស នៅផ្សារសួង  សង្កាត់សួង ក្រុងសួង ខេត្តកំពង់ចាម។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងផងដែរថា ជនរងគ្រោះទាំងពីរនាក់  មិនមានពាក់មួកសុវត្ថិភាពនោះទេ ហើយការបង្កឲ្យគ្រោះថ្នាក់ នោះ គឺបណ្តាលមកពីជន រងគ្រោះ បើកបរក្នុងស្ថានភាពស្រវឹងស្រា រហូតដល់បាត់បង់ស្មារតី បញ្ជាម៉ូតូលែងបាន ៕

width=456

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល