ចោរមួយក្រុម បានធ្វើការវាយប្រហារយ៉ាងបង្ហូរឈាមសំដៅទៅលើផ្សារមួយនៅភាគខាងជើងនីហ្សេរីយ៉ា បណ្ដាលអោយមនុស្សយ៉ោងតិច ៥៦នាក់ស្លាប់ ទន្ទឹមនឹងនេះពួកគេក៏បានកំទេចផ្សារនោះដើម្បីសងសឹកអោយចោរម្នាក់ដែលត្រូវបានគេដុតទាំងរស់។

ក្រុមចោរប្រដាប់អាវុធបានបាញ់បន្ដបន្ទាប់សំដៅលើហ្វូងមនុស្សនៅក្នុងផ្សារ Potiskum ក្នុងរដ្ឋ Yobe។ ប៉ុន្ដែក្រោយមក ក្រុមចោរនេះក៏ត្រូវទទួលរងការវាយប្រហារតបត បង្ខំអោយពួកគេត្រូវរត់គេចខ្លួន។ ក្នុងពេលនោះ មានមនុស្ស ៣នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសដែលត្រូវបានគេសង្ស័យថា ជាគ្នីគ្នារបស់ក្រុមចោរនោះ រួចក៏ត្រូវបានដុតទាំងរស់ដោយក្រុមអ្នកចិញ្ចឹមសត្វ។

/

នៅក្នុងយប់នៃថ្ងៃកើតហេតុ ក្រុមចោរប្រដាប់អាវុធទាំងនោះ បានវិលត្រឡប់មកសង្សឹក។ ពួកចោរទាំងនោះបានបាញ់ប្រហារទៅលើហ្វូងមនុស្សដោយមិនញញើតដៃ។ បុគ្គលិកពេទ្យបានអោយដឹងថា មនុស្សប្រមាណជា ៥៦នាក់ត្រូវបានសម្លាប់ និងត្រូវបានដាក់នៅក្នុងមន្ទីរពេទ្យ។

ការវាយប្រហារនេះបានកើតឡើងនៅក្នុងតំបន់មួយដែលត្រូវបានគេជឿថាជាមូលដ្ឋានរបស់ក្រុមភេរវកម្ម Boko Haram ដែលមានជាប់ទាក់ទឹននឹង al-Qaeda។ ប៉ុន្ដែ Boko Haram ហាក់ដូចជាមិនមានពាក់ព័ន្ធជាមួយនឹងករណីនេះនោះទេ៕

 

ដោយ ៖ សូរីយ៉ាប្រភព ៖ Zing