ការវាយប្រការទៅលើស្ថានកុងស៊ុលអាមេរិកនៅ Libya ដែលបានបណ្ដាលអោយឯកអគ្គរដ្ឋទូតអាមេរិក លោក Stevens បាត់បង់ជីវិត មិនទាន់បានស្ងប់ស្ងាត់ផង ក្រុងវ៉ាស៊ិងតោន ក៏ត្រូវប្រឈមនឹងការវាយប្រហារផ្សេងៗទៀត មកលើស្ថាប័នការបរទេសរបស់ខ្លួន នៅប្រទេស Egypt, Yemen, Morocco, Sudan, Bangladesh និង Tunisia។
បាតុកម្មវាយបំផ្លាញស្ថានទូតអាមេរិក នៅ Yemen
មនុស្សរាប់សិបនាក់ បានស្លាប់ និងរងរបួស គឺជាលទ្ធផលនៃការប៉ះទង្គិចគ្នារវាងនគរបាលជាមួយនិងក្រុមបាតុករ នៅ Yemen ក្នុងហេតុការណ៍ប្រឆាំងស្ថានទូតអាមេរិកនៅក្នុងក្រុង Sana’a។ ដូចទៅនឹងហេតុការណ៍ក្នុងប្រទេស Egypt និង Libya អ្នកកាន់សាសនាអ៊ីស្លាមមានការខឹងសម្បារយ៉ាងខ្លាំង និងបានវាយប្រហារទៅលើទីតាំងការទូតអាមរិក ដើម្បីធ្វើការប្រឆាំងចំពោះខ្សែភាពយន្ដមួយដឹកនាំរឿងដោយអ្នកស្រុក California ដែលមាននិយាយអាក្រក់ចំពោះអាចារ្យ Mohammed នៃសាសនាអ៊ីស្លាម។
មុននេះ មនុស្សប្រហែលជាង ២០០នាក់បានរងរបួស នៅពេលនគរបាល Egypt បានបង្ក្រាបលើក្រុមបាតុករ ដែលវាយប្រហារដោយដុំថ្មទៅលើស្ថានទូតអាមេរិក នៅក្រុង Cairo។ ជាមួយគ្នានេះដែរ ការវាយប្រហារទៅលើស្ថានកុងស៊ុលអាមេរិកនៅ Benghazi របស់ Libya ក៏បានធ្វើអោយឯកអគ្គរដ្ឋទូតអាមេរិកលោក Christopher Stevens រួមជាមួយនឹងបុគ្គលិក ៣នាក់ផ្សេងទៀតបានបាត់បង់ជីវិត។
បាតុកម្មវាយបំផ្លាញស្ថានទូតអាមេរិក នៅ Egypt
បាតុកម្មនានាក៏បាន និងកំពុងកើតឡើងនៅមុខស្ថានកុងស៊ុល តំណាងរបស់អាមេរិក នៅ Morocco, Sudan, Tunisua និង Bangladesh ខណៈដែលជនជាតិអ៊ីរ៉ង់ប្រមាណជា ៥០០នាក់ បានព្យាយាមប្រមូលផ្កុំគ្នានៅមុខស្ថានទូត Switzerland ស្ថាប័នការពារផលប្រយោជន៍អាមេរិក នៅ Tehran ។ ចំណែកនៅអ៊ីរ៉ាក ក្រុមអ្នកកាន់សាសន៍អ៊ីស្លាមបានបន្ដធ្វើដង្ហែរក្បួននៅតាមដងផ្លូវក្នុងក្រុង Baghdad និងដុតទង់ជាតិអាមេរិក៕
ដោយ ៖ សូរីយ៉ាប្រភព ៖ DT