មណ្ឌលគិរី៖ ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ភាគឦសាន នៃប្រទេសកម្ពុជា បាននិងកំពុងជួបការលំបាកក្នុងការ ប្រកបរបររកស៊ី និងកិច្ចការងារប្រចាំថ្ងៃ ដោយសារទទួលរងនូវឥទ្ធិពលអាកាសធាតុ ធ្វើឲ្យភ្លៀងធ្លាក់ជាប់ៗគ្នារយៈ ពេល១០ថ្ងៃមកហើយ។ ក្រៅពីភ្លៀងផ្គរ ជាបន្តបន្ទាប់ផ្សែងអ័ព្ទ ក៏បានគ្រប់ដណ្តប់យ៉ាងខ្លាំង ជារៀងរាល់ចន្លោះពេល ព្រឹកពីម៉ោង ៦ ដល់ម៉ោង៩ រីឯពេលរសៀលចាប់ពីម៉ោង៥ ដល់យប់។
ប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី បានប្រាប់ឲ្យដឹងថា អាកាសធាតុបែបនេះ គេចាត់ទុកជារឿងធម្មតាទៅហើយ។ តែទោះជាយ៉ាងណា វាបានបង្កផលលំបាកជាងរដូវប្រាំងក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងប្រកបការងារ។ ស្ថានភាពផ្លូវនៅក្នុងខេត្តមណ្ឌល ដែលជាតំបន់ភ្នំ គួបផ្សំជាមួយតំបន់ដីក្រហមស្អិត និងរអិលនោះ វាពិតជាបង្កផល លំបាកយ៉ាងខ្លាំងសម្រាប់ការធ្វើដំណើរ។
ថ្វីត្បិតបង្កផលលំបាក មួយចំនួនសម្រាប់ប្រជាពលរដ្ឋ តែទេសភាពស្រស់បំព្រង និង អាកាសធាតុ ដ៏សែនត្រជាក់ នារដូវនេះ បានធ្វើឲ្យភ្ញៀវទេសចរចាប់អារម្មណ៍ជាខ្លាំង។
លោកខែម ភារម្យ ប្រធានមន្ទីរធនធានទឹកខេត្តមណ្ឌលគិរីបានឲ្យដឹងថានៅខេត្តមណ្ឌលគិរី រួមមានក្រុងសែន មនោរម្យ និង ស្រុកអូររាំង មានរយៈកម្ពស់ពីនីវូទឹកសមុទ្រ ចាប់ពី ៧០០ម៉ែត្រ ទៅ៩០០ម៉ែត្រ រីឯកម្រិតសំណើម វិញ កើនឡើងស្ទើរ ១០០% ។
លោកបានបន្តទៀតថា នៅពេលថ្មីៗ នេះ បន្ទាប់ពីកម្ពុជា ទទួលរងការប៉ះ នូវប្រព័ន្ធសម្ពាធទាបពីប្រទេសជិតខាងធ្វើឲ្យ កម្ពុជា មានភ្លៀងផ្គររាយប៉ាយពីតិចទៅមធ្យម និងបង្គូរ ដូចច្នេះប្រជាពលរដ្ខទូទាំងប្រទេសចូរប្រុងប្រយ័ត្នឲ្យបាន ខ្ពស់ ដើម្បីបញ្ចៀស រាល់បញ្ហាគ្រោះថ្នាក់ធម្មជាតិ ដែលបានកើតឡើង។
ខេត្តមណ្ឌលគីរីជាខេត្តមួយសិ្ថតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា មានព្រំប្រទល់ខាងកើតជាប់ប្រទេសវៀតណាម ខាងជើងជាប់ខេត្តរតនគីរីខាងជើងឈាងខាងលិចជាប់ខេត្តស្ទឹងត្រែងខាងលិចជាប់នឹងខេត្តក្រចេះ មាន ចម្ងាយ ៥២១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៍ធម្មជាតិធំមួយនៃព្រះរាជាណាចក្រកម្ពុជាដែលមានតំបន់ទេសចរណ៏ធម្មជាតិ ជាច្រើនដូចជា ទឹកជ្រោះប្រកបដោយហ្វូងមច្ឆា ជាច្រើនប្រភេទ ព្រមទាំង រុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូច ធំ ជាច្រើន៕



ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល