ជនជាតិតៃវ៉ាន់ពីររូបត្រូវបានរដ្ឋអាជ្ញាសហរដ្ឋអាមេរិកចោទប្រកាន់ពីបទធ្វើផែនការសម្ងាត់
លក់បច្ចេកវិទ្យាយោធាអាមេរិក ទៅអោយប្រទេសចិន ដែលជាគូប្រជែងធំរបស់អាមេរិក។
យន្ដហោះស៊ើបការណ៍ប្រភេទតូចក៏ស្ថិតក្នុងប្រភេទបច្ចេកវិទ្យាដែលជនជាតិតៃវ៉ាន់ពីររូប
នោះចង់ទិញ។
ជនជាតិតៃវ៉ាន់ពីររូប គឺលោក Hui Sheng Shen អាយុ ៤៥ឆ្នាំ និងអ្នកស្រី Huan Ling Chang អាយុ ៤១ឆ្នាំ ត្រូវបានក្រុមស៊ើបការណ៍សម្ងាត់អាមេរិក តាមដានតាំងពីខែកុម្ភៈ ឆ្នាំ ២០១១ដោយសារសង្ស័យថាកំពុងជួញដូរគ្រឿងញៀន។
ប៉ុន្ដែក្រោយមក ជនជាតិតៃវ៉ាន់ទាំងពីរនេះបែរជាមានផែនការសម្ងាត់ក្នុងការប្រមូល និងលក់បច្ចេកវិទ្យាអាវុធ ក្នុងនោះមានយន្ដហោះស៊ើបការសម្ងាត់ប្រភេទតូចផងដែរ។
មន្ដ្រីអាមេរិកបានអោយដឹងថា ជនជាតិតៃវ៉ាន់ទាំងពីរនាក់នេះបានអះអាងថា ពួកគេធ្វើការជាអ្នកជំនួយការរបស់មន្ដ្រីជាន់ខ្ពស់ចិនម្នាក់។
កាលពីម្សិលមិញ ក្រុមរដ្ឋអាជ្ញាអាមេរិក នៅ Newark, New Jersey បានចោទប្រកាន់ជាផ្លូវការប្រឆាំងទៅនឹង Hui និង Huan។
មេធាវីរបស់អ្នកស្រី Huan បានអោយដឹងថា កូនក្ដីរបស់ខ្លួនបានអះអាងថា មិនមានកំហុសអ្វីនោះទេ ខណៈដែលមេធាវីរបស់លោក Hui មិនបានបញ្ចេញមតិណាមួយនោះឡើយ។
សំណុះរឿងខាងលើបានអោយដឹងថា លោក Hui បាននិយាយថា ខ្លួនគឺជាអ្នកនាំចេញ នាំចូល ចំណែកអ្នកស្រី Huan ដែលចេះនិយាយច្រើនភាសា ថ្លែងថាខ្លួនជាគ្រូបង្រៀនម្នាក់។
អ្នកទាំងពីរត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈកន្លងទៅ គឺមួយឆ្នាំបន្ទាប់ពីការស៊ើបការណ៍សម្ងាត់ចាប់ផ្ដើមធ្វើឡើង។
ដំបូងឡើយ ជនជាតិតៃវ៉ាន់ទាំងពីររូបនេះ ហាក់ដូចជាផ្ដោតទៅលើតែការជួញដូរគ្រឿងញៀន ប៉ុន្ដែនៅក្នុងការជួបនឹងក្រុមសម្ងាត់បង្កប់ខ្លួននៅ Las Vegas កាលពីខែកញ្ញា និងខែតុលា ឆ្នាំ ២០១១ ពួកគេចាប់ផ្ដើមសួរពីរបច្ចេកវិទ្យាយោធាអាមេរិក។
រដ្ឋអាជ្ញាអាមេរិកបានអោយដឹងថា ជនជាតិតៃវ៉ាន់ទាំងពីរនិយាយថា អតិថិជនរបស់ពួកគេចង់បានយន្ដហោះស៊ើបការណ៍សម្ងាត់ E-2 Hawkeye ប៉ុន្ដែក្រោយមកក៏បានសំដែងពីការចាប់អារម្មណ៍ទៅលើបច្ចេកវិទ្យាផ្សេងៗទៀត។
យោងតាមក្រុមស៊ើបការណ៍សម្ងាត់អាមេរិក លោក Hui អះអាងថា ខ្លួនជាអ្នកតំណាងអោយអតិថិជននៅប៉េកាំង។ ពួកគេជាក្រុមហ៊ុនស៊ើបការសម្ងាត់មួយ ដែលធ្វើការអោយរដ្ឋាភិបាលចិន ដូចទៅនឹង CIA ។
មុនពេលត្រូវបានចាប់ខ្លួន ជនជាតិតៃវ៉ាន់ទាំងពីរនាក់នោះបានជួបនឹងមន្ដ្រីស៊ើបការណ៍សម្ងាត់ម្នាក់ដែលបង្កប់ខ្លួននៅ New York ។ នៅទីនេះ ពួកគេបានពិនិត្យមើលយន្ដហោះស៊ើបការណ៍គ្មានអ្នកបើកបរប្រភេទតូច Raven RQ-11B។
ប្រសិនតុលាការរកឃើញទោសកំហុស អ្នកទាំងពីរអាចនឹងត្រូវជាប់ពន្ធនាគារក្នុងម្នាក់ៗចំនួន ១០ឆ្នាំ ពីបទជួញដូរគ្រឿងញៀន និង ៥ឆ្នាំ ពីបទនាំចេញបច្ចេកវិទ្យាយោធា៕
ដោយ ៖ សូរីយ៉ាប្រភព ៖ BBC