ភ្នំពេញៈ តារាស្រីដែលធ្លាប់តែជួបខ្យល់ព្យុះ បោកបក់រឿងអាស្រូវមិនល្អ និងសម្បូរអាថ៌កំបាំងស្នេហា កែវ នីសា ក្រោយពីវេចបង្ខេចស្ពាយឡើងយន្តហោះ បោះពួយ ទៅសម្តែងនៅអាមេរិករយៈ ពេល៣ខែនោះ ពេលនេះ មានប្រភពបង្ហើបប្រាប់ឲ្យដឹងថា នាងទទួលបានការគាំទ្រខ្លាំង មិនចាញ់តារាចម្រៀងអាជីពនោះទេ។
តារាសម្តែងដែលទើបតែ ចាប់អាជីពជាតារាចម្រៀង ជាលើកដំបូង អ្នកនាង កែវ នីសា ក្នុងអំឡុងពេល ដែលនាងចេញទៅសម្តែង នៅក្រៅប្រទេសនោះ គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅលើទឹកដីនោះមានការគាំទ្រ ពេញចិត្តការសម្តែង និងទឹកដមសំឡេងនាង មិនចាញ់តារាអាជីពនោះទេ ទោះបីនេះ គឺជាលើកទី១របស់នាង ក្នុងការចេញទៅសម្តែង នៅប្រទេសមហាអំណាចសេដ្ឋកិច្ចក្ដី។
បើទោះបីជា តារាសម្តែង អ្នកនាង កែវ នីសា កំពុងតែមានកេរ្តិ៍ឈ្មោះ ហ៊ុំព័ទ្ធទៅដោយរឿងរ៉ាវ ស្នេហាជាមួយអ្នកនេះអ្នកនោះ មិនចេះចប់មិនចេះហើយ ជាពិសេសជាមួយអ្នកមានទ្រព្យជាហូរហែ នៅក្នុងស្រុកក៏ពិតមែនតែអ្វីដែលធ្វើឲ្យគេ កោតសរសើរនាងនោះ គឺការបញ្ចេញសមត្ថភាព ប្រៀបបីដូចជាតារាចម្រៀងអាជីពច្រៀងរាំ ដោយមិនខ្វាយខ្វល់នឹងព័ត៌មានមិនល្អ ដែលកំ ពុងតែរីកសាយភាយ នៅក្នុងស្រុកទាល់តែសោះ ហើយនាង ក៏មិនអើពើក្នុងការចេញមុខបកស្រាយដែរ។ បើតាមគម្រោងតារាស្រី កែវ នីសា និងអ្នកនាង កាតុ គ្រោងនឹងដឹកដៃគ្នាត្រឡប់មកទឹកដីកំណើតវិញ នៅចុងខែមិថុនា ខាងមុខនេះ ។
កន្លងមកទស្សនិកជនធ្លាប់ តែបានទស្សនា ការសម្តែងរឿង និងការថតឈុតឆាកខារ៉ាអូខេ របស់ស្រីស្អាតសាច់ចាំ អ្នកនាង កែវ នីសា តែប៉ុណ្ណោះ ។ តារាស្រីរូបនេះ បានពង្រើកអាជីពខ្លួនឯង ដូចជាការធ្វើជាពិធីការិនី និងជាតារាចម្រៀង ដើម្បីស្វែងរកប្រជាប្រិយភាពឲ្យ បានកាន់តែច្រើនមួយកម្រិតទៀត៕





ផ្តល់សិទ្ធិដោយ៖ ដើមអំពិល