ភ្នំពេញៈ តារាចម្រៀងមានសន្ទុះកេរ្តិ៍ឈ្មោះ ម្តងឡើងម្តងស្រកមិនទៀងទាត់ អ្នកនាង សុខ ស្រីនាង កាលពីម្សិលមិញ នាងបានសម្ងំរៀបចំពិធីជប់លៀងខួបកំណើតស្ងាត់ៗ ដោយធ្វើឲ្យទស្សនិកជនគិតថា ការរៀបចំកម្មវិធីនេះ ប្រហែលជាមានបុរសកំពូលស្នេហ៍ ជាអ្នកធ្វើផ្គាប់ចិត្ត នាងជាក់ជាមិនខាន ។
អស់រយៈពេលជាច្រើនឆ្នាំហើយ ដែលតារាចម្រៀងស្រីរូបនេះ បានចាប់យកអាជីពសិល្បៈ ប៉ុន្តែគេមិនធ្លាប់បានឃើញនាងសម្ញែងពិធីជប់លៀង ឲ្យមានភាពលេចធ្លោណាមួយ ដូចតារាក្នុងសិល្បៈដទៃទេ។ ភាគច្រើនគេសង្កេតឃើញ ជីវិតឯកជនរបស់នាង ហាក់មានភាពស្ងប់ស្ងាត់ខុសប្លែក ពីអ្នកសិល្បៈដទៃ ដែលនិយមរស់នៅក្នុង ជីវភាពហ៊ឺហារ ស៊ីវិល័យ ចូលចិត្តបង្អួតឲ្យមហាជនឃើញ សរសើរ និងទាមទារការចាប់អារម្មណ៍ពីទស្សនិកជន ។ដោយឡែកនៅក្នុងឆ្នាំនេះ ក្រោយពីនាងសម្រេចចិត្តវិលមក ចាប់អាជីពសិល្បៈវិញ ការប្រើជីវិតរស់នៅរបស់នាង កាន់តែមានភាពអាថ៌កំបាំង ។
ជាក់ស្តែងកាលពីយប់មិញនេះ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ អ្នកមេម៉ាយចាយសម្រស់ សុខ ស្រីនាង បានសម្ងំរៀបចំកម្មវិធីជប់លៀង ខួបកំណើតជាលក្ខណៈគ្រួសារមួយ នៅក្នុងគេហដ្ឋានរបស់ នាង ។ អ្វីដែលធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រនាង មានចម្ងល់នោះ គឺនៅក្នុងពិធីនោះ បានរំលេចរូបបុរសរូបសង្ហាម្នាក់ នៅជិត ដោយដៃកាន់នំ Cake ឲ្យនាង បង្ហាញភាពសិ្នទ្ធស្នាលជាមួយគ្នា ប្រៀបដូចជាគូស្នេហ៍ថ្មីថ្មោង ។
តាមរយៈការរំលេចរូបថត ក្នុងថ្ងៃខួបកំណើតរបស់ អ្នកនាង សុខ ស្រីនាង នៅលើ Facebook នេះ បានធ្វើឲ្យទស្សនិជនមានការងឿងឆ្ងល់ ក្រោយពីឃើញមានបុរសវ័យក្មេងរូបសង្ហាមា្នក់ បានបង្ហាញពីភាពផ្អែមល្ហែមកៀកកើយជាមួយនាង ។ ថាមិនត្រូវពិធីខួបកំណើតសម្រាប់ តារាចម្រៀងរូបនេះ ប្រហែលជាបុរសមុខមាត់សង្ហា កូនកាត់ចិនរូបនេះ ជាអ្នកធ្វើឲ្យ ហើយមើលទៅ ។
បើទោះជាមានការងឿងឆ្ងល់ និងចោទជាសំណួរថា នាងមានទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយបុរសរូបស្រស់សង្ហាម្នាក់នោះក៏ដោយ LookingTODAY មិនទាន់អាចទាក់ទងទៅ សុខ ស្រីនាង បាននៅឡើយទេ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣នេះ ដើម្បីឲ្យនាងបញ្ជាក់អស់ការសង្ស័យ៕






ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល