កាលពីថ្ងៃចន្ទ តុលាការកំពូលក្រុងស៊េអ៊ូល បានផ្ដន្ទាទោសប្រធានក្រុមហ៊ុនសាំសុងដាក់ពន្ធធនាគារ ២ ឆ្នាំកន្លះ ពីបទពុករលួយ និងសូកប៉ាន់ ។ លោក Lee គឺជាកូនប្រុសរបស់អតីតប្រធានក្រុមហ៊ុនសាំសុងលោក Lee Kun-hee ដែលលោកខ្លួនឯងផ្ទាល់គឺជាកូនប្រុសរបស់ស្ថាបនិកក្រុមហ៊ុនសាំសុង លោក Lee Byung-chul ។ សាំសុង គឺជា chaebol ដ៏ធំបំផុតរបស់កូរ៉េ ដែលសំដៅដល់ក្រុមហ៊ុនឧស្សាហកម្មពហុផលិតផលដ៏ធំបំផុត នៅប្រទេសកូរ៉េ ។

/

លោក Lee ត្រូវបានតុលាការចោទប្រកាន់ពីបទផ្ដល់ប្រាក់ ៨ លានដុល្លារអាមេរិក និងសេះជាច្រើនក្បាលធ្វើជាគ្រឿងសូកប៉ាន់ទៅឱ្យមិត្ដភក្ដិរបស់អតីតប្រធានាធិបតីកូរ៉េគឺអ្នកស្រី ផាក គឺនហេ ដែលរូបអ្នកស្រីផ្ទាល់ បច្ចុប្បន្ន កំពុងទទួលទោសជាប់ពន្ធធនាគារ ក្រោយផ្ដន្ទាទោសលើរឿងក្ដីសូកប៉ាន់ ។ លោក Lee ត្រូវបានគេរកឃើញថា បានប្រើឥទ្ធិពលចំពោះការអនុម័តរបស់រដ្ឋាភិបាល លើក្រុមហ៊ុនរួមទុនមួយរវាងសាខាក្រុមហ៊ុនសាំសុងចំនួនពីរ ។

នេះជាលើកទី២ ហើយ ដែលលោក Lee ត្រូវបានតុលាការបញ្ជូនទៅដាក់ពន្ធនាគារពីបទសូកប៉ាន់ ។ កាលពីឆ្នាំ ២០១៧ លោក Lee ត្រូវបានផ្ដន្ទាទោសពីបទសូកប៉ាន់អតីតប្រធានាធិបតីកូរ៉េ និងមិត្ដជិតស្និទ្ធម្នាក់របស់ប្រធានាធិបតីរូបនោះ ។ លោក Lee បានជាប់ពន្ធនាគារ ១ ឆ្នាំ ក្រោយការប្រកាសផ្ដន្ទាទោស នាឆ្នាំនោះ ។

ទោះជាយ៉ាងណា ការកាត់ទោសដាក់ពន្ធនាគារចំពោះលោក Lee អាចមានផលប៉ះពាល់អវិជ្ជមាន ដល់ប្រតិបត្ដិការអាជីវកម្មរបស់ក្រុមហ៊ុនសាំសុង ដែលជាក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំបំផុតរបស់ពិភពលោក ប៉ុន្ដែវាទំនងជាមិនមានផលប៉ះពាល់ធ្ងន់ធ្ងរប៉ុន្មាននោះទេ ៕  

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist