យប់ទីពីរក្នុងការធ្វើបាតុកម្មទូទាំងប្រទេស ប្រឆាំងនឹងប្រធានាធិបតីទើបជាប់ឆ្នោត លោក Donald Trump បានប្រែក្លាយទៅជាអំពើហិង្សានៅ Portland ក្នុងរដ្ឋ Oregon ។

/

បាតុកម្មប្រឆាំងលោក Trump នៅ Oregon

មនុស្សរាប់ពាន់នាក់បាននាំគ្នាចេញមកធ្វើបាតុកម្មនៅក្នុងក្រុង Portland ក្នុងរដ្ឋ Oregon នៃសហរដ្ឋអាមេរិក។ ហាងទំនិញ និងហាងរថយន្តនានា ត្រូវបានវាយបំផ្លាញ នាំឱ្យនគរបាលប្រកាសអាសន្ន នេះបើតាមទំព័រ BBC ។ ក្រុមបាតុករបានដុតផៅ និងដុតធុងដាក់សំរាម។ ប៉ុន្តែ បាតុកម្មនេះ មានលក្ខណៈតូចជាង បើធៀបនឹងបាតុកម្មកាលពីថ្ងៃទី៩វិច្ឆិកា។

នគបាលនៅ Portland ឱ្យដឹងថា “ក្រោយពីការស្នើឱ្យបញ្ឈប់ការតវ៉ា នគរបាលបានប្រើប្រាស់កម្លាំងដើម្បីចាប់ខ្លួន និងបំបែកហ្វូងបាតុករ”។

បណ្ដាបាតុកម្មដែលត្រូវបានធ្វើឡើងដើម្បីប្រឆាំងនឹងលោក Donald Trump នៅតែត្រូវបានធ្វើបន្តនៅក្នុងបណ្ដាក្រុងនានានៃសហរដ្ឋអាមេរិក ក្នុងនោះមាន Los Angeles, Philadelphia, Denver, Minneapolis, Baltimore, Dallas និងក្រុង Oakland ក្នុងក្រុងរដ្ឋ California។

ក្រុមបាតុករភាគច្រើនគឺជាយុវវ័យ ពួកគេយល់ថា ការឡើងកាន់អំណាចរបស់លោក Trump នឹងបង្កឱ្យមានការរើសអើងជាតិសាសន៍ និងយេនឌ័រ (ភេទ)។

/

បាតុកម្មប្រឆាំង Donald Trump នៅ  Los Angeles

នគរបាលនៅ Portland បានចោទប្រកាន់បាតុករមួយចំនួនដែលប្រដាប់ដោយដុំថ្ម។ លោក Trump ក៏បានរិះគន់ក្រុមបាតុករ ក្រោយពីមានជំនួបជាមួយប្រធានាធិបតី Obama នៅសេតវិមាន។

លោក Trump បានសរសេរនៅលើទំព័រ Twitter របស់ខ្លួនថា “នេះគឺជាការបោះឆ្នោតប្រកបដោយការបើកទូលាយ និងជោគជ័យ។ ពេលនេះ ក្រុមបាតុករជំនាញ កំពុងតែធ្វើបាតុកម្ម។ ពិតជាមិនមានយុត្តិធម៌សោះ”។

មកដល់ពេលនេះ នៅមិនទាន់មានព័ត៌មានស្ដីអំពីអំពើហិង្សាក្នុងបាតុកម្មនៅកន្លែងផ្សេង បើទោះដងផ្លូវហាយវ៉េកាត់តំបន់ Minneapolis ត្រូវបានបិទក្នុងរយៈពេលខ្លី។

នៅ Philadelphia ក្រុមបាតុករបានប្រមូលផ្ដុំគ្នានៅ Citi Hall ជាការិយាល័យកណ្ដាលរបស់ក្រុង បានលើកបដាដែលសរសេរថា “មិនមែនជាប្រធានាធិបតីរបស់យើង”, “ចូរធ្វើឱ្យប្រទេសអាមេរិកមានសុវត្ថិភាពសម្រាប់មនុស្សរាល់គ្នា”។ល។

នគរបាលនៅ Baltimore ឱ្យដឹងថា ក្រុមបាតុករប្រមាណជា ៦០០ បាននាំគ្នាហែក្បូនដោយសន្តិវិធី។ សិស្សសាលានៅ San Francisco ក៏បានចេញធ្វើបាតុកម្ម ដោយលើកបដា និងទង់ជាតិ Mexico ដើម្បីសំដែងការតវ៉ាប្រឆាំងនឹងគោលនយោបាយរបស់លោក Trump ដែលប្រឆាំងនឹងក្រុមមនុស្សនេះ។

ហ្វូនមនុស្សមួយក្រុមក៏បានប្រមូលផ្ដុំគ្នានៅខាងក្រៅវិមាន Trump នៅ Chicago ផងដែរ។

នៅ New York ក្រុមបាតុករក៏បានត្រលប់មកកាន់វិមាន Trump ក្នុងយប់ទីពីរដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត៕

ប្រែសម្រួល ៖ តារាប្រភព ៖ BBC