ភ្នំពេញ៖ លោក នេត្រ ដារ៉ាឧត្តម ដែលមហាជនទូទៅស្គាល់ តាមរយៈឈ្មោះក្នុងសិល្បៈថា ផប់ បានឈានជើងចូល ប្រឡូកក្នុងសិល្បៈ រយៈពេលប្រមាណជា ២ឆ្នាំមកហើយ និងក្លាយជាតារាសម្តែង មួយរូបកំពុងតែបោះ ជំហានទៅរក ភាពល្បីល្បាញ នៅក្នុងពិភពសិល្បៈ ។

មិនតែប៉ុណ្ណោះ តារាសម្តែងរូបនេះ ត្រូវបានហាជន និងស្រទាប់យុវវ័យ ស្គាល់យ៉ាងច្បាស់តាមរយៈ ការសម្តែងខារ៉ាអូខេបទ “ពិន្ទុ១០០” ច្រៀងដោយ មាស សុខសោភា នៅក្នុងផលិតកម្មថោន ។ នាពេលកន្លងមក តារាសម្តែងមាឌធំរូបនេះ ធ្លាប់សម្តែងខារ៉ាអូខេ បទចម្រៀងឲ្យបណ្តា ផលិតកម្មធំៗ នៅក្នុងប្រទេស បានមួយចំនួន ក្នុងនោះមាន ដូចជាផលិតកម្ម ហង្សមាស , សាន់ដេ ,អឹម ,ថោន និងផលិតកម្ម ប៊ិកមេន ជាដើម ។

ចំពោះការសម្តែងខារ៉ាអូខេ បទចម្រៀងវិញ នេត្រ ដារ៉ាឧត្តម ហៅ ផប់ ធ្លាប់បានសម្តែង ប្រមាណជាជាង ១០ បទមកហើយ ។ ចំពោះបទទាំងនោះត្រូវបានមហាជន និងស្រទាប់យុវវ័យស្គាល់ យ៉ាងច្បាស់តាមរយៈការបទពិន្ទុ១០០ របស់មាស សុខសោភា និងថ្មីៗនេះលោក បានសម្ដែងក្នុងបទ សង្សារតែឈ្មោះ របស់ កញ្ញា សុខ ពិសី ក្នុងនោះគេបានស្គាល់ថា លោកគឺជាប្រុសព្រាន ។

កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅថ្មីៗ នេះនៅក្នុងជំនួបជាមួយ LookingTODAY ក្នុងឱកាសថត MTV របស់ផលិតកម្ម ថោន លោក ផប់ បានសារភាពត្រង់ៗដោយ មិនលាក់លៀមប្រាប់ឲ្យដឹងថា ខ្ញុំពិតជាមានចិត្ត ជាព្រាននារីពិតមែន ព្រោះខ្ញុំចូលចិត្តធ្វើបាប ចិត្តនារីៗណាស់ដែល ស្រឡាញ់ខ្ញុំខ្លាំង។

តារាសម្តែង នេត្រ ដារ៉ាឧត្តម បានប្រាប់ឲ្យដឹងទៀតថាចំពោះការដែលខ្ញុំ មានចិត្តជាព្រាននារីនេះ គឺគ្រាន់តែជាការសម្តែង នៅក្នុងអត្ថន័យនៅក្នុង បទចម្រៀងតែប៉ុណ្ណោះ ព្រោះខាងផលិតកម្មភាគច្រើន គេតម្រូវឲ្យខ្ញុំសម្តែង ជាតួអង្គបែបនេះ ដោយសារគេមើលឃើញខ្ញុំ សម្តែងជាតួអ៊ីចឹងស័ក្ដិសម នឹងមុខមាត់របស់ខ្ញុំ តែបើនៅខាងក្រៅវិញ ខ្ញុំមិនអ៊ីចឹងនោះទេ ។

បច្ចុប្បន្នតារាសម្តែងមុខកាច នេត្រ ដារ៉ាឧត្តម ហាក់មមាញឹក នឹងការងារសិល្បៈច្រើនគួរសម ព្រោះត្រូវថតឲ្យ ផលិតកម្មក្នុងស្រុកជាច្រើន ហើយថ្មីៗនេះ លោកទើបតែថតឲ្យផលិតកម្ម ប៊ិកមែន និងផលិតកម្ម ថោន ៕

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល