កំពង់ឆ្នាំង ៖ ដោយសារតែចាញ់ល្បែង អស់លុយរលីងពីខ្លួននិងម្យ៉ាងទៀត ម៉ូតូដែល ជិះទៅបង្រៀនជារៀង រាល់ថ្ងៃបានលក់និង ដាក់បញ្ចាំអស់ទៀតនោះ បានធ្វើឱ្យ លោក គ្រូបង្រៀនម្នាក់ក្រពុលមុខ គិតអ្វីមិនចេញ និងទំនងមួរម៉ៅនឹងម្ដាយចាស់ជរា ដែលនៅ ផ្ទះផងនោះ បានដុតកំទេចចោលផ្ទះរបស់ខ្លួន អស់គ្មានសល់ រួចហើយគេចខ្លួនមិនដឹងជាទៅ ណា បន្សល់ទុកឱ្យម្ដាយ ដែលមានអាយុរហូត ទៅដល់៨៦ឆ្នាំ រស់នៅគ្មានទីជម្រក។

ហេតុការណ៍លោកគ្រូបង្រៀននៅបឋមសិក្សាដុតកំទេចផ្ទះខ្លួនឯង ដោយសារតែ ចាញ់ល្បែងអស់រលីងពីខ្លួនខាងលើនេះ បាន កើតឡើងកាលពីវេលា ម៉ោងប្រហែល ៨និង ៣០នាទីយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១២ ស្ថិត នៅក្នុងភូមិចំបក់កន្ទ្រាញ  ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង បណ្ដាលឱ្យផ្ទះ មួយខ្នង ធ្វើពីឈើឆេះ ហ្មត់គ្មានសល់ ខូចខាត ទ្រព្យសម្បត្ដិអស់មួយចំនួន ប៉ុន្ដែមិនទាន់ដឹង ថា មានទំហំប៉ុន្មាននោះ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិកើតហេតុបានឱ្យដឹងថា ជនដែលដុតផ្ទះខ្លួនឯងខាងលើនេះ មាន ឈ្មោះស្រ៊ន សុខុម ភេទប្រុស អាយុ៣២ឆ្នាំ មានមុខរបរជាគ្រូបង្រៀននៅសាលាបឋម សិក្សាតាំងក្រសាំង  ដែលបច្ចុប្បន្នរស់នៅពីរ នាក់ម្ដាយឈ្មោះសៀក ឃីម អាយុ៨៦ឆ្នាំ ហើយក្រោយ ពីបានដុតផ្ទះខ្លួនឯងរួច ជននេះ មិនដឹងជាទៅណានោះឡើយ ដោយឡែក ម្ដាយដែលមានវ័យចាស់ជរា គ្មានជម្រកស្នាក់ នៅឡើយ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងទៀតថា មូលហេតុដែលនាំឱ្យលោកគ្រូបង្រៀនម្នាក់នេះដុតកំទេចផ្ទះខ្លួនឯងយ៉ាងដូច្នេះ ដោយសាររូបគេបានចាញ់ល្បែងរបៀរអាប៉ោងអស់លុយពីខ្លួនរលីងហើយកន្លងមកម៉ូតូ ចំនួន២គ្រឿង បានយកទៅលក់និងបញ្ចាំគ្មានដល់ ដោយសារតែងុបនិងល្បែងខ្លាំងពេក ។

បើតាមប្រជាពលរដ្ឋល្បែងដែលជននេះ ចាញ់លុយអស់ជាច្រើននោះ គឺស្ថិតនៅទីប្រជុំ ជនផ្សារមាស ក្នុងស្រុកទឹកផុស ប៉ុន្ដែគេមិន ដឹងច្បាស់ថា ល្បែងនៅទីនោះមានប៉ុន្មាន កន្លែងឡើយ ។ ដូច្នេះបើមានវង់ល្បែងខុស ច្បាប់ខាងលើនេះមែន ប្រជាពលរដ្ឋសង្ឃឹម ថា អាជ្ញាធរនិងសមត្ថកិច្ចនិងមានវិធានការ ជួយលុបបំបាត់វង់ល្បែងទាំងនេះផង។

យ៉ាងណាក៏ដោយ ស្ដ្រីចំណាស់ជាម្ដាយ បាននិយាយថា មូលហេតុដែលកូនរបស់ខ្លួន ដុតផ្ទះខ្លួនឯងយ៉ាងដូច្នេះ ដោយសារតែមាន ជំងឺសរសៃប្រសាទ ប៉ុន្ដែសម្រាប់អ្នកភូមិវិញ បានសង្ស័យថា មកពីចាញ់ល្បែង ទើបបាន ជាមកដុតផ្ទះខ្លួនឯង យ៉ាងដូច្នេះទៅវិញ ៕

/

/

/

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល