តៃវ៉ាន់ ៖ លោក Ken Chu ដែលជាសមាជិកម្នាក់នៅក្នុងក្រុម F4 បានសម្រេចចិត្តដឹកដៃនាង Han Wen Wen ចូលរោងការនៅថ្ងៃទី ០៣ ខែកញ្ញានេះ នៅឯកោះបាលី ហើយពិធីមង្គលការនេះបានប្រារព្ធធ្វើឡើងយ៉ាងយ៉ាងអធិមអធមទៀតផង ។ 

បើយោងតាមរបាយការណ៍លម្អិតពីគេហទំព័រ លោក Asianpopnews បានឲ្យដឹងថា Ken បានធ្វើឲ្យកូនក្រមុំស្រក់ទឹកភ្នែកដោយក្តីរំភើបនៅពេលដែលគាត់ថ្លែងនៅចំពោះមុខភ្ញៀវកត្តិយសទាំងអស់ថា អូនតែងតែជាមនុស្សដែលនៅក្បែរបង នៅពេលដែលបងគ្មានទីរំពឹង ហើយក៍អរគុណដែលព្រមឲ្យបងធ្វើជាកូនកំលោះរបស់អូន ។ 

Ken បានបន្ថែមទៀតថា បងចាប់ផ្តើមលង់ស្រលាញ់អូនតាំងពីពេលដែលយើងជួបគ្នាដំបូងមកម្ល៉េស ជាពិសេសគឺកែវភ្នែកដ៍ស្រស់ស្អាតទាំងគូរបស់អូន ។  

ហើយអ្វីដែលរំជួលចិត្តជាងគេគឺនៅពេលដែលលោក Ken បាននិយាយថា គ្រប់ពេលដែលមានអូននៅក្បែរបង គឺបងតែងតែជាមនុស្សដែលអស្ចារ្យបំផុត ប៉ុន្តែប្រសិនបើគ្មានអូនទេ បងគឺគ្រាន់តែមនុស្សអត់បានការ និងជាមនុស្សគ្មានភាពរ៉ូមែនទិចអ្វីនោះទេ ហើយអូនជាមនុស្សដែលតែងតែសង្រ្គោះបង លួងលោមបង នឹងនៅក្បែរបងគ្រប់ពេលដែលបងជួបបញ្ហា ។ ហើយបងចង់អរគុណអូន ដែលបានផ្តល់ឱកាសឲ្យបងបានក្លាយជាស្វាមីរបស់អូន​ ហើយចាប់ពេលនេះតទៅ លុយកាក, បេះដូង និងគ្រប់យ៉ាងរបស់បងគឺជារបស់អូនតែម្នាក់គត់ ។

ក្រោយស្តាប់ពាក្យសម្តីដ៍គួរឲ្យរំភើបទាំងនេះហើយ នាង Han Wen Wen ដែលជាកូនក្រមុំក៍ជូតទឹកភ្នែក ហើយនិយាយត្រលប់ទៅកូនកំលោះវិញថា ទោះបីជាពិភពលោកនេះ មិនជឿជាក់ ឬ មិនត្រូវការបង ប៉ុន្តែនៅមានអូននឹងនៅក្បែរបងជានិច្ច ៕

/

/

/

/

/

/

/

/

/

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ lollipop