(ពិភពលោក)៖ មនុស្សភាគច្រើនគិតថា តំបន់ដែលមានអាថ៌កំបាំង និងមានមនុស្សទៅដល់តិចតួច គឺជាកន្លែងដ៏អស្ចារ្យបំផុតសម្រាប់ពួកគេ។ បើអ្នកជាមនុស្សចូលចិត្តការធ្វើដំណើរច្រើន និងស្វែងយល់ពីអ្វីដែលប្លែកៗ អ្នកច្បាស់ជាចង់ដឹងចង់លឺជាខ្លាំងចំពោះតំបន់ដែលគេហាមឃាត់។
ខាងក្រោមនេះ ជាទីតាំងសំខាន់ៗទាំងប្រាំលើពិភពលោកដែលមានអាថ៌កំបាំងបំផុត៖
១៖ អគារផ្ទុកគ្រាប់ពូជរុក្ខជាតិគ្រប់ប្រភេទលើសកលលោក (ប្រទេស ណ័រវេស)អគារដែក Svalbard Global Seed Vault ស្ថិតនៅក្នុងជម្រៅ១២០ម៉ែត្រ ក្នុងថ្មភក់នៃភ្នំមួយនៅកោះ Spitsbergen ប្រទេស ណ័រវេស គឺស្ថិតនៅតំបន់អាក់ទិកដ៏ដាច់ស្រយ៉ាល និងចម្ងាយប្រមាណត្រឹម១.៣០០គីឡូម៉ែត្រពីអឌ្ឍគោលខាងជើង។ ទូដែកសម្រាប់រក្សាគ្រាប់ពូជរុក្ខជាតិនេះ ត្រូវទទួលបានការការពារយ៉ាងតឹងរឹងបំផុត ព្រោះវាជាឃ្លាំង ផ្ទុកគ្រាប់ពូជរបស់រុក្ខជាតិគ្រប់ប្រភេទទូទាំងសកលលោក។
ទូនេះត្រូវបានដាក់ប្រើប្រាស់ជាលើកដំបូងកាលពីខែកុម្ភៈ ឆ្នាំ២០០៨កន្លងទៅនេះ ដែលត្រូវបានគេចាត់ទុកជាទូដែកដ៏មានសុវត្ថិភាព សម្រាប់ការពារគ្រាប់ពូជទប់ទល់នឹងគ្រោះមហន្តរាយខ្វះស្បៀងអាហារលើសកលលោក។ គ្រាប់ពូជរុក្ខជាតិប្រមាណ២៥០លានប្រភេទ ដែលប្រមូលមកពីទូទាំងពិភពលោក ត្រូវបានវេចខ្ចប់យ៉ាងត្រឹមត្រូវរហូតដល់បួនជាន់ ដើម្បីប្រឆាំងសំណើម និងការខូចខាត។ អគារនេះបានរក្សានូវគំរូគ្រាប់ពូជដែលងាយផុតពូជជាយថាហេតុ ឬដោយគ្រោះធម្មជាតិជាដើម។
ហេតុផលដែលជម្រុញឱ្យអ្នកវិទ្យាសាស្ត្រជ្រើសរើសកោះ Spitsbergen នេះជាទីតាំងរក្សាគ្រាប់ពូជ ដោយសារ កោះនេះមិនត្រូវបានរងការគំរាមកំហែងដោយបច្ចេកវិទ្យា មានការការពារខ្ពស់ មានកម្ពស់ប្រមាណ១៣០ម៉ែត្រពីនីវ៉ូសមុទ្រ ហើយទីតាំងទាំងអស់របស់វាអាចធានាបានថាស្ថិតនៅក្នុងភាពស្ងួតជាប្រចាំ។ ហេតុនេះ គ្រាប់ពូជទាំងអស់នឹងនៅតែមានសុវត្ថិភាព បើទោះបីជាមានកំណើនផែនដីខ្ពស់ បង្កឱ្យផែនទឹកកកនៅតំបន់ប៉ូលរលាយក្តី។
តាមរយៈការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានបង្ហាញថាគ្រាប់ពូជនៅលើកោះនេះ អាចនៅមានជីវិតរហូតដល់រាប់រយឆ្នាំ ឬដល់រាប់ពាន់ឆ្នាំក៏អាចថាបាន។ អ្នកវិទ្យាសាស្ត្រម្នាក់បានលើកឡើងថា «លុះត្រាតែអ្នកជាអ្នកស្រាវជ្រាវ និងជាអ្នកបណ្តុះគ្រាប់ពូជប៉ុណ្ណោះ ទើបអ្នកត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងអគារពាសដែកនេះ»។
២៖ កោះឯកជន Ni’ihau (រដ្ឋហាវ៉ៃ)វាជាកោះដែលមានមនុស្សរស់នៅតូចជាងគេ។ កោះនេះសម្បូរទៅដោយដើមដូងដុះទ្រេតៗ និងសត្វកម្រជិតផុតពូជ។ យ៉ាងនេះក្តីកោះនេះមិនសូវមានអ្នកទេសចរណ៍ច្រើនឡើយ មូលហេតុដោយសារកោះដែលមានទំហំ១៨០គីឡូម៉ែត្រការ៉េនេះ ត្រូវបានហាមឃាត់ចំពោះមនុស្សមកពីតំបន់ផ្សេងៗ។
សូមរំលឹកថា កោះនេះត្រូវបានអតីតស្តេចកោះហាវៃ Kamehameha លក់ឱ្យគ្រួសារត្រកូលRobison ដ៏លេចធ្លោមួយ ដែលជាម្ចាស់ចម្កាដ៏ស្តុកស្តម្ភ កាលពីឆ្នាំ១៨៦៣។ កោះនេះទើបតែត្រូវបានហាមឃាត់មនុស្សពីខាងក្រៅក្នុងឆ្នាំ១៩១៥។ ហេតុនេះ ជីវិតរស់នៅលើកោះនេះ មានលក្ខណៈប្លែក។
អ្នកស្រុករស់នៅជាអចិន្ទៃ្រមានប្រមាណ១៣០គ្រួសារប៉ុណ្ណោះដែលជាជនជាតិដើមហាវ៉ៃ។ ពួកគេរស់នៅដោយមានការចំណាយ គ្មានផ្លូវក្រាលកៅស៊ូ គ្មានសេវាកម្មទូរសព្ទ គ្មានប្រព័ន្ធបង្ហូរទឹក គ្មានហាងលក់ទំនិញអ្វីទាំងអស់។ មនុស្សប្រើប្រាស់សេះ ឬកង់ដើម្បីធ្វើដំណើរ ទូកធំៗសម្រាប់ដឹកស្បៀងអាហារពីកោះដែលនៅជិតៗនោះ និងប្រើប្រាស់ពន្លឺព្រះអាទិត្យជាថាមពល។ កុមារត្រូវបានអនុញ្ញាតឱ្យជិះកាណូតទៅសិក្សានៅកោះ Kauai ជារៀងរាល់សប្តាហ៍។
បើទោះបីជាកោះនេះមានទំហំតូច ប៉ុន្តែវាជាកន្លែងប្រវត្តិសាស្ត្រដ៏សំខាន់មួយ។ បន្ទាប់ពីការវាយប្រហារទៅលើកោះPearl Harbor អ្នកបើកបរយន្តហោះជនជាតិជប៉ុន បានជិះយន្តហោះធ្លាក់នៅលើកោះនេះ ហើយបានបង្កភាពភ័យខ្លាចដល់ស្រុកនេះអស់រយៈពេលមួយសប្តាហ៍។ ក្នុងឆ្នាំ១៩៤៤ ប្រធានាធិបតីសហរដ្ឋអាមេរិក Franklin D Roosevelt ធ្លាប់មានបំណងដាក់កោះនេះ ជាទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ។
រហូតមកទល់បច្ចុប្បន្ននេះកោះដ៏អាថ៌កំបាំងនេះ នៅតែបន្តការរឹតបន្តឹងជាប់ជានិច្ច។ ឆ្មាំល្បាតប្រចាំកោះ តែងតែយាមចាំដើម្បីការពារមិនឱ្យមានការចូល សំចតនៅលើកោះនេះ។ គ្មានអ្នកណាម្នាក់ត្រូវបានអនុញ្ញាតឱ្យចូលទៅកោះនេះ ដោយគ្មានការអញ្ជើញពីអ្នកនាក់នៅលើកោះបានឡើយ។ យ៉ាងនេះក្តីមានល្បិច មួយចំនួនសម្រាប់អ្នកទេសចរណ៍ដែលចង់លបមើលកោះនេះ។ កាលពីឆ្នាំ១៩៨៧ ក្នុងចូលកំសាន្តនៅលើកោះនេះ ត្រូវបានគេអនុញ្ញាត បន្ទាប់ទទួលបានការ អញ្ជើញពីអ្នករៀបចំដំណើរកំសាន្តដែលរស់នៅលើកោះនេះផ្ទាល់។
៣៖ មូលដ្ឋានទ័ពអាកាស Royal Air Force Menwith Hill (អង់គ្លេស)វាជាមូលដ្ឋានទ័ពអាកាស ក្នុងតំបន់ North Yorkshire ប្រទេស អង់គ្លេស ដែលត្រូវបានគេជឿថា ជាស្ថានីយ៍អង្កេតតាមដានប្រព័ន្ធអេឡិចត្រូនិច ធំជាងគេលើពិភពលោក ដែលចាប់បានប្រព័ន្ធទំនាក់ទំនងទាំងអស់ ដើម្បីប្រមូលផ្តុំព័ត៌មានសម្រាប់ការស៊ើបអង្កេតរបស់អង់គ្លេស និងសហរដ្ឋអាមេរិក។
មូលដ្ឋានដ៏អាថ៌កំបាំងនេះ ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៥៤ ដើម្បីតាមដានប្រព័ន្ធទំនាក់ទំនងរបស់សហភាពសូវៀត ក្នុងសម័យសង្គ្រាមត្រជាក់។ តែបច្ចុប្បន្នគ្មានអ្នក ណាម្នាក់បានដឹងទេថា តើមូលដ្ឋាននេះត្រូវបានប្រើប្រាស់សម្រាប់ធ្វើអ្វី។ ប៉ុន្តែមានការលើកឡើងថា វាជាកន្លែងស៊ើបអង្កេតទៅលើសកម្មភាព ភេវរករអន្តរជាតិ និងសកម្មភាពជួញដូរថ្នាំញាណ ក៏ដូចជាជាស្ថានីយ៍ផ្កាយរណបរបស់សហរដ្ឋអាមេរិក។
វាត្រូវបានគេជឿជាក់ថា មានទំនាក់ទំនងជាមួយក្រុម ECHELON និងជាបណ្តាញចារកម្មរបស់ប្រទេសសំខាន់ៗលើពិភពលោកគឺអូស្ត្រាលី កាណាដា ញូវហ្សេឡែន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ ជាអកុសគ្មានផ្លូវអ្នកណាម្នាក់ ត្រូវបានអនុញ្ញាតឱ្យចូលមកទីនេះឡើយ លើកលែងតែសមាជិករបស់ភ្នាក់ងារសន្តិសុខអាមេរិក NSA និងក្រុម ECHELON។
៤៖ បន្ទប់រក្សាឯកសារប្រវត្តិសាស្ត្រជាសម្ងាត់ (បុរីវ៉ាទីកង់)ទីនោះ អាចចាត់ទុកជាបណ្ណាល័យដែលមានលក្ខណៈឯកជនបំផុតនៅលើពិភពលោក វាមិនមែនជាបណ្ណាល័យធម្មតាឡើយ។ នៅទីនោះមានផ្ទុកឯកសារ និងព័ត៌មានឯកជនទាំងអស់របស់សម្តេចប៉ាបគ្រប់រូប តាំងពីសតវត្សរ៍ទី៨មកម្ល៉េះ។ វាត្រូវបានហាមឃាត់មិនឱ្យអ្នកណាម្នាក់ក្រៅពីបុគ្គលសំខាន់របស់វ៉ាទីកង់ចូលបានឡើយ។ ឯកសារសម្ងាត់ជាច្រើន ត្រូវបានរក្សាដោយការចាក់សោរ ព្រមទំាងមានភាពស្មុគស្មាញជាខ្លាំងសម្រាប់អ្នកចង់យកឯកសារទាំងនោះមកអាន។ មានតែអ្នកប្រាជ្ញដែលមានលក្ខខ័ណ្ឌគ្រប់គ្រាន់ប៉ុណ្ណោះ ដែលអាចចូលទៅទីនោះបាន ដោយប្រើប្រាស់កាតពិសេស។ ការស្នើចូលកន្លែងរក្សាឯកសារនេះ ចាំបាច់ត្រូវប្រាប់ព័ត៌មានផ្ទាល់ខ្លួន គោលដៅក្នុងការស្រាវជ្រាវ ព្រមទាំងមានលិខិតបញ្ជាក់ពីវិទ្យាស្ថានស្រាវជ្រាវជ្រាវទើបអ្នកប្រាជ្ញទាំងនោះអាចចូលបាន។
សូមជម្រាបថា បន្ទប់ផ្ទុកឯកសារនេះពិតជាធំទូលាយជាខ្លាំង សូម្បីធ្នើដាក់ឯកសារមានប្រវែងរហូតដល់៨៥គីឡូម៉ែត្រ និងមានឯកសារចំនួន៣៥ពាន់ដុំ។
៥៖ តំបន់៥១ (ប្រទេស ណេវ៉ាដា)តើមានអ្វីកើតឡើងនោះតំបន់៥១ ក្នុងទីក្រុង Vegas ប្រទេស ណេវ៉ាដា? វាត្រូវបានគេចាត់ទុកជាកន្លែងដ៏អាថ៌កំបាំងដែលមាន ចម្ងាយប្រមាណ៨០ម៉ាយពីភាគខាងជើងនៃប្រទេសនេះ។
ពាក្យថា តំបន់៥១នេះ ត្រូវបានប្រើប្រាស់ដំបូងក្នុងសម័យសង្គ្រាមវៀតណាម ក្នុងឯកសាររបស់ភ្នាក់ងារស៊ើបអង្កេតCIA វាជាមូលដ្ឋានយោធា និងវាលយន្តហោះដែលបានរក្សាការសម្ងាត់ខ្ពស់បំផុត។ តើពួកគេកំពុងធ្វើការស៊ើបអង្កេតទៅលើយន្តហោះរបស់ពួកភពក្រៅដែលបានធ្លាក់នៅលើផែនដី ឬជាទីតាំងផលិតពន្លឺឡាស៊ែ ឬអាវុធពិសេស? ឬក៏ជាកន្លែងសម្រាប់ពិសោធន៍ការហោះហើររបស់យន្តហោះនានា? អ្វីដែលជាការពិតបំផុតគឺ គ្មានអ្នកណាម្នាក់អាចដឹងបានឡើយ។ រាល់សកម្មភាពទាំងអស់ក្នុងតំបន់៥១នេះ ត្រូវបានចាត់ទុកជារឿងដ៏អាថ៌កំបាំងបំផុត។ ការចូលទៅកាន់ទីនោះ ត្រូវបានគេហាមឃាត់យ៉ាងតឹងរឹងបំផុត បើទោះបីជាមានមនុស្សជាច្រើនព្យាយាមបែបណាក្តី៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង