ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃ ទៀតប៉ុណ្ណោះ តារាកំប្លែងសម្បូរ វោហារសារស័ព្ទចាក់ទឹក មិនលិច អ្នកនាង សុខ ច័ន្ទធីតា ហៅ កាតុ ត្រូវអូសវ៉ាលីត្រឡប់មក មាតុភូមិកំណើតវិញ ជាមួយតារាសម្តែង អ្នកមេម៉ាយក្តៅស្រួយ កែវ នីសា ។ បើគិតមកដល់ពេលនេះ មានរយៈពេល ២ខែមកហើយ ដែល កាតុ ជាមួយ កែវ នីសា បានជិះយន្តហោះ ទៅសម្តែងនៅលើទឹកដី សម្បូរដុល្លារសហរដ្ឋអាមេរិក ។
ខណៈកំពុងតែសម្តែង នៅលើទឹកដីសហរដ្ឋអាមេរិក និងជិតដល់ថ្ងៃត្រូវត្រឡប់ មកមាតុភូមិកំណើតវិញ តារាកំប្លែងស្រីមាត់ ដាចប៉ប៉ាច់ប៉ប៉ោច សម្បូរ ទេពកោសល្យ នៅក្នុងពិភពសិល្បៈ រូបនេះ ត្រូវបានអ្នកដែលរស់នៅលើ ទឹកដីអាមេរិក លួចបង្ហើបប្រាប់ Looking TODAY ឲ្យដឹងថា កាតុ បានធ្វើឲ្យប្រុស ៗ នៅសហរដ្ឋអាមេរិក ជ្រួលច្របល់ និងជ្រួលជ្រើម ក្នុងចិត្តគ្រប់ៗគ្នា ។
ប្រភពដដែល បានបង្ហើបទៀតថា មូលហេតុដែល អ្នកនាង សុខ ច័ន្ទធីតា ហៅ កាតុ ធ្វើឲ្យប្រុសៗ ជ្រួលជ្រើម និងជ្រួលច្របល់ក្នុងចិត្ត ដោយសារនាង បានប្រកាសប្រាប់ អ្នកនៅទីនោះថា នាងជិតដល់ថ្ងៃត្រឡប់មកស្រុកកំណើត ប្រទេសកម្ពុជាវិញហើយ ។ មិនត្រឹមតែប្រុសៗ ប៉ុណ្ណោះទេ សូម្បីតែស្រីៗ ដែលជាជនជាតិខ្មែរ រស់នៅលើទឹកដី សហរដ្ឋអាមេរិក ក៏បានសម្តែងអារម្មណ៍នឹករឭកផងដែរ នៅពេលពួកគេ បានដឹងថា កាតុ និង កែវ នីសា ត្រូវត្រឡប់មក ប្រទេសកម្ពុជាវិញ ក្នុងពេលឆាប់ៗនេះ។
បើតាមប្រភពពីអ្នករស់នៅសហរដ្ឋអាមេរិក និងជាអ្នកស្និទ្ធស្នាលកាតុ បានប្រាប់គេហទំព័រ Looking TODAY ថាបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក ព្រមទាំងជនជាតិអាមេរិកផ្ទាល់ មានការគាំទ្រចំពោះសិល្បករ សិល្បការិនីខ្មែរ យ៉ាងខ្លាំង។ ជាក់ស្តែងដូចជានាង កាតុ និង កែវ នីសា ជាដើម គឺគេគាំទ្រ អ្នកទាំងពីរជាច្រើន ហើយនៅពេលដែលពួកគេដឹងថា អ្នកទាំងពីរ (កាតុ និង នីសា) ត្រូវត្រឡប់មកកម្ពុជាវិញ នៅក្នុងខែមិថុនានេះ បងប្អូនខ្មែរ រស់នៅសហរដ្ឋអាមេរិក ក៏មានគម្រោងធ្វើពិធីជួបជុំ ញ៉ាំអាហារជាមួយគ្នា ដើម្បីជូនដំណើរ អ្នកទាំងពីរផងដែរ ។
ប្រភពដដែលបានបង្ហើបថា បើទោះបីជាគេដឹងថា កាតុ មានប្តីរួចហើយក្តី ក៏មានប្រុសៗ នៅសហរដ្ឋអាមេរិក នៅតែតាមស្រឡាញ់ស្អិត និងសុំនាងរាំជាមួយដែរ ។ តែចំពោះ កាតុ វិញ គឺនាងហាក់ធ្វើធម្មតាៗ មិនមានអ្វីប្រែប្រួលនោះទេ ពោលគឺនាងនៅតែនិយាយលេង បែបកំប្លែង និងរាប់អានធម្មតា គ្មានអ្វីស៊ីជំរៅនោះទេ ៕




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល