កងកម្លាំងប្រជាការពារ Algeria កាលពីម្សិលមិញ បាននាំគ្នាចេញដើរតាមដងផ្លូវក្នុងក្រុង Algiersដើម្បីធ្វើបាតុកម្ម ទាមទារអោយដំឡើងប្រាក់ខែ រួមជាមួយនឹងរបបផ្សេងៗទៀត។

/

កងកម្លាំងនគរបាលប្រឆាំងបាតុកម្ម បានប្រឈមមុខដាក់គ្នាជាមួយក្រុមប្រជាការពារ នៅក្នុងបាតុកម្មមួយ នៅ Algiers កាលពីថ្ងៃទី ៩កាក្កដា ឆ្នាំ ២០១២។ កងកម្លាំងប្រជាការពារ ប្រមាណជាជាង ១២,០០០នាក់ បានប្រមូលផ្ដុំគ្នា នៅរដ្ឋធានី Algeria ដើម្បីទាមទារអោយរដ្ឋាភិបាល ដំឡើងប្រាក់ខែ និងរបបផ្សេងៗអោយពួកគេ អោយបានស្មើនឹងនគរបាល និងទាហាន។

ក្រុមបាតុករនៃកងកម្លាំងប្រជាការពារ នាំគ្នាស្រែកជ័យឃោសន៍ ដំឡើងប្រាក់ខែ និងធ្វើដំណើរតាមដងផ្លូវនានាក្នុងក្រុង។ ក្រោយមក ពួកគេក៏ត្រូវប្រឈមមុខនឹងកងកម្លាំងនគរបាលដែលប្រដាប់ដោយដំបង ខែលការពារ ធ្វើការរារាំង។ ក្រៅពីនេះ កងនគរបាលក៏បានបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករ។ ជាងនេះទៅទៀត បាតុករមួយចំនួន ត្រូវបាននគរបាលបង្រាបយ៉ាងចាស់ដៃផងដែរ។

សូមបញ្ជាក់ថា កងកម្លាំងប្រជាការពារ Algeria ត្រូវបានបង្កើតឡើង កាលពីឆ្នាំ ១៩៩៤ ដោយភូមិនានានៅទូទាំងប្រទេស។ កងកម្លាំងនេះ មានតួនាទីប្រឆាំងនឹងក្រុមអ៊ីស្លាមជ្រុលនិយម។ បច្ចុប្បន្ន កងកម្លាំងប្រជាការពារនេះ មានសមាជិកប្រមានជា ៩៣,០០០នាក់។

គួររំឭកដែរថា កាលពីខែមិនា ឆ្នាំទៅ កម្លាំងប្រជាការពារប្រមាណជា ១០,០០០នាក់ ក៏បាននាំគ្នាតវ៉ាអោយដំឡើងប្រាក់ខែដូចគ្នានេះផងដែរ៕

សូមតាមដានរូបភាពខាងក្រោម ៖

/

/

/

/

/

/

ដោយ​ ៖ សូរីយ៉ាប្រភព ៖ zing