កំពូលអ្នកបញ្ចេញព័ត៌មានចចាមអារ៉ាម ដែលគួរឱ្យទុកចិត្តបំផុត ដោយសារតែកម្រិតនៃភាពត្រឹមត្រូវខ្ពស់ បានប្រកាសឈប់ធ្វើការ បន្ទាប់ពីបានធ្វើសកម្មភាព អស់រយៈពេល ២ឆ្នាំ។

កាលពីប៉ុន្មានម៉ោងមុននេះ Evleaks បានបង្ហោះសារមួយ នៅលើទំព័រ Twitter ប្រកាសអំពីការឈប់ធ្វើសកម្មភាពរបស់ខ្លួន។ Evleaks គឺជាឈ្មោះដែលត្រូវបានក្រុមអ្នកជំនាញខាងព័ត៌មានវិទ្យាស្គាល់ច្រើន លោកគឺជាអ្នកបញ្ចេញបណ្ដាព័ត៌មានបែកធ្លាយដែលមានកម្រិតប្រាកដប្រជាខ្ពស់ អំពីផលិតផលនានា ជាក់ស្ដែងដូចជា បណ្ដាឧបករណ៍របស់ Apple, Nokia, Samsung ឬ Sony ជាដើម។ ប្រសិនជាមានការចាប់អារម្មណ៍ មិត្តអ្នកអាន ប្រហែលជាអាចស្គាល់ ពាក្យ @evleaks របស់អ្នកជំនាញរូបនេះ នៅលើបណ្ដារូបភាពបែបធ្លាយ ដែលត្រូវបានកាសែតចុះផ្សាយជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លង។

បង្ហាញខ្លួន ប្រហែល ២ឆ្នាំមកនេះ Evleaks បានក្លាយជាចំនុចកណ្ដាលរបស់វិស័យបច្ចេកវិទ្យា នៅពេលដែលព័ត៌មានដែលគាត់បញ្ចេញ ភាគច្រើនសុទ្ធសឹងតែជាដំណឹងត្រឹមត្រូវ។ មនុស្សមួយចំនួន ថែមទាំងចាត់ទុកថា លោក Evleaks គឺជាកំពូលអ្នកលេងបច្ចេកវិទ្យា ព្រោះតែព័ត៌មានត្រូវបានបញ្ចេញយ៉ាងឆាប់រហ័ស និងគួរជាទីទុកចិត្ត។
ក៏ប៉ុន្ដែ កាលពីឆ្នាំទៅ Evleaks បានយល់ព្រមដោះ “ស្បៃមុខ” ដើម្បីឆ្លើយតបទៅនឹងកិច្ចសម្ភាសនៅលើទំព័រ Android Police ។ ឈ្មោះពិតរបស់ Evleaks គឺ Evan Blass ជាកំពូលអ្នកបញ្ចេញដំណឹងបែកធ្លាយ ជា “គ្រូ” នៃក្រុមអ្នកសារព័ត៌មានផ្នែកបច្ចេកវិទ្យា។

- អំឡុងពីឆ្នាំ ២០០៥ ដល់ ២០០៨ លោកធ្វើការឱ្យ Engadget និងធ្លាប់កាន់កាប់តំណែងនិពន្ធនាយក នៅទីនេះ។
- ឆ្នាំ ២០១០ លោក Evan ធ្វើការឱ្យ Pocket Now ក្នុងតំណែងដូចខាងលើ។
- ឆ្នាំ ២០១២ លោក ចាប់ផ្ដើមបំបែកខ្លួន ដោយធ្វើការដោយឡែក និងប្រើប្រាស់រហ័សនាមEvleaks ។

រាល់រូបភាពបែកធ្លាយ ដែល Evan Blass បញ្ចេញ គឺតែងតែមានឈ្មោះ @evleaks
-Evan Blass គឺជារាមច្បងរបស់កំពូលអ្នកនិពន្ធរបស់ The Verge ពីររូប គឺ Joshua Topolsky និង Nilay Patel ។
ដោយសារតែមានបញ្ហាសុខភាព មិនអាចអង្គុយធ្វើការយូរបាន លោកក៏ត្រូវបង្ខំចិត្ត ឈប់ធ្វើការពេញម៉ោង។ ប៉ុន្ដែ ដោយសារតែមានទំនាក់ទំនងទូលំទូលាយជាមួយនឹងបណ្ដា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ លោក Evan Blass ក៏បានងាកមកធ្វើការឯករាជ ដោយលក់ព័ត៌មានតាមរយៈទំព័រ twitter @evaleaks ។

ការសម្រេចចិត្តឈប់ពីការងាររបស់ Evan Blass ត្រូវបានគេចាត់ទុកថា ជាការបាត់បង់មួយដ៏ធំ សម្រាប់វិស័យព័ត៌មាន និងក្រុមអ្នកនិយមបច្ចេកវិទ្យា ដោយសារថា ចាប់ពីពេលនេះ តទៅ ពិភពលោក ប្រហែលជាទទួលបានព័ត៌មានបែកធ្លាយដែលមានកម្រិតត្រឹមត្រូវខ្ពស់ និងគួរទុកចិត្ត។ បច្ចុប្បន្ន Evan Blass មិនទាន់បានបង្ហើបឱ្យដឹង អំពីមូលហេតុដែលនាំឱ្យលោក ត្រូវសម្រេចចិត្តឈប់ធ្វើការនោះទេ៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ androidpolice/tech