បច្ចេកវិទ្យារបស់អនាគត នឹងធ្វើឱ្យមានការប្ដូរផ្លាស់ទាំងស្រុង នូវវិធីដែលមនុស្សធ្វើអន្ដរកម្ម ជាមួយនឹងបរិស្ថានខាងក្រៅ។

ក្រុមហ៊ុន Metaio កំពុងអភិវឌ្ឍបច្ចេកវិទ្យាមួយ ថ្មីស្រឡាង មានឈ្មោះថា Thermal Touch ដែលជាបច្ចេកវិទ្យាតភ្ជាប់កាមេរ៉ា អ៊ិនហ្វ្រែរ (infrared camera) និង សេនសឺរពន្លឺ (light sensor) ធ្វើឱ្យរាល់វត្ថុដែលអ្នកប៉ះ សុទ្ធតែក្លាយជាអេក្រង់ថាច់ស្គ្រីន។ បច្ចេកវិទ្យានេះ ពិតជាអាចបំពាក់លើស្មាតហ្វូន និងឧបករណ៍ពាក់ បំណងផ្លាស់ប្ដូរវិធីសាស្ដ្របញ្ជា និងធ្វើអន្ដរកម្ម។

/

ក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យានេះ ជឿថា កាមេរ៉ា អ៊ិនហ្វ្រែរ នឹងក្លាយជាកត្តាមួយដ៏សំខាន់សម្រាប់ឧបករណ៍បច្ចេកវិទ្យា នាពេលអនាគត។ ជំនួសឱ្យការបញ្ជាដោយប្រើគ្រាប់ចុច និងអេក្រង់ថាច់ស្គ្រីន បច្ចេកវិទ្យា Thermal Touch នឹងអាចបញ្ជាតាមរយៈផ្ទៃរាបនៃរបស់របរទាំងឡាយ នៅនៅជុំវិញ ជាមួយនឹងអេក្រង់ថាច់ស្រ្គីនកំដៅស្រមោល។ម៉ូដែលគំរូសាកល្បង នៃបច្ចេកវិទ្យា Thermal Touch ត្រូវបានបំពាក់ក្នុងកុំព្យូទ័រថេប្លេតមួយគ្រឿង រួមមាន កាមេរ៉ាអ៊ិនហ្វ្រែរ និងសេនសឺរពន្លែ។ ឧបករណ៍នេះ ចម្លងទុកនូវកំដៅរបស់ម្រាមដៃរបស់អ្នកបញ្ជា នៅពេលប៉ះទៅលើវត្ថុអ្វីមួយ។ ក្រោយមក ឧបករណ៍នេះ នឹងបញ្ចាំងពន្លឺទៅលើវត្ថុទាំងនោះ ដែលជួយឱ្យអ្នកមើលឃើញនូវបណ្ដារូបភាព។

បច្ចេក​វិទ្យា Thermal Touch នៅក្នុងការជាក់ស្ដែង គឺមានវិសាលភាពធំទូលាយ ឧទាហរណ៍ដូច នៅពេលអ្នកដើរផ្សារ អ្នកគ្រាន់តែប៉ះទៅលើផលិតផលណាមួយ ភ្លាមនោះ ព័ត៌មានស្ដីអំពី​តម្លៃរបស់វា នឹងបង្ហាញខ្លួន។ នៅពេលអនាគត អ្នកប្រហែលជាលែងត្រូវការកាន់ទូរស័ព្ទទៅតាមខ្លួនទៀតនោះទេ ដោយសារថា ការងារមួយចំនួនធំ ដូចជា អ៊ីមេល វាយអត្ថបទ ឬមួយចូលទៅកាន់គេហទំព័រ សុទ្ធតែត្រូវបានធ្វើឡើង នៅគ្រប់ទិសទី គ្រប់ពេលវេលា ដោយប្រើ Thermal Touch ។

មុខងារដ៏អស្ចារ្យមួយទៀត របស់ Thermal Touch គឺសមត្ថភាពដឹងបានអំពី ថា តើវាត្រូវបានម្រាមដៃពិតមកប៉ះបញ្ជា ឬគ្រាន់តែត្រូវបានដាក់ពីលើវា ដោយយោងទៅលើការផ្លាស់ប្ដូរកំដៅ នៅពេលមានការប៉ហពាល់ទៅលើវត្ថុអ្វីមួយ។

បច្ចេកវិទ្យា Thermal Touch បច្ចុប្បន្ន ស្ថិតនៅក្នុងដំណាក់កាលនៃការសាកល្បង ហើយវានឹងត្រូវការពេលជាច្រើនឆ្នាំទៀត ដើម្បីសម្រេចបានជាស្ថាពរ ដើម្បីដាក់ឱ្យប្រើប្រាស់ទូលំទូលាយ។ ក្រុមហ៊ុន Metaio ឱ្យដឹងថា ពួកគេធ្វើការឧទ្ទេសនាមម៉ូដែលគំរូសាកល្បងនៃបច្ចេកវិទ្យា Thermal Touch នេះ នៅថ្ងៃទី ២៧ ដល់ ២៩ឧសភា ក្នុងព្រឹត្ដិការណ៍ពិពរណ៍ World Expo នៅ California សហរដ្ឋអាមេរិក។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Pcmag/Gizmag