ភ្នំពេញ៖ តារាសម្តែងវ័យ ២៦ ឆ្នាំកញ្ញា ស៊ិន រក្សា មុននេះ ធ្លាប់បង្ហើបប្រាប់ថា នាងមានគូស្នេហ៍ រួចទៅហើយ ដែលបុរសម្នាក់នោះ បានស្គាល់ និងស្រលាញ់នាង អស់រយៈពេល ជាង២ឆ្នាំ។ ប៉ុន្តែកាលនោះ ស៊ិន រក្សា បានអះអាងថា នាង និង គូស្នេហ៍ កំពុងស្ថិតក្នុងការ ស្វែងយល់ចិត្តគ្នា នៅឡើយ។
បើទោះបីជា កញ្ញា ស៊ិន រក្សា បានបង្ហើបប្រាប់ ឲ្យដឹងថា នាងមានម្ចាស់រួចហើយ ក៏ពិតមែន ប៉ុន្តែនាងមិនបាន ទម្លាយឲ្យពី គម្រោងនៃការរៀបចំ ធ្វើពិធីភ្ជាប់ពាក្យ ឬមួយរៀប អាពាហ៍ពិពាហ៍ឲ្យ បានដឹងនោះឡើយ ទើបតែថ្មីៗនេះ ក៏មានព័ត៌មាន លេចឮល្ហៀងៗ មកថា កញ្ញា ស៊ិន រក្សា គ្រោងនឹងរៀបចំពិធី ភ្ជាប់ជាមួយគូស្នេហ៍ ក្នុងពេលឆាប់ៗខាងមុខ។
ប្រភពពីអ្នកដែល នៅជិតស្និទ្ធ ជាមួយតារាសម្តែង នាង ស៊ិន រក្សា បាននិយាយប្រាប់ ឲ្យដឹងថា កញ្ញា ស៊ិន រក្សា មានគម្រោង នឹងរៀបចំពិធីភ្ជាប់ពាក្យ ជាមួយម្ចាស់ស្នេហ៍ ដែលគេដឹងថាជា អាណិកជនខ្មែរ រស់នៅសាំងហ្គាពួរ នាចុងខែ៧ (កក្កដា) ខាងមុខនេះ ។
ប្រភពខាងលើ បានបន្តថា ក្រោយពីភ្ជាប់ពាក្យ រួចហើយនោះ អ្នកទាំងពីរក៏មានគម្រោង នឹងរៀបចំពិធីមង្គលការ ក្នុងពេលឆាប់ៗខាងមុខនេះ ផងដែរ ព្រោះកញ្ញា ស៊ិន រក្សា និង បុរសជាគូស្នេហ៍ម្នាក់នេះ បានស្គាល់ និងស្វែងយល់ពីចិត្តគ្នា ច្បាស់លាស់ហើយនោះ។
ជុំវិញព័ត៌មានលេចឮ ខាងលើនេះ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣នេះ គេហទំព័រ Looking TODAY មិនអាចធ្វើការទំនាក់ទង ដើម្បីធ្វើការសាកសួរ ពីកញ្ញា ស៊ិន រក្សាបាននៅឡើយទេ ដោយសារលេខ ទូរស័ព្ទរបស់នាង មិនអាចទំនាក់ទំនងបាន។ Looking TODAY ស្វាគមន៍ជានិច្ចចំពោះការចេញ មុខមកបំភ្លឺ ពីសំណាក់កញ្ញា ស៊ិន រក្សា ជុំវិញព័ត៌មានខាងលើនេះ ដើម្បីឲ្យមហាជនបាន ដឹងច្បាស់ពីការពិត ។
កញ្ញា ស៊ិន រក្សា បានឈានចាប់អាជីព ជាអ្នកសិល្បៈអស់រយៈពេលប្រមាណជា៧ ឆ្នាំមកហើយ។នាងក៏ ជាតារាសម្តែង ដែលធ្លាប់មានកេរ្តិ៍ឈ្មោះ និងបានទទួលការគាំទ្រពី ទស្សនិកជនទាំងក្នុង និងក្រៅប្រទេសតាម រយៈការសម្តែងខ្សែរឿង ក៏ដូចជា ក្នុងឈុតខារ៉ាអូខេ ផងដែរ។ ស៊ិន រក្សា ជាតារាសម្តែងដែលលេចចេញ មកពីទឹកដីខេត្ត ស្វាយរៀង ៕






ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល