ភ្នំពេញៈ បន្ទាប់ពីតារាសម្ដែង មានឈ្មោះបោះសំឡេងគួរសម អ្នកនាង បូនីតា ដាដេណា បានបង្ហាញសកម្មភាព យ៉ាងផុសផុល នៅក្នុងព្រឹត្តិការបាតុកម្ម អហិង្សា របស់គណបក្សសង្គ្រោះជាតិ ដោយគេសង្កេតឃើញ តារាសម្ដែងរូបនេះ បានប្រឹងប្រែង យ៉ាងញាប់ដៃញាប់ ជើងជួយគណបក្ស អស់ពីកំលាំងកាយ កំលាំងចិត្ត ។ ប៉ុន្តែថ្មីនេះ បូនីតា ដាដេណា បានក្លាយជាមុខសញ្ញា ត្រូវគេតាម ប្រម៉ាញ់អាយុជីវិត របស់នាង ហើយគេមិនដឹងទេថា ការតាមយាយីគំរាបដល់ជីវិតនាង នៅពេលនេះ ព្រោះតែដើមចមនៃ រឿងនយោបាយ ឬជារឿងគំនុំ ផ្ទាល់ខ្លួននោះទេ។

តារាសម្តែង បូនីតា ដាដេណា បានសរសេរសារជា ភាសាខ្មែរ នៅលើFacebook របស់នាង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៣ កន្លងទៅនេះថា ហេតុអីឲ្យតែខ្មែរ ការពារខ្មែរ តែងតែទទួលលទ្ធិផលបែបនេះ ? ដូចជាខ្ញុំ មិនទាន់ធ្វើអ្វីឲ្យមានប្រយោជន៍ ដល់សង្គមផង មានការជេរប្រមាថ មើលងាយ គំរាមសម្លាប់ មានគេតាម ស្ទើរតែរាល់ថ្ងៃ .. តើបងប្អូនរួមឈាមអាចពន្យល់ខ្ញុំបានទេ ?????” ។

តាមរយៈសម្តីនេះ បានស្តែងឲ្យឃើញយ៉ាងច្បាស់ថា តារាសម្តែង បូនីតា ដាដេណា កំពុងតែមានភាពខ្លាចរអា ក្រោយទទួល បានការសម្លុតគំរាម រហូតដល់ត្រូវអាយុជីវិត បន្ទាប់ពីនាងត្រូវ បានបុរសប្លែក មុខព្យាយាមតាមដាន នាងគ្រប់ ពេលវេលាគ្រប់ទីកន្លែង មិនថានាងនៅផ្ទះ ឬនៅកន្លែងណាទេ តែងតែមានគេចាំ តាមដាន និងឃ្លាំមើលនាងជានិច្ច។

ជាស្ដែងថ្មីៗនេះទៀតសោត ក៏មានមនុស្សប្លែកមុខពីរនាក់ តាមដាននាងពីក្រោយ ពេលចេញពីផ្ទះ ។ បូនីតា ដាដេណា បានសរសេរសារ នៅលើFacebook របស់នាងបន្ថែមថា យប់មិញពេលខ្ញុំ ចេញទៅញុំាបាយ នៅខាងក្រៅ. មានគេតាមរហូតដល់ហាង .. គឺរង់ចាំខ្ញុំ តាំងពីមុខផ្ទះរហូត ក្នុងនោះមនុស្សប្រុសពីរនាក់ ជិះម៉តូ viva... ។

ចាប់តាំងពីគណបក្សសង្គ្រោះជាតិ ប្រកាសធ្វើមហាបាតុលើកទី១ រហូតដល់ពេលបច្ចុប្បន្ន គេសង្កេតឃើញមានវត្តមាន តារាសម្តែងមួយរូបគឺ អ្នកនាង បូនីតា ដាដេណា បានប្រកាសខ្លួន ធ្វើជាមនុស្សម្នាក់ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ ។ជានិច្ចកាលតារាស្រីរូបនេះ តែងតែបង្ហាញវត្តមានស្ទើគ្រប់សកម្មភាព នៅក្នុងគណបក្ស ហើយរហូត មកដល់ពេលថ្មីៗនេះ ក៏មាន ព័ត៌មានលេចឮ ពីម្ចាស់សាម៉ីខ្លួនអ្នកនាង ដាដេណា ទម្លាយឲ្យដឹងថា ពេលនេះជីវិតឯកជនរបស់នាង កំពុងតែរស់នៅ ជាមួយភាពភ័យខ្លាច ក្រោយពីនាងត្រូវគេ គំរាមសម្លាប់រួចមក ។

គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទងសាកសួរព័ត៌មាន លម្អិតនឹងច្បាស់ការ ពីម្ចាស់សាម៉ីខ្លួន អ្នកនាង បូនីតា ដាដេណា បានទេ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ នេះ ៕

width=600

width=600

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល