មណ្ឌលគិរីៈ យុវជនម្នាក់ បានលួចម៉ូតូកញ្ចាស់ មួយគ្រឿង លក់បានតម្លៃត្រឹមតែ ៤៧ម៉ឺនរៀល ផឹកស៊ី សប្បាយចាយអស់លុយ បានតែ២ថ្ងៃ ត្រូវបានកម្លាំង សមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងជនរងគ្រោះ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១២។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ មឿន ផាន់ ភេទប្រុស អាយុ ២៦ ឆ្នាំជនជាតិព្នង ជាកសិកររស់ នៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី បានឲ្យដឹងថា កាលពីយប់ថ្ងៃទី៨ ខែធ្នូ រូប គាត់ បានបាត់ម៉ូតូមួយគ្រឿងម៉ាកវេវអេស ពណ៍ខ្មៅ គ្មានស្លាកលេខ ពេលទុកនៅក្រោមផ្ទះ។
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រោយពេលទទួលបានពាក្យ បណ្តឹងរបស់ជនរងគ្រោះហើយនោះ ក៏បានចុះស្រាវជ្រាវ និងស៊ើបអង្កេតដល់កន្លែងកើតហេតុ ព្រមទាំង កំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង។
ក្រោយពេលឃាត់ខ្លួន ជនសង្ស័យក៏បានសារភាពថា រូបគេពិតជាបានលួចម៉ូតូនោះ ប្រាកដមែន ដោយ យកទៅលក់ឲ្យ ឈ្មោះ តាច វី ក្នុងតម្លៃ ៤៧ម៉ឺនរៀល ហើយបានយកប្រាក់នោះ ទៅផឹកស៊ីចាយវាយអស់ គ្មានសល់ទេ។
ក្រោយសួរនាំកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បានកសាងសំណុំរឿងបញ្ជូនជន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត។
ជនសង្ស័យដែលបានឃាត់នេះ មានឈ្មោះ សុភី ក្រាក់ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិព្នង មុខរបរមិន ពិតប្រាកដ រស់នៅក្នុងភូមិពូពេទ្យ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី៕
ដោយ ៖ សីហាប្រភព ៖ DAP