ក្រុមអ្នកអង្កេតការណ៍នៃអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរី ដឹកនាំដោយឧត្តមសេនីត្រីRobert Mood ប្រកាសថា បានរកឃើញសាកសពជាង ៩២នាក់ ក្នុងនោះមានកុមារ ៣២នាក់ នៅក្នុងស្រុក Houla នៃខេត្តភាគខាងជើងក្រុង Homs កាលពីថ្ងៃទី ២៥ឧសភា។

width=467

សាកសពកុមារ ៣២នាក់ស្លាប់ដោយសារការបាញ់ប្រហារដ៏ឃោឃៅនៅស៊ីរី

នេះគឺជាការវាយប្រហារដ៏បង្ហូរឈាមបំផុតក្នុងតំបន់ ចាប់តាំងពីស៊ីរីបានធ្លាក់ចូលក្នុងភាពវឹកវរតាំងពីខែមិនា ឆ្នាំ ២០១១។

ក្រុមអ្នកអង្កេតករណ៍បានអោយដឹងថា ចំនួនអ្នកសា្លប់បានកើនដល់ ១១០នាក់ បន្ទាប់ពីមានការបាញ់ប្រហារមួយរបស់ទាហានរដ្ឋាភិបាលស៊ីរី សំដៅទៅលើក្រុមបាតុករនៅ Houla កាលពីល្ងាចថ្ងៃទី ២៥ឧសភាកន្លងទៅ ក្នុងនោះជនរងគ្រោះមួយចំនួនស្លាប់ដោយសារគ្រាប់កាំភ្លើងធំ និងមួយចំនួនទៀតស្លាប់ដោយសារការវាយធ្វើបាប និងបាញ់ប្រហារ។ ជាក់ស្ដែង មានខ្សែវីដេអូខ្លីមួយបានបង្ហាញពីទិដ្ឋភាពនៃសាកសពរបស់កុមាររាប់សិបនាក់បានស្លាប់នៅក្នុងថ្លុកឈាម។

width=466

កុមារម្នាក់ត្រូវរងរបួសក្នុងការបាញ់ប្រហារ។ រូប ៖ AP

លោក Mood ​បានអះអាងថា អំពើហឹង្សានឹងនាំអោយមានអស្ថេរភាពក្នុងសង្គម ហើយវាក៏អាចនឹងបណ្ដាលអោយកើតសង្គ្រាមស៊ីវិលផងដែរ។ បើទោះជាលោក Mood ​មិនបានបញ្ជាក់ថា អ្នកណាជាអ្នកនៅពីក្រោយខ្នងការបាញ់ប្រហារនេះ ប៉ុន្ដែវាគឺជាអំពើព្រៃផ្សៃដែលមិនគួរអោយកើតមានឡើង ជាពិសេសគឺការសម្លាប់កុមារ។

អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Ban Ki-moon និងលោក Kofi Annan បានថ្កោលទោសចំពោះអំពើសាហាវនេះ ហើយថា នេះគឺជាការរំលោភច្បាប់អន្ដរជាតិ ក៏ដូចជាការសន្យាមិនប្រើប្រាស់អាវុធធុនធ្ងន់ ឬអំពើហឹង្សារបស់រដ្ឋាភិបាលស៊ីរី។

width=469សាកសពត្រូវបានគេបញ្ចុះរួមគ្នា

លោកស្រី រដ្ឋមន្ដ្រីការបរទេសអាមេរិក Hillary Clinton ក៏បានថ្កោលទោសចំពោះអំពើហឹង្សានេះ និងបានអោយដឹងថា អាមេរិកនឹងធ្វើការជាមួយសម្ព័ន្ធមិត្តអន្ដរជាតិដើម្បីបង្កើនសម្ពាធទៅលើប្រធានាធិបតីស៊ីរី លោក Syria Bashar al-Assad។ ដូចគ្នានេះដែរ ប្រទេសអង់គ្លេសបារាំង ក៏បានរិះគន់យ៉ាងខ្លាំងក្លាចំពោះភាពឃោឃៅដែលបានសម្លាប់កុមារជាង ៣២នាក់។

គួរំឭកថា រហូតមកទល់នឹងពេលនេះ អំពើហឹង្សានៅស៊ីរី បានសម្លាប់មនុស្សយ៉ាងហោច ១០.០០០នាក់ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ Zing