(ភ្នំពេញ)៖ ពាក្យចាស់តែងពោលថា «ទូកទៅ កំពង់នៅ» ដែលនិយាយសម្ដៅថា មនុស្សគ្រប់រូប បើកាលណាសាងកេរ្តិ៍ឈ្មោះល្អប្រពៃ អ្នកដទៃគោរពស្រឡាញ់ហើយនោះ ទោះបីជាទៅដល់ទីណា ឬស្លាប់បាត់បង់ជីវិតក្ដី ក៏កេរ្តិ៍ឈ្មោះនោះ ត្រូវបានគេចងចាំមិនភ្លេច ពោលនៅតែនឹកគ្រប់ពេលវេលាទាំងអស់។
យ៉ាងណាមិញ បើនិយាយទៅដល់ឈ្មោះ តារាចម្រៀង វ៉ាន់ មករា ដែលបានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ហើយកំពុងតែប្រារព្ធពិធីបុណ្យ៧ ថ្ងៃនៅថ្ងៃនេះ គេតែងតែនឹកឃើញដល់ស្នាមញញឹម និងកាយវិការួសរាយរាក់ទាក់ ប្រាស្រ័យ ទាក់ទងល្អ ជាមួយអ្នកសិល្បៈ ហើយបើទោះបីជារូបកាយរបស់លោក រលាយបាត់សូន្យពីផែនដីនេះក្ដី ប៉ុន្តែកេរ្តិ៍ឈ្មោះ នៅតែដិតដាមជាប់ ជាមួយនឹងវិស័យសិល្បៈដដែល ព្រោះលោកជាតារាចម្រៀងគួរឲ្យគោរពស្រឡាញ់ ពីសំណាក់ទស្សនិកជន និងមិត្តភក្តិ។
គេនៅចាំបានថា មុនលោកលាចាកលោកនេះទៅ តារាចម្រៀងរូបនេះ បានបកស្រាយនូវចម្រៀងមួយបទ ដែលកំពុងតែពេញនិយម ក្នុងស្រទាប់យុវវ័យ មានចំណងជើងថា «ស៊ូឃ្លាត» ជាសំនៀងដើម របស់លោក វង់ ដារារតនា នៅក្នុងស្ថានីយទូរទស្សន៍ អាស៊ីអាគ្នេយ៍ ហើយម្នាក់ៗពេលបានទស្សនាបទនេះហើយ គ្រប់គ្នាពិតជាមិននឹកស្មានថា បទ«ស៊ូឃ្លាត» ធ្វើឲ្យលោក វ៉ាន់ មករា ឃ្លាតរហូតបែប នេះសោះ..! ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី