ម្ចាស់ជ័យលាភីបវរកញ្ញាឯក Miss Turkey 2017 ត្រូវបានអ្នករៀបចំកម្មវិធីសម្រេចដកហូតតំណែងរបស់នាងវិញ ក្រោយពីសារបង្ហោះដ៏រសើបនៅលើបណ្ដាញ Twitter របស់នាង ត្រូវបានបែកធ្លាយដល់សាធារណជន ។

កញ្ញា Itir Esen អាយុ ១៨ ឆ្នាំ បានចែករំលែកការបង្ហោះមួយ ដោយបញ្ជាក់អំពីការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំមុន ដោយប្រៀបធៀបការមករដូវរបស់នាង ទៅនឹងលោហិត ដែលហូរស្រោចធរណីនៃអ្នក ដែលត្រូវគេសម្លាប់។

 ក្រុមអ្នករៀបចំការប្រកួតបវរកញ្ញាឯកនោះ បាននិយាយថា សារដែលបានបង្ហោះនៅលើបណ្ដាញ Twitter នោះ មិនអាចទទួលយកបាននោះទេ ហើយពួកគេ បានបញ្ជាក់ពីការសម្រេចចិត្តរបស់ខ្លួនក្នុងការដកហូតតំណែងរបស់នាងជាកញ្ញាឯក នៅរយៈប៉ុន្មានម៉ោង បន្ទាប់ពីនាង បានឈ្នះការប្រកួត។ ចាប់តាំងពីពេលនោះមក កញ្ញា Esen បាននិយាយតាមរយៈ Instagram ថា សាររបស់នាង ដែលបានចែករំលែកនៅលើបណ្ដាញ Twitter នោះ មិនមែនក្នុងន័យនយោបាយនោះទេ។ សារនៅលើបណ្ដាញ Twitter នោះ ត្រូវបានបង្ហោះ នៅអំឡុងការប្រារព្ធខួបលើកទី ១ នៃការប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី ១៥ ខែកក្កដា នៅពេលដែលមនុស្សប្រមាណជិត ២៥០ នាក់បានស្លាប់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការបះបោររបស់កងទ័ព។

នាងបានសរសេរថា៖ នៅព្រឹកនេះ នាងខ្ញុំកំពុងមករដូវដើម្បីអបអរសាទរទិវាទុក្ករបុគ្គលថ្ងៃទី ១៥ ខែកក្កដា។ ខ្ញុំកំពុងប្រារព្ធពិធីនេះ ដោយការបង្ហូរឈាមតំណាងឱ្យឈាមរបស់ទុក្ករបុគ្គលទាំងអស់។ ប្រធានាធិបតីទួកគី លោក Recep Tayyip Erdogan ជាធម្មតាបានចាត់ទុក ក្រុមទុក្ករបុគ្គលទាំងនោះថា បានស្លាប់ដោយសារតស៊ូក្នុងរដ្ឋប្រហារ។

/

អ្នករៀបចំកម្មវិធីប្រឡងបវរកញ្ញាឯកនេះ បាននិយាយថា ការបង្ហោះនោះ មិនបានលេចលឺដល់សាធារណជននោះទេ រហូតដល់ក្រោយការប្រារព្ធពិធី នៅទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីពួកគេបានរៀបចំកិច្ចប្រជុំរយៈពេលយូរមួយ ដើម្បីពិភាក្សាពីស្ថានភាពជាក់ស្ដែង និងការផ្ទៀងផ្ទាត់។

/ កាលពីថ្ងៃសុក្រ ពួកគេបានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសពីការសម្រេចចិត្តរបស់ខ្លួនដើម្បីដកហូតតំណែងរបស់នាងថា៖ យើង មានការសោកស្តាយខ្លាំងណាស់ ដោយនិយាយថា ការ Tweet នេះ ត្រូវបានសរសេរដោយកញ្ញា Itir Esen ។ វាមិនអាចទទួលយកបាននោះទេ ដែលសមាគមបរវកញ្ញាទួកគី បង្ហោះសារបែបនេះ នៅពេលដែលសារនោះ មានចេតនាដើម្បីបង្ហាញប្រទេសទួកគីទៅកាន់ពិភពលោក និងលាតត្រដាងស្ថានភាពមិនល្អរបស់ខ្លួន។

/

ក្រោយមកកញ្ញា Ms Esen បានឆ្លើយតបតាមរយៈសេចក្តីថ្លែងរបស់នាង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖ ខ្ញុំចង់និយាយថា ក្នុងនាមជាក្មេងស្រីអាយុ ១៨ ឆ្នាំម្នាក់ ខ្ញុំគ្មានគោលបំណងនយោបាយនោះទេ នៅពេលចែករំលែកការបង្ហោះនេះ។ កញ្ញាបានបន្ថែមថា៖ ខ្ញុំត្រូវបានចិញ្ចឹមបីបាច់យ៉ាងល្អ ឱ្យមានការគោរពចំពោះប្រទេសជាតិ និងប្រជាជាតិ។ ឱ្យខ្ញុំសុំទោស ចំពោះការភាន់ច្រឡំនេះ ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC