ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្ដិជនបរទេសរបស់ក្រសួងរតនាគារអាមេរិក កាលពីថ្ងៃសុក្រ បានដាក់ទណ្ឌកម្មមេដឹកនាំយោធាលោក  Falih al-Fayyadh ពីបទរំលោភសិទ្ធិមនុស្ស ដែលកើតឡើងអំឡុងការតវ៉ារបស់ជនស៊ីវិល កាលពីឆ្នាំ ២០១៩ ។  ជាលទ្ធផលនៃការដាក់ទណ្ឌកម្ម សិទ្ធិកាន់កាប់ទ្រព្យសម្បត្ដិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបច្ចុប្បន្ន ត្រូវបានបិទ ។ រដ្ឋមន្រ្ដីរតនាគារ មានយុត្ដាធិការ ដាក់ចេញនូវទណ្ឌកម្ម ដោយអនុលោមតាមបទបញ្ជានីតិប្រតិបត្ដិលេខ 13818 ដែលចុះហត្ថលេខាអនុម័តដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីឆ្នាំ ២០១៧ ។

/

នារដូវរងារឆ្នាំ ២០១៩  ពលរដ្ឋអ៊ីរ៉ាក់ បានប្រមូលផ្ដុំគ្នាលើដងវិថីនានា ដើម្បីធ្វើការតវ៉ាចំពោះនិកម្មភាពរបស់ពលរដ្ឋ អំពើពុករលួយរបស់រដ្ឋាភិបាល និងអន្ដរាគមន៍របស់ជនបរទេសចំពោះពលរដ្ឋខ្លួន ដែលកំពុងកើតមានឡើង ។ ការតវ៉ា បានតតាំងជាមួយកងកម្លាំងយោធា ដែលបានសម្លាប់ជនស៊ីវិលរាប់រយនាក់ ។ នៅអំឡុងការតវ៉ាឆ្នាំ ២០១៩ លោក al-Fayyadh មានតួនាទីជាសមាជិកជាន់ខ្ពស់នៃគណៈកម្មាធិការ Popular Mobilization Committee (PMC) ។  យោងតាមរបាយការណ៍មួយចុះផ្សាយ នៅលើគេហទំព័ររបស់ក្រសួងរតនាគារអាមេរិក PMC គឺជាអង្គការមួយ ដែលបង្កើតឡើងដោយអង្គនីតិបញ្ញត្ដិរបស់អ៊ីរ៉ាក់ ដើម្បីគៀរគរកងជីវពលរបស់ PMC ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកណ្ដាល ។

/

ក្រសួងខាងលើនៅតែអះអាងថា “ក្រុមបង្កវិបត្ដិ” ដែលដឹកនាំដោយលោក al-Fayyadh ដើម្បីបង្រ្កាបក្រុមអ្នកតវ៉ា ត្រូវបានគាំទ្រដោយកងឯកភាពបម្រុងបដិវត្ដអ៊ីស្លាមរបស់អ៊ីរ៉ាក់ Quds Force (IRGC-QF) ។

IRGC ត្រូវបានចាត់ទុកថា ជាអង្គការភេរវករបរទេស ដោយក្រសួងការបរទេសអាមេរិក ។ ពលរដ្ឋអ៊ីរ៉ាក់មួយចំនួន បានមើលឃើញថា ការដាក់លោក al-Fayyadh ចូលទៅក្នុងបញ្ជីខ្មៅ គឺជារឿងចាំបាច់មួយ ប៉ុន្ដែវាជាជំហានដំបូងបំផុត ក្នុងការសម្រេចបាននូវយុត្ដិធម៌សម្រាប់កម្លាំងមិនសមាមាត្រ និងខុសច្បាប់ ដែលប្រើដោយ PMC ប្រឆាំងនឹងក្រុមអ្នកតវ៉ា ។  ក្រុមផ្សេងទៀតជឿថា សកម្មភាពរបស់ក្រសួងរតនាគារ គឺជាលទ្ធផល នៃភាពតានតឹងរវាងអ៊ីរ៉ាក់ និងអាមេរិក ដែលកើតមានឡើង ។ កាលពីសប្ដាហ៍មុន តុលាការអ៊ីរ៉ាក់ បានចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី ត្រាំ ពីបទជាប់ពាក់ព័ន្ធនឹងការបញ្ជាការវាយប្រហារដោយដ្រោន ប្រឆាំងនឹងលោកអគ្គមេបញ្ជាការ Quassem Soleimani ។

អត្ថាធិប្បាយចំពោះទណ្ឌកម្ម ដែលចេញនាពេលថ្មីៗនេះ រដ្ឋមន្រ្ដីរតនាគារលោក Mnuchin បានថ្លែងថា៖” សហរដ្ឋអាមេរិក នឹងបន្តទទួលខុសត្រូវលើអ្នករំលោភសិទ្ធិមនុស្ស នៅអ៊ីរ៉ាក់ ដែលមានគោលបំណង ច្រានចោលពលរដ្ឋអ៊ីរ៉ាក់ ដែលព្យាយាមតវ៉ាដោយសន្ដិវិធី ស្វែងរកយុត្ដិធម៌ និងគាស់រំលើងអំពើពុករលួយ នៅក្នុងប្រទេសរបស់ខ្លួន” ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖  Jurist