របាយការណ៍ដ៏រសើបមួយ ចេញដោយ ទីភ្នាក់ងារព័ត៌មាន ProPublica ដែលជាស្ថាប័នព័ត៌មាន មិនស្វែងរកប្រាក់ចំណេញ មានមូលដ្ឋានក្នុងក្រុងញូវយ៉ក បានបង្ហាញថា ប្រធានក្រុមហ៊ុន Amazon លោក Jeff Bezos ពុំបានបង់ពន្ធប្រាក់ចំណញជូនរដ្ឋឡើយ នៅក្នុងឆ្នាំ ២០០៧ និងឆ្នាំ ២០១១ ខណៈដែលអគ្គនាយកក្រុមហ៊ុន Tesla លោក Elon Musk គេចវេសមិនបង់ពន្ធសូម្បីមួយសេន នៅក្នុងឆ្នាំ ២០១៨ ។
ProPublica បានឱ្យដឹងថា មហាសេដ្ឋីអាមេរិកគ្រាក់ៗ មួយចំនួនទៀត បង់ពន្ធប្រាក់ចំណូលជូនរដ្ឋបន្ដិចបន្ដួចប៉ុណ្ណោះ បើធៀបនឹងទ្រព្យសម្បត្ដិដ៏មហាសាលរបស់ពួកគេ ឬពេលខ្លះ មិនបង់ពន្ធសូម្បីតែមួយរៀលក៏មាន ។
ពាណិជ្ជករធំៗដទៃទៀត ដែលគេចវេសមិនបង់ពន្ធជូនទៅសេវាប្រមូលពន្ធប្រាក់ចំណូលផ្ទៃក្នុង (Internal Revenue Service) នៅក្នុងឆ្នាំនានានោះ រួមមានដូចជា មហាសេដ្ឋីសហគ្រាសព័ត៌មាន និងអតីតអភិបាលក្រុងញូវយ៉ក អ្នកស្រី Michael Bloomberg មហាសេដ្ឋីផ្នែកវិនិយោគលោក Carl Icahn អ្នកអភិរក្សសុខុមាលភាពសង្គម និងម្ចាស់ក្រុមហ៊ុនយក្សផ្នែកហិរញ្ញវត្ថុលោក George Soros ។
ProPublica និយាយថា មហាសេដ្ឋីទាំងនេះ ពុំមានប្រព្រឹត្ដខុសច្បាប់អ្វីឡើយ នៅក្នុងប្រតិវេទន៍ពន្ធរបស់ពួកគេ ប៉ុន្ដែពួកគេបានប្រើយុទ្ធសាស្រ្ដគេចវេសពន្ធ ដែលមានឈ្មោះថា “ចំណុចកំពូល ដែលមនុស្សធម្មតា មិនអាចទៅដល់(beyond the reach of ordinary people) ។
ម្យ៉ាងទៀត ពួកគេទទួលប្រយោជន៍ ពីមធ្យោបាយពន្ធប្រាក់ចំណូល ដែលត្រូវបានអោយនិយមន័យ នៅក្នុងក្រមស្ដីពន្ធអាករណ៍សហរដ្ឋអាមេរិក ពីព្រោះក្រមនេះ ពុំបានធ្វើវិចារណកិច្ចចំពោះកំណើនតម្លៃទ្រព្យសកម្មដូចជា ភាគហ៊ុន អចលនទ្រព្យ និងប្រាក់ចំណូលពីការលក់ទ្រព្យសកម្មទាំងអស់នោះឡើយ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ AFP