រាជ​ធានី​ភ្នំពេញ ៖ ការ​សម្តែង​សិល្បៈ​វប្ប​ធម៌​កម្ពុជា​-ថៃ ដើម្បី​អប​អរ​សាទរ​ខួប​គំរប់​៦០​ឆ្នាំ​នៃ​ទំនាក់​ទំនង​ការ​ទូត​រវាង​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​ព្រះ​រាជា​ណាចក្រ​ថៃ ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ និង​ស្ថាន​ទូត​ថៃ​ នៅ​សាល​សន្និ​សីទ​ចតុ​មុខ​ ចាប់​ពី​ម៉ោង​៣​រសៀល ដល់​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១៨ ខែ​ធ្នូ ក្រោម​អធិ​បតី​ភាព​លោក​ឃឹម សារិទ្ធ ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា និង​ជា​រដ្ឋ​មន្ត្រី​ស្តីទី​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ, លោក​អ៊ុក សុជាតិ រដ្ឋ​លេខា​ធិការ​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ, លោក​និភិដ្ឋ ឥន្ទ្រ​សម្បត្តិ រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌​នៃ​ព្រះ​រាជា​ណាចក្រ​ថៃ និង​លោក​ប្រាសាស ប្រាសា​​វិនិ​ច្ឆ័យ​​ឯក​អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​ព្រះ​រាជា​ណាចក្រ​កម្ពុជា។
លោក​និភិដ្ឋ ឥន្ទ្រ​សម្បត្តិ រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌​នៃ​ព្រះ​រាជា​ណាចក្រ​ថៃ បាន​ថ្លែង​សុន្ទរកថា​បើក​កម្ម​វិធី​​ថា ក្នុង​នាម​ប្រជា​ពល​រដ្ឋ​ថៃ​នាឱកាស​ចូល​រួម​ខួប​លើក​ទី​៦០ នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​​នៅ​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១០​​ គឺ​បន្ត​ពង្រឹង​បន្ថែម​ទៀត​រវាង​ទំនាក់​ទំនង​ជា​មិត្ត​ជិត​​ខាង​គ្នា និង​មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​គ្នា​ជា​យូរ​លង់​ណាស់​មក​ហើយ​​នោះ​ឱ្យ​កាន់​តែ​មាន​លទ្ធ​ផល​ល្អ​ថែម​ទៀ ត​ ព្រោះ​តែ​យើង​មាន​វប្ប​ធម៌​ ប្រពៃណី និង​ការ​គោរព​ជឿ​ជាក់​លើ​​ព្រះ​ពុទ្ធ​សាសនា​ដូច​គ្នា។ លោក​ជឿ​ជាក់​ថា ការ​សម្តែង​សិល្បៈ​រួម​គ្នា​នៅ​ថ្ងៃ​នេះ នឹង​បង្កើត​ឱ្យ​មាន​​ការ​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​គ្នា​និង​គ្នា​​កាន់​តែ​ល្អ​ប្រសើរ​គ្រប់ ​វិស័យ​ សំខាន់​កម្ម​វិធី​នេះ​បង្ហាញ​ឱ្យ​ប្រជា​ជន​នៃ​ប្រទេស​យើង​ទាំង​២​កាន់​តែ​មាន​ភាព​ស្រលាញ់​ សាមគ្គី​ភាព និង​ការ​យោគ​យល់​គ្នា​កាន់​តែ​​ខ្លាំង​ឡើង។ បន្ទាប់​មក​លោក​ឃឹម សារិទ្ធ រដ្ឋ​មន្ត្រី​ស្តីទី​ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​​ថ្លែង​ថា នេះ​ជា​ការ​សម្តែង​តាម​បែប​វប្ប​ធម៌ ប្រពៃណី​ដែល​ប្រទេស​យើង​មាន​រៀង​ៗ​ខ្លួន​ដើម្បី​បង្ហាញ​ពី​គ្នា​ទៅវិញ​ទៅ​មក និង​ស្វែង​យល់​ពី​គ្នា​ឱ្យ​កាន់​តែ​ច្បាស់ ហើយ​ក៏​មាន​របាំ​សម្តែង​រួម​គ្នា​ជា​មិត្ត​ភាព​ផង​ដែរ​។
ក្រៅ​​ពី​កម្ម​វិធី​សម្តែង​​សិល្បៈ សន្និ​សីទ​កាសែត​មួយ​បាន​​ធ្វើ​ឡើង​ ​ហើយ​លោក​ឃឹម សារិទ្ធ បាន​បញ្ជាក់​ថា នេះ​ជាលើក​ទី​២​ហើយ​ដែល​ប្រទេស​​ទាំង​២​បាន​សម្តែង​​សិល្បៈ​រួម​គ្នា​នៅ​សាល​ចតុ​មុខ​​ បន្ទាប់​ពី​ទីក្រុង​បាង​កក។ យើង​មាន​ប្រពៃណី​ប្រហាក់​ប្រហែល​គ្នា​មែន តែ​យើង​មាន​ក្បាច់​រាំ​ខ្លះ​ខុស​គ្នា តែ​សំខាន់​គឺ​ការ​ពង្រឹង​ទំនាក់​ទំនង​មេត្រី​ភាព​រវាង​គ្នា​និង​គ្នា​ឱ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង ​ថែម​ទៀត បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ទាំង​២​បាន​ជួប​គ្នា​ដោះ​ស្រាយ​បន្ធូរ​ភាព​តាន​តឹង​កន្លង​មក​ គឺ​ឱ្យ​វិល​ទៅ​រក​សភាព​ដូច​ដើម​វិញ។ លោក​បន្ត​ទៀត​ថា ពេល​នេះ​វិស័យ​វប្ប​ធម៌​ប្រៀប​ដូច​ជា​ស៊ីម៉ង់ត៍​រស់​សំរាប់​ផ្សារ​ភ្ជាប់​ប្រជា​ជន​​ប្រទេស​ទាំង​២ និង​ជាតិ​ដទៃ​ៗ​ទៀត​ឱ្យ​មក​រួប​រួម​គ្នា​គ្រប់​លំដាប់​ថ្នាក់​ និង​គ្រប់​វិស័យ​​ រស់​នៅ​ជា​មួយ​គ្នា​ឱ្យ​ដូច​បង​ប្អូន។ ពេល​នេះ​ជា​ឱកាស​ពិសេស​សំរាប់​ពង្រឹង​សម្ព័ន្ធ​មេត្រី​ភាព​ ​ប្រជា​ជន​នៃ​ប្រទេស​យើង​ទាំង​២​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ និង​ស្រលាញ់​គ្នា​ថែម​ទៀត។
ចំណែក​លោក​និភិដ្ឋ ឥន្ទ្រ​សម្បត្តិ ​ថ្លែង​ថា សម្ព័ន្ធ​មេត្រី​ភាព​មិន​មែន​មាន​តែ​សិល្បៈ​វប្ប​ធម៌​ប៉ុណ្ណោះ​ទេ ហើយ​កម្ម​វិធី​នេះ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​​បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​យើង​ទាំង​២​បាន ​ជួប​គ្នា​កន្លង​មក ហើយ​វិស័យ​ផ្សេង​ៗ​ទៀត​កំពុង​តែ​ជួប​គ្នា​បន្ត​រួម​គ្នា​ពង្រឹង​សម្ព័ន្ធ​មេត្រី​ភាព​នេះ​ដូច​ៗ​គ្នា ។ យើង​គ្រប់​គ្នា​មិន​មែន​ជា​អ្នក​កំណត់​រឿង​នយោ​បាយ​អ្វី​ឡើយ​នៅ​ពេល​នេះ។ លោក​បាន​បន្ត​ទៀត​ថា នៅ​ឆ្នាំ​ខាង​មុខ​នេះ ប្រទេស​ថៃ​នឹង​បើក​ឱ្យ​មាន​ការ​សម្តែង​វប្ប​ធម៌​រួម​គ្នា​៩​ប្រទេស​ក្នុង​អាស៊ាន​ ដើម្បី​ស្វែង​យល់​ពី​វប្ប​ធម៌​ និង​ប្រពៃណី​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ សំខាន់​ពង្រឹង​សម្ព័ន្ធ​មេត្រី​ភាព​ឱ្យ​កើត​មាន​ពេញ​ក្នុង​អាស៊ាន​តែ​ម្តង៕