ជាមួយនឹងរូបភាពបែបគំនូរ ដែលគេបានបង្ហាញឲ្យឃើញយ៉ាងច្បាស់នូវអក្សរថា Note the date 04.09.13 Berlin ពេលដែលបានផ្ញើទៅបណ្តាក្រុមអ្នកបច្ចេកវិទ្យា, Samsung បានកំណត់បញ្ជាក់នូវថ្ងៃបង្ហាញខ្លួនរបស់ Phablet ជំនាន់ថ្មី។ ការបង្ហាញខ្លួន Galaxy Note III នៅដើមខែកញ្ញា ខាងមុខនេះ នឹងមានឈ្មោះថា Samsung Unpacked 2013 Episode 2 ដូចជាព្រឹត្តិការណ៍តពី ព្រឹត្តិការណ៍ នៃការបង្ហាញខ្លួនរបស់ Galaxy S4 ដែលបានប្រារព្ធកាលពីខែមេសា កន្លងទៅ។

ដូចទៅនឹង Galaxy Note និង Note II, Galaxy Note III នឹងបង្ហាញខ្លួនមុនថ្ងៃបើកសម្ភោធការតាំងពិព័រណ៍បច្ចេកវិទ្យាដ៏ធំបំផុត នៅអឺរ៉ុប (IFA 2013) ដែលនឹងប្រារព្ធឡើងនៅទីក្រុង Berlin ប្រទេសអាឡឺម៉ង់ ដែរ។ ប៉ុន្តែឆ្នាំនេះ ទន្ទឹមនឹងការបង្ហាញខ្លួននៅអឺរ៉ុប ក្រុមហ៊ុនកូរ៉េមួយនេះ ក៏បានប្រារព្ធបន្ថែមនូវព្រឹត្តិការណ៍មួយ ឯទីក្រុង New York សហរដ្ឋអាមេរិច ដែលសន្យាថានឹងនាំមកនូវ ការដកពិសោធបច្ចេកវិទ្យាថ្មីៗនៅលើ ត្រកូល Galaxy ជំនាន់ក្រោយផងដែរ។

បើតាមព័ត៌មានចចាមអារាមជាច្រើនមុននេះ បានឲ្យដឹងថា Note III នឹងបំពាក់នូវអេក្រង់ឡើងដល់5,9 inch ជាមួយកំរិតពន្លឺ Full HD, ជំនួសឲ្យ HD 5,5 inch នៃជំនាន់មុន។ ក្រៅពីនេះ ស្មាតហ្វូននៅអាប់ដេត CPU (8 Core), កាមេរ៉ា រួមជាមួយ Features ល្អៗ និងប៊ិច S-Pen ភ្ជាប់មកជាមួយថែមទៀតផង៕
ដោយ៖ សិលាប្រភព៖ VE