ចិន៖ ថ្មីៗនេះគ្រោះថ្នាក់ដែលកើតឡើងដោយអព្ភូតហេតុធម្មជាតិ មានការកើនឡើងគួរអោយកត់សម្គាល់។ គ្រោះថា្នក់នេះ បានឆក់យកជីវិតមនុស្ស សត្វដោយឥតប្រណី។កាលពីថ្ងៃទី ៦ ខែកក្កដាកន្លងទៅនេះ មានបាតុភូតរន្ទះបាញ់មួយ នៅក្នុងខេត្ដ Guangdong ប្រទេសចិន ដែលបណ្ដាលអោយសត្វជ្រូកក្នុងកសិដ្ឋានមួយដែលមានចំនួន ៥៣ ក្បាលត្រួវងាប់។ នេះបើតាមសេចក្ដីរាយការណ៍ពត៌មានរបស់ចិន។

តាមការបង្ហាញរបស់ម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូកបានអោយដឹងថា គាត់បានចិញ្ចឹមជ្រូកក្នុងកសិដ្ឋាននេះចំនួន ២០០ ក្បាល តែពេលនេះជ្រូកចំនួន ៥៣ក្បាលបានងាប់ទៅហើយ។ យ៉ាងណាក៏ដោយ ក៏មានមនុស្សជាច្រើននាក់មានការងឿងឆ្ងល់ថា គ្រាប់រន្ទះបានបាញ់លើកសិដ្ឋាននេះតែមួយគ្រាប់ទេ ហេតុអ្វីបានជាមានជ្រូកងាប់ច្រើនបែបនេះ?

ម្ចាស់កសិដ្ឋានដដែលបានអោយដឹងថា កសិដា្ឋនរបស់គាត់ ចិញ្ចឹមជ្រូកដោយមានការធានារ៉ាប់រងពីក្រុមហ៊ុនមួយ តែគាត់មិនថា ក្រុមហ៊ុនចេញសងនូវការខូចខាតដែលបណ្ដាលមកពីបាតុភូតរន្ទះបាញ់នេះ ឬយ៉ាងនោះទេ។ បើតាមការវិភាគរបស់វិស្វករអគ្កីសនីខេត្ត Guangdong បានអោយដឹងថា តំបន់ Shenzhenនេះ គឺតែងតែទទួលរងនូវបាតុភូតធម្មជាតិនេះជាញឹកញាប់ ជាពិសេសគឺបាតុភូតរន្ទះបាញ់គឺមានចំនួន ១៨៨ ករណីទៅហើយ។ មិនតែប៉ុណ្ណោះ វាក៏បានសម្លាប់ជីវិតមនុស្ស សត្វជាច្រើនទៀតផង៕
ដោយ៖ សារិនប្រភព៖ sina