ការស្រាវជ្រាវមួយនាពេលថ្មីៗនេះ របស់ក្រុមអ្នកវិទ្យាសាស្ដ្រអាល្លឺម៉ង់ បានបង្ហាញថា ក្រោយបរាជ័យ ឬខឹងសម្បារ នោះការលាងដៃ បោកខោអាវដោយដៃ នឹងនាំឱ្យយើងមានអារម្មណ៍ស្រស់ថ្លា និងជឿជាក់ឡើងវិញ។បណ្ឌិត Kai Kaspar មកពីសកលវិទ្យាល័យ Cologne របស់អាល្លឺម៉ង់ បានធ្វើការស្រាវជ្រាវអំពីបញ្ហាខាងលើនេះ បន្ទាប់ពីមានព្រឹត្ដិការណ៍អាក្រក់កើតឡើង។ លោកកត់សម្គាល់ឃើញថា បណ្ដាមនុស្សដែលលាងដៃក្រោយទទួលបរាជ័យរឿងអ្វីមួយ បានប្រែមកមានការជឿជាក់ជាងមុន ដើម្បីបន្ដធ្វើឱ្យបានសម្រេចកិច្ចការរបស់ខ្លួន នាពេលខាងមុខ។

បណ្ឌិត Kaspar បានអញ្ជើញមនុស្សចំនួន ៩៨នាក់ ឱ្យចូលរួមដោយស្ម័គ្រចិត្តនៅក្នុងការស្រាវជ្រាវនេះ ហើយពួកគេត្រូវបានបែងចែកជា ៣ក្រុម។ នៅក្នុងវគ្គដំបូងនៃការពិសោធ ក្រុមអ្នកចូលរួមត្រូវបានគេដាក់ឱ្យធ្វើការមួយដែលមិនអាចទៅរួច។ នៅពេលអ្នករាល់គ្នាបរាជ័យ ពួកគេក៏ត្រូវបានស្នើឱ្យទៅលាងដៃ។ ក្រោយពីបានលាងដៃ ទាំងអស់គ្នាបង្ហាញអំពីអារម្មណ៍ជឿជាក់ថា ពួកគេនឹងធ្វើសម្រេចភារកិច្ចដែលបានដាក់មក ក្នុងពេលខាងមុខ។ ប៉ុន្ដែ មិនមែនអ្នកណាក៏សុទ្ធតែសម្រេចបានជោគជ័យនូវភារកិច្ចប្រកបដោយភាពល្អប្រសើរ ចំពោះការស្នើឱ្យធ្វើអ្វីមួយនាពេលបន្ទាប់។បណ្ឌិត Kaspar បកស្រាយថា ៖ “នៅពេលបានលាងសម្អាតរាងកាយ អ្នកនឹងអាចបំបាត់នូវអារម្មណ៍មិនល្អ ប៉ុន្ដែវាក៏បានកាត់បន្ថយកម្លាំងជម្រុញខ្លះ ក្នុងការជួយឱ្យអ្នកប្រឹងប្រែងថែមទៀត” ។ការស្រាវជ្រាវមួយផ្សេងទៀតកាលពីមុននេះ របស់សកលវិទ្យាល័យ Michigan ក៏បានរកឃើញថា សកម្មភាពលាងដៃ ទន្ទឹមនឹងការធ្វើឱ្យដៃបានស្អាត វាក៏ជួយបណ្ដេញភាពតប់ប្រមល់ និងអារម្មណ៍តានតឹងផងដែរ។ អ្នកវិទ្យាសាស្ដ្រក៏បានអះអាងថា មនុស្សដែលបានលាងដៃ បន្ទាប់ពីបានធ្វើការសម្រេចចិត្តដ៏លំបាកមួយ នឹងមានអារម្មណ៍ល្អ និងជឿជាក់ទៅលើជម្រើសរបស់ខ្លួន ជាងមនុស្សដែលមិនបានលាងដៃ។ការស្រាវជ្រាវខាងលើត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី វិទ្យាសាស្ដ្រចិត្តសាស្ដ្រសង្គម និងបុគ្គលិកលក្ខណៈ (Social Psychological and Personality Science)។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
វិធីសង្គ្រោះជីវិតបន្ទាន់ នៅពេលជួបគ្រោះថ្នាក់ រថយន្ដធ្លាក់ចូលទឹកជ្រៅ
៦យ៉ាង ធ្វើឱ្យមិត្តប្រុសឈ្លក់វង្វង បាក់ចិត្តស្រលាញ់ ដកចិត្តបាន
ពេលវេលាដែលស្ដ្រី មានអារម្មណ៍ផ្លូវភេទ
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail