មុខឡើងក្រហមនៅពេលញ៉ាំស្រា ឬស្រាបៀរ គឺជាប្រតិកម្មមួយដែលកើតមាននៅលើមនុស្សជាច្រើន ប៉ុន្ដែយោងតាមក្រុមអ្នកឯកទេសមកពីសកលវិទ្យាល័យជាតិ Chungnam របស់កូរ៉េខាងត្បូង រកឃើញថា វាអាចជាសញ្ញាព្រមានអំពីហានិភ័យនៃការរីកចម្រើនរបស់ជម្ងឺសម្ពាធឈាមខ្ពស់។
រូប ៖ Livescience
ក្រុមអ្នកស្រាវជ្រាវ បានពិសោធអំពីហានិភ័យនៃជម្ងឺសម្ពាធឈាមខ្ពស់ នៅលើបុរសជនជាតិកូរ៉េខាងត្បូង ចំនួន១,៧៦៣នាក់ ក្នុងនោះ មាន ៥២៧នាក់ ជាមនុស្សតែងតែក្រហមមុខនៅពេលញ៉ាំស្រា និង ៩៤៨នាក់ មិនមានប្ដូរពណ៌មុខ និង ២៨៨នាក់ មិនប្រើស្រា បៀរ។ លទ្ធផលបានបង្ហាញថា បណ្ដាមនុស្សដែលក្រហមមុខ ញ៉ាំស្រា ៤កែវ/សប្ដាហ៍ គឺប្រឈមនឹងការឡើងសម្ពាធឈាម ច្រើនជាងពីរដង ធៀបនឹងមនុស្សដែលមិនញ៉ាំស្រា ខណៈដែលហានិភ័យនេះ កើតឡើងចំពោះមនុស្សមិនក្រហមមុខ នៅពេលពួកគេញ៉ាំស្រាច្រើនជាង ៨កែវ/សប្ដាហ៍ ។ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា មូលហេតុដែលនាំឱ្យសម្ពាធឈាមឡើងខ្ពស់ ទាក់ទិនទៅនឹងជាតិអាកុល និងការប្រែប្រួលនៃទឹកមុខ អាចបណ្ដាលមកពីការប្រមូលផ្ដុំនៃសារធាតុ Acetaldehyd ដែលជាជាតិពុលបង្កើតឡើងដោយស្រា នៅពេលវាត្រូវបានដុតបំផ្លាញក្នុងថ្លើម។ ផលអាក្រក់របស់ Acetaldehyd គឺអាចបណ្ដាលឱ្យសរសៃឈាមក្រោមស្បែកត្រូវយារ ធ្វើឱ្យចរន្ធឈាមដែលហូរទៅកាន់បេះដូងថយចុះ ដូច្នេះរាងកាយត្រូវតែប្រឹង “ប៉ះប៉ូវ” ឈាមដែលខ្វះនោះ ដោយការបញ្ចេញអ័រម៉ូននានា នាំឱ្យសម្ពាធឈាមឡើង។ជាមួយនឹងការរកឃើញខាងលើនេះ ក្រុមអ្នកស្រាវជ្រាវព្រមានដល់បណ្ដាមនុស្សដែលតែងមានមុខឡើងក្រហមនៅពេលញ៉ាំស្រា គួរតែប្រុងប្រយ័ត្ន និងកាត់បន្ថយការញ៉ាំស្រា មុនពេលវាក្លាយជាជម្ងឺ។
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Livescience