បេក្ខនារីដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង នៅ អ៊ីរ៉ង់ ត្រូវបានគេបដិសេធលទ្ធផលឆ្នោតរបស់នាង ដោយសារតែនាងមានសម្រស់ទាក់ទាញខ្លាំងពេក បើទោះជាទទួលបានសម្លេងគាំទ្រគ្រប់គ្រាន់។

/Nina Siahkali Moradi ត្រូវគេជឿថា ភាពស្រស់ស្អាតរបស់នាង បាននាំឱ្យគេដកបេក្ខភាពរបស់នាង

ទំព័រ Independent បានរាយការណ៍ថា នាង Nina Siahkali Moradi អាយុ ២៧ឆ្នាំ បានបញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្ម ទទួលបានសម្លេងឆ្នោតគាំទ្រ ១០,០០០ សម្លេង នៅក្នុងការបោះឆ្នោតរបស់ក្រុង Qazvin ប្រទេសអ៊ីរ៉ង់។ បន្ទាប់ពីជាប់ឆ្នោត នាងត្រូវបានគេដាក់ក្នុងលេខរៀងទី ១៤ ក្នុងចំណោមបេក្ខភាព ១៦៣នាក់ដែលបានចូលរួមប្រកួតប្រជែង។យោងតាមច្បាប់របស់​អ៊ីរ៉ង់  ក្រុមប្រឹក្សាក្រុងនឹងទទួលយកមនុស្សចំនួន ១៣ រូបដំបូងក្នុងបញ្ជីឈ្មោះ  ចំណែកអ្នកជាប់ឆ្នោតទី ១៤  គឺត្រូវដាក់ជាសមាជិកបម្រុងទីមួយ  ប៉ុន្ដែ នៅពេលចៅហ្វាយក្រុងបានឡើងកាន់កាប់តំណែង នាង Moradi ក៏ត្រូវបានដកហូត។មន្ដ្រីជាន់ខ្ពស់ម្នាក់របស់ Qazvin បានប្រាប់ទំព័រ Times ថា “យើងមិនចង់ឱ្យក្រុមប្រឹក្សាក្រុង ក្លាយជាទីលានបង្ហាញម៉ូដនោះទេ” ។ចលនាសិទ្ធិមនុស្សអន្ដរជាតិ នៅអ៊ីរ៉ង់ បានឱ្យដឹងថា ការបញ្ចប់សមាជិកភាពរបស់នាង Moradi គឺដោយសារនាង “មិនគោរពតាមច្បាប់របស់សាសនាអ៊ីស្លាម” ហើយរូបថតរបស់នាងនៅពេលឃោសនាបោះឆ្នោត គឺជាមូលហេតុដែលនាំឱ្យក្រុមបដិបក្សដែលជាអ្នកអភិរក្សនិយម លើកយកមកបដិសេធ។នាង Moradi បានថ្លែងប្រាប់កាសែតក្នុងស្រុកថា ៖ “មនុស្សជិត ១០,០០០នាក់ បានបោះឆ្នោតឱ្យខ្ញុំ ហើយតាមរយៈនេះ នាងខ្ញុំត្រូវតែក្លាយជាសមាជិកបម្រុងទីមួយរបស់ក្រុមប្រឹក្សាក្រុង” ។មកដល់ពេលនេះ ការសម្រេចចិត្តមិនទទួលស្គាល់ខាងលើ កំពុងត្រូវបានពិចារណាឡើងវិញ ដោយសារតែការមិនទទួលស្គាល់លទ្ធផលឆ្នោតរបស់បេក្ខភាពដូចករណី Moradi គឺជារឿងមិនស្របច្បាប់។

បញ្ហាខាងលើនេះ ត្រូវបានគេមើលឃើញថា ជាវិញ្ញាសារសម្រាប់ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ គឺលោក Hassan Rowhani ដែលធ្លាប់បានអំពាវនាវឱ្យមានការតស៊ូដើម្បីសិទ្ធិស្ដ្រី។លោក Hassan Rowhani ធ្លាប់បានប្រកាស នៅពេលឃោសនារកសម្លេងឆ្នោតថា ៖ “ស្ដ្រីបានបូជាកម្លាំងកាយចិត្ដ ប៉ុន្ដែមិនទទួលបានសិទ្ធិស្មើគ្នា។ ខ្ញុំនឹងបង្កើតក្រសួងមួយដែលទទួលខុសត្រូវអំពីបញ្ហាស្ដ្រី ហើយប្រគល់សេរីភាពដល់ពួកគេ” ៕

ដោយ ៖ តារាប្រភព ៖ news.ninemsn