ក្រុងញូវយ៉ក: លោក Hilton ជាប្តីរបស់រាជិនីសម្រស់ប្រចាំកម្មវិធី Idaho បានរកឃើញឧបទ្ទវហេតុដ៏គួរឲ្យរន្ធត់ព្រឺព្រួចកើតឡើងលើប្រពន្ធលោក គឺនាង Jamie Hilton នាពេលរអិលដួលផ្ងារក្រោយក្បាលបោកនឹងផ្ទាំងថ្មនៃច្រាំងទន្លេមួយ។ ទិដ្ឋភាពនោះបានធ្វើឲ្យរូបលោកជាស្វាមីភ័យតក់ស្លុតញ័រអស់ប្រាណ។

លោក Hilton និយាយថា៖ « ខ្ញុំបានស្រែកហៅឈ្មោះនាងម្តងហើយម្តងទៀត យ៉ាងញ័រមាត់តែម្ដង ហើយខ្ញុំក៏ស្ទុះលោតទៅត្រកងនាងភ្លាម»។គូស្នេហ៍នេះកំពុងតែនាំគ្នាស្ទូចត្រីលេងកម្សាន្តនៅតំបន់ព្រំដែនរដ្ឋអាយដាហូ និងរដ្ឋអ័ររីហ្គេន សហរដ្ឋអាមេរិក ដែលស្ថិតនៅឆ្ងាយពីផ្លូវគោក ជាហេតុពិបាកនឹងរកអ្នកជួយសង្គ្រោះ។ ទីបំផុតលោកក៏រកបានទូកមួយដឹកភរិយាមុននឹងបន្តជិះឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ សែនអាល់ផូណុស ក្នុងទីក្រុង ប័រស៍ ដែលចំណាយពេលដល់ទៅបីម៉ោងឯណោះទើបបានមកដល់កន្លែងព្យាបាល។

គួររំឮកផងដែរថា ពេលមកដល់មន្ទីរពេទ្យ ក្រុមវេជ្ជបណ្ឌិតបានប្រាប់លោក Hilton ថាស្ថានភាពជំងឺរបស់ប្រពន្ធលោកមានសង្ឃឹមរស់តែ ៥០ ភាគរយប៉ុណ្ណោះ ។ ជាពិសេស ខួរក្បាលរងការប៉ះទង្គិចធ្ងន់ធ្ងរដែលវាអាចរីកមាឌ។ ដូច្នេះ លោកចាំបាច់ត្រូវកាត់យកឆ្អឹងលលាដ៍ក្បាលនាងមួយផ្នែកចេញ ក្រុមវេជ្ជបណ្ឌិត បានសម្រេចយកបំណែកឆ្អឹងលលាដ៍ក្បាលនោះ យកទៅរក្សាទុកនៅក្នុងពោះរបស់នាងអស់រយៈពេល៤២ ថ្ងៃ ដើម្បីឲ្យសំណុំខួរក្បាលសះស្បើយឡើងវិញទើបដកយកបំណែកឆ្អឹងលលាដ៍ក្បាលពីក្នុងពោះមកភ្ជាប់នឹងគ្រោងឆ្អឹង ក្បាលទាំងមូល។

លើសពីនេះទៅទៀត របាយការណ៍ដដែល បានបន្ថែមអោយដឹងផងដែរថា គ្រោះថ្នាក់កើតឡើងនោះនៅក្នុងខែមិថុនា ។ បច្ចុប្បន្នអតីតរាជិនីសម្រស់រូបនេះ ស្ទើរតែមិនអាចចងចាំហេតុការណ៍ ដែលសឹងតែឆក់យកជីវិតនាង ។ បវរកញ្ញាប្រចាំរដ្ឋ អាយដាហូឆ្នាំ ២០០៩ រូបនេះបានប្រាប់ថា ៖ «ពេលខ្ញុំដឹងខ្លួនឡើង ស្រាប់តែឃើញមានសមាជិកក្រុមគ្រួសារ និងប្តីនៅក្នុងបន្ទប់តែម្តង។ ពួកគេរំភើបខ្លាំងណាស់ដែលឃើញខ្ញុំបើកភ្នែកដឹងខ្លួនឡើងវិញ » ។ តែក្រោយមកនាងក៏បានសម្លឹងមើលទៅស្នាមកំពកប៉ោងលើក្បាលពោះរបស់នាង ដែលជាទីវេជ្ជបណ្ឌិត បានវះកាត់ដើម្បីរក្សាបំណែកឆ្អឹងលលាដ៍ក្បាល រង់ចាំដល់ថ្ងៃតភ្ជាប់នឹងឆ្អឹងក្បាលវិញ។

វេជ្ជបណ្ឌិត ថូម៉ាស ម៉ាននីង ដែលបានព្យាបាលឲ្យនាងបានពន្យល់ថា ៖ « រាងកាយអ្នកជំងឺគឺជាកន្លែង អាចរក្សាឆ្អឹងលលាដ៍ក្បាលនេះបានល្អ ប្រសើរ ។ បន្ទាប់ពីជាសះស្បើយ យើងនឹងវះយកវាមកតភ្ជាប់កន្លែងដើមវិញ» ។ ៤២ថ្ងៃក្រោយ វេជ្ជបណ្ឌិតក៏បានដកយកបំណែកឆ្អឹងលលាដ៍ក្បាលពីក្នុងពោះ មកតភ្ជាប់នឹងឆ្អឹងក្បាលដូចការសន្យា។ ករណី វះកាត់ដ៏ចម្លែកនេះក៏ធ្លាប់ត្រូវបានអនុវត្តជាមួយលោកពិធីករ បុប វូត្រាហ្វ ពេលរងរបួសពីសង្គ្រាមឯប្រទេសអ៊ីរ៉ាក់ផងដែរ។
ទោះបីជាពេលឥឡូវ សុខភាពរបស់នាង ចាមី បានសះស្បើយលឿនក៏ពិតមែន ប៉ុន្តែនាងនៅមិនទាន់អស់អារម្មណ៍ភិតភ័យឡើយ ដោយនាងថ្លែងថា៖ « បានរួចជីវិតពីទ្វារយមរាជមកវិញ ពិតជារឿងមួយដ៏អស្ចារ្យណាស់សម្រាប់រូបខ្ញុំ និងក្រុមគ្រួសារ» ៕
ដោយ ៖ ពិសីប្រភព ៖ Dailymail