ប្រហែលជាមានទស្សនិកជន តិចតួចណាស់ដែលស្គាល់ក្រុមចំរៀង មួយនេះ ព្រោះវិស័យចំរៀងរបស់ជប៉ុននៅកម្ពុជា មិនសូវជាល្បីនៅឡើយ តែក្រុមចំរៀងបុរសមួយនេះ ពិតជាល្បីខ្លាំងណាស់នៅ ជប៉ុន ដែលគេអាចហៅថា ស្តេចនៃក្រុមចំរៀងបុរស ដែលមានសមាជិក ៥នាក់ ។
ថ្មីៗនេះ រូប Poster របស់ក្រុម Arashi ត្រូវបានគេដាក់ បង្ហាញនៅចំណតរថភ្លើងក្រោមដីនៅShinjuku ទីក្រុងតូក្យូ ប្រទេសជប៉ុន ។ រូប Poster នោះបានទាក់ទាញទស្សនិកជន និង អ្នកគាំទ្ររបស់ក្រុម Arashi ជាច្រើនចោមរោមមើល និង ថតរូប ។ អ្វីដែលភ្ញាក់ផ្អើលនោះគឺ មានអ្នកគាំទ្រមួយចំនួន ទៅគោរពក្រាបផ្ទាល់នឹងដី ដូចកំពុងគោរពព្រះជាម្ចាស់អញ្ចឹង ដោយមិនខ្វល់ពីភ្នែក និង កាំម៉េរាជាច្រើន ដែលកំពុងតែតំរង់ទៅរកពួកគេឡើយ ។
ការក្រាបគោរពនេះ នៅជប៉ុនគេធ្វើទៅកាន់ សំរាប់តែអ្នកដែលមានឋានៈខ្ពង់ខ្ពស់ ដើម្បីគោរពនិង សុំទោសប៉ុណ្ណោះ ។ នេះបញ្ជាក់អោយឃើញថា អ្នកគាំទ្រទាំងនេះ ចាត់ទុក Arashi ដូចជាព្រះរបស់ពួកគេអញ្ចឹង ។ បន្ទាប់ពីរូបថត ដែលពួកគេក្រាបគោរព Arashi នោះត្រូវបានដាក់ចូលក្នុងអ៊ីនធើណេតរួចមក រូបថតក្រាបគោរពក្រុម Arashi ជាច្រើនកន្លែងទៀត ក៏ត្រូវបានគេដាក់ចូលអ៊ីនធើណេតផងដែរ ៕






ដោយ ៖ លីលីប្រភព ៖ kotaku