ភ្នំពេញៈ តារាចម្រៀងចំណូលថ្មី របស់ផលិតកម្ម អ៊ឹម កញ្ញា ង៉ែត លីតា ហៅ អេណា បានបង្ហើបប្រាប់ឲ្យដឹងថា ពេលនេះម្ចាស់ ផលិតកម្ម បានផ្តល់ឱកាសឲ្យនាង ចេញថតបទចម្រៀង កាយវិការខារ៉ាអូខេ និងត្រៀមចេញលក់ នៅលើទីផ្សារក្នុងពេលឆាប់ៗ ខាងមុខនេះ។
កញ្ញា អេណា បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹង ថា នាងកំពុងមមាញឹក ជាមួយការងារច្រើន ព្រោះពេលនេះនាងត្រូវចេញថតចម្រៀង កាយវិការខារ៉ាអូខេ បទចម្រៀងថ្មីៗរបស់នាង ជាបន្តបន្ទាប់ នៅក្នុងផលិតកម្ម អ៊ឹម ។
តារាចម្រៀងរូបស្រស់ ភ្នែកកូនកាត់ចិនរូបនេះ បានប្រាប់ឲ្យដឹងទៀតថា ពេលនេះ ខ្ញុំកំពុងតែមមាញឹក ក្នុងការថត MV បទចម្រៀង១បទ គឺបទ បងយំ ឬសើចសុទ្ធតែមានចំណែកអូន ជាបទថ្មីរបស់ខ្ញុំផ្ទាល់ ។ នេះជាលើកទី១ ហើយដែលខ្ញុំមានឱកាស បានថតបទចម្រៀងផ្ទាល់ខ្លួន និងសម្តែងដោយខ្លួនឯង គឺមានអារម្មណ៍រំភើបខ្លាំងណាស់ព្រោះថា នេះជាពន្លកនៃក្តីសង្ឃឹម របស់ខ្ញុំ ក្នុងការសាងភាពល្បីល្បាញ និងធ្វើឲ្យទស្សនិកជនស្គាល់ខ្ញុំ កាន់តែច្រើនជាងមុន។
ជាមួយគ្នានោះដែរ តារាចម្រៀងក្នុងផលិតកម្ម អ៊ឹម ទើបបញ្ចេញសំនៀងថ្មីរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្រោយពីនាងថតបញ្ចប់ MV បទនេះ នាងប្រហែលជាមានគម្រោង ក្នុងការថតបទចម្រៀងបន្តបន្ទាប់ទៀត។ នាងក៏រំពឹងថា នឹងធ្វើឲ្យទស្សិកជនស្គាល់កាន់តែច្រើន ហើយសន្ទុះកេរ្តិ៏ឈ្មោះរបស់នាង ក៏អាចនឹងឡើងកូដមិនចាញ់ តារាចម្រៀងដ៏ទៃទៀតដែរ។ អេណា នឹងខំប្រឹងអស់ពីសមត្ថភាព ដើម្បីឈោងចាប់ភាពល្បីល្បាញ មិនឲ្យបាត់បង់ឱកាសនេះទេ ៕







ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល