ភ្នំពេញ៖ អតីតអ្នកចម្រៀងសំឡេងរ៉ៃកណ្តឹង ពៅ បញ្ញាពេជ្រ ដែល ត្រូវបានឃាតកមិនស្គាល់មុខបាញ់ប្រហារទៅលើរូបនាង កាលពីឆ្នាំ២០០៧ ធ្វើឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរកន្លងទៅនោះ រហូតមកដល់ពេលនេះ នាងមានសង្ឃឹមជាសះស្បើយច្រើន ទាំងកាយសម្បទា និងសុខភាព ដែលពេលនេះ នាងអាចលេងអិនធឺណិតបានដែលអាចឆ្លងឆ្លើយជាមួយមិត្តភក្តិ នៅតាមហ្វេសប៊ុកទៀតផង ខណៈកំពុងដេកសម្រាកព្យាបាលនៅប្រទេសថៃ។

បើទោះបីជាពេលនេះ ស្ថានភាព ពៅ បញ្ញាពេជ្រ នៅតែជិះលើរទេះរុញ មិនទាន់អាចដើររួចនៅឡើយ ប៉ុន្តែអាការរបួសរបស់នាងមានសង្ឃឹមជាសះស្បើយច្រើនហើយ ដោយអាចអង្គុយលេងអ៊ិនធឺណេតបាន ដែលអាចឆ្លើយឆ្លងជាមួយមិត្តភក្តិ នៅតាមហ្វេសប៊ុក ពិសេសមិត្តភក្តិ ដែលជាតារាសិល្បៈនៅស្រុកខ្មែរ ។ ពៅ បញ្ញាពេជ្រ បានសរសេរលើហ្វេសប៊ុករបស់នាងថា នាងមានសុខភាពល្អធម្មតាទេ ប៉ុន្តែរបួសនាងអាចធ្វើទុកម្តងម្កាលនៅពេលអាកាសធាតុត្រជាក់ ។ នៅលើហ្វេសប៊ុក ពៅ បញ្ញាពេជ្រ បានប្រាប់ថា សព្វថ្ងៃនាងកំពុងរៀនភាសាថៃចេះបានខ្លះៗហើយ ។
កាលពីពេលថ្មីៗ កន្លងទៅបងស្រី ពៅ បញ្ញាពេជ្រ គឺ អ្នកស្រី ពៅ ច័ន្ទសុធារី ក៏ធ្លាប់បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា កាលពីពេលថ្មីៗនេះ គាត់បានដឹងព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយពីប្រទេសចិនថា នៅទីក្រុងប៉េកាំង មានមន្ទីរពេទ្យមួយ អាចព្យាបាលជំងឺខួរឆ្អឹងនេះបានហើយនេះ ក៏ជាក្តីសង្ឃឹមមួយដែលអាចឲ្យ ពៅ បញ្ញាពេជ្រ ជាសះស្បើយបាន និងក្លាយជាមនុស្សថ្មីម្នាក់ ដែលអាចរួចផុតពីស្ថានភាពដូចសព្វថ្ងៃនេះ ដែលនាងបានត្រឹមតែជិះលើរទេះរុញប៉ុណ្ណោះ។ អ្នកស្រី ច័ន្ទសុធារី បន្តថា បញ្ហាចំពោះមុខដែលត្រូវដោះស្រាយនោះ គឺបញ្ហាថវិកា ព្រោះថ្នាំដែលគេអាចចាក់បង្កើតកោសិកាខួរឆ្អឹងបាននោះ វាមានតម្លៃថ្លៃណាស់ គឺមួយម្ជុលតម្លៃ ៣៥ ០០០ដុល្លារអាមេរិកឯណោះ។

អ្នកស្រីបាននិយាយថា៖«ការព្យាបាលនេះ ត្រូវចំណាយប្រាក់ច្រើនណាស់នេះជាបញ្ហាព្រោះយើងមិនដឹងត្រូវចាក់អស់ប៉ុន្មាន នោះទេ»។ សូមធ្វើការអំពាវនាវចំពោះទស្សនិកជន និងសប្បុរសជនទាំងក្នុង និងក្រៅប្រទេស សូមមេត្តាចូលរួមជាវិភាគទាន ដើម្បីជួយរំលែក និងសម្រាលទុក្ខសម្រាប់ការព្យាបាលតារាចម្រៀងអភ័ព្វ រូបនេះ តាមសទ្ធា និងតាមការគួរផងចុះ។
គួររំលឹកថា អតីតអ្នកចម្រៀងកញ្ញា ពៅ បញ្ញាពេជ្រ បន្ទាប់ពីនាងបានចូលប្រឡូកនៅក្នុងវិស័យសិល្បៈអ្នកចម្រៀងរយៈពេល៧ឆ្នាំ ធ្វើឱ្យនាងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយទស្សនិកជនតែងគាំទ្រដល់តារាចម្រៀងស្រគត់ស្រគំ ដែលមានសំឡេងស្រួយស្រេះរូបនេះ ប៉ុន្តែជាអកុសលនាងត្រូវបានខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណបាញ់ប្រហារទៅលើរូបនាងយ៉ាងសាហាវ កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០០៧ នៅវេលាម៉ោង៦ និង២០នាទីព្រឹក មុខសាលាឡែត ក្បែររបងក្រសួងឧស្សាហកម្មរ៉ែ និងថាមពល បណ្ដាលឲ្យតារា រូបនេះទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ។ ក្រោយទទួលរងការបាញ់ប្រហារនេះពៅ បញ្ញាពេជ្រ ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម បន្ទាប់មកបានបញ្ជូនបន្តទៅកាន់ប្រទេសថៃ ហើយសំងំព្យាបាលនៅទីនោះ ដែលមកទល់នឹងពេលនេះ នាងបានក្លាយជាជនពិការដេក នៅលើគ្រែចំនួន៥ឆ្នាំទៅហើយ ទើបតែពេលនេះទេ ដែលសញ្ញាវិជ្ជមាន ដែលនាងបានប្រាប់អាការៈរបស់នាង នៅតាមបណ្តាញសង្គម ដែលហៅថាហ្វេសប៊ុកនោះថា ស្ថានភាពរបស់នាងបានសះស្បើយច្រើនហើយ បើទោះជានៅមិនទាន់អាចដើរបានក៏ដោយ ប៉ុន្តែនាងអាចអង្គុយលេងអ៊ិនធឺណេតបាន ដើម្បីកែអផ្សុក៕
ដោយ ៖ ពិសីប្រភព ៖ សារព័ត៌មានក្នុងស្រុក ksmc